កងកម្លាំងបីប្រទេសត្រៀមសហការធ្វើលំហាត់សង្គ្រោះគ្រោះមហន្តរាយរួមគ្នាលើកដំបូង (Video Inside)
លំហាត់សង្គ្រោះគ្រោះមហន្តរាយដោយកងទ័ព៣ប្រទេសកម្ពុជា, វៀតណាម និងឡាវ រយៈពេល៧ថ្ងៃ លើទឹកដីឡាវ គ្រោងនឹងប្រព្រឹត្តទៅក្នុងខែកញ្ញានេះហើយ។
លំហាត់ជួយសង្គ្រោះគ្រោះមហន្តរាយរួមគ្នារវាងកងទ័ពនៃប្រទេសទាំង៣ប្រទេសនេះ មាន រវាងពីថ្ងៃទី៩ដល់ថ្ងៃទី១៦ខែ កញ្ញា ឆ្នាំ២០២២។ អគ្គមេបញ្ជាការរង និងជានាយសេនាធិការ ចម្រុះនៃកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ ឥត សារ៉ាត ក្នុងឱកាសចុះពិនិត្យកង កម្លាំងដែលត្រូវចូលរួម និងការត្រៀមសម្ភារៈនានាដើម្បីដឹកជញ្ជូនទៅកាន់ប្រទេសឡាវ បាន ប្រាប់បណ្តាញសារព័ត៌មានថ្ងៃនេះ។
ភាពប្រែប្រួលនៃកត្តាអាកាសធាតុពិភពលោកបានធ្វើឱ្យមានតំបន់ខ្លះរងការធ្លាក់ភ្លៀង និងខ្យល់ព្យុះខណៈតំបន់ខ្លះទៀត បានរងនឹងរលកកម្តៅ។ ក្នុងប្រទេសប៉ាគីស្ថាន, ព្រឹត្តិការណ៍ ព្យុះភ្លៀងនាំទឹកជំនន់នាវេលាចុងក្រោយនេះ បានសម្លាប់មនុស្សប្រមាណ១ពាន់នាក់ ប៉ុន្តែនៅ ក្នុងប្រទេសចិននោះវិញ ស្ទើរតែពាក់កណ្តាលប្រទេសបែរជារងនឹងរលកកម្តៅទៅវិញ។
នៅក្នុងប្រទេសកម្ពុជាគ្រោះធម្មជាតិទាំងការជួបរលកកម្តៅ និងជំនន់លិចដោយទឹកភ្លៀង ត្រូវកម្ពុជាបានជួបប្រទះរួចមកហើយ ដែលកត្តានេះបានជំរុញឱ្យកម្ពុជាត្រូវពង្រឹងសមត្ថភាពក្រុម ជួយសង្គ្រោះបន្ថែមទៀត។ នាយឧត្តមសេនីយ៍ ឥត សារ៉ាត បានថ្លែងថា ក្នុងលំហាត់សង្គ្រោះគ្រោះមហន្តរាយប៉ុន្មានថ្ងៃខាងមុខទៀតនេះ, កម្ពុជានឹងហ្វឹកហ្វឺននូវរបៀប៥ផ្សេងគ្នា។
លំហាត់សង្គ្រោះគ្រោះមហន្តរាយដោយកងទ័ព៣ប្រទេសកម្ពុជា, វៀតណាម និងឡាវ ដែលបានធ្វើរួមគ្នានេះ គឺជាលើកដំបូងហើយ។ លំហាត់សង្គ្រោះនេះ ត្រូវគេចាត់ទុកថាមានប្រការ ដែលសារៈប្រយោជន៍ជាខ្លាំង និងឆ្លើយតបចំពោះស្ថានការណ៍ដែលពិភពលោកកំពុងតែប្រឈមនឹងវិបត្តិអាកាសធាតុប្រែប្រួលដោយសារតែទង្វើរបស់មនុស្សប្រព្រឹត្តនៅលើភពផែនដី។