គណបក្សប្រជាជនកម្ពុជា មិន​យល់​ស្រប​ដែល​បក្ស​ក្រៅ​រដ្ឋាភិបាល​ចង់​ឲ្យ​ឃើញ​ការ​កំណត់​លក្ខខណ្ឌ​ការ​ប្រើប្រាស់​ថវិកា​របសបក្ស​នយោបាយ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖អ្នកនាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជាឯកឧត្តម សុខ ឥសាន នៅ​ថ្ងៃ​ទី​៣ ខែកញ្ញាឆ្នាំ២០២២បាន​ចាត់ទុកថា វាជា​រឿង​មិន​ត្រឹម​ត្រូវដែលតំណាង​គណបក្ស​ក្រៅ​រដ្ឋាភិបាល ចង់ឲ្យមាន​ការ​កំណត់​លក្ខខណ្ឌ​នៃ​ការ​ប្រើប្រាស់​ថវិកា​របស់​គណបក្ស​នយោបាយ ​អំឡុង​ពេល​ឃោសនា​បោះឆ្នោត ​នៅ​ក្នុង​ច្បាប់​ស្ដី​ពី​ការ​បោះ​ឆ្នោត។

ប្រតិកម្ម​របស់​អ្នក​នាំ​ពាក្យ​បក្ស​កាន់​អំណាច​រូបនេះ ​ធ្វើឡើង​បន្ទាប់ពី​សម្ព័ន្ធ​គណបក្ស​ក្រៅរ​ដ្ឋាភិបាល​តាមរយៈ​សន្និសីទ​កាសែត​នៅ​ថ្ងៃ​ទី​២ខែកញ្ញា ចង់​ឃើញ​ការ​កំណត់​លក្ខខណ្ឌ​នៃ​ការ​ប្រើប្រាស់​ថវិការបស់​គណបក្ស​នយោបាយ​អំឡុង​ពេល​ឃោសននា​បោះឆ្នោត នៅ​ក្នុង​ច្បាប់​ស្ដី​ពី​ការ​បោះឆ្នោត។ ធ្វើ​បែបនេះ​ដើម្បី​តម្លា​ភាព និង​គោលការណ៍​ស្មើភាព​រវាង​គណបក្ស​នយោបាយ។ តំណាងគណបក្ស​នយោបាយចំនួន៤ រួមមាន៖ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន គណបក្ស​កែទម្រង់​កម្ពុជា គណបក្ស​ភ្លើងទៀន និងគណបក្ស​ឆន្ទៈខ្មែរ បាន​ដាក់​​សំណើ​នេះ នៅ​លេខរៀងទី១០ ​ក្នុង​ចំណោម​សំណើ​ទាំង១៦ចំណុច ​ដែល​ស្នើ​ទៅ គ.ជ.ប ​ក្នុង​ជំនួប​កាល​ពីថ្ងៃទី​៣១​សីហា។

ឯកឧត្តម សុខ ឥសាន ឆ្លើយតបថា៖ «បើចង់ទាមទារ គឺទាមទារ​បែប​នេះ​ទំនង​ជាង​។ គឺ​សុំ​ឲ្យ​រដ្ឋជា​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​គណបក្ស​ណា​ដែល​បាន​ចុះ​បញ្ជី​នៅ គ.ជ.ប ក្នុង​ការ​ប្រកួត​ប្រជែង។ ហើយរដ្ឋ​ត្រូវផ្ដល់​ថវិកា​ស្មើៗ​គ្នា​គ្រ​ប់គណបក្ស​នយោបាយ។ បើធ្វើ​បែប​ហ្នឹងទើបបាន។»

តែយ៉ាងណាមិញ លោក គង់ មុនិកា ប្រធាន​គណបក្ស​ឆន្ទៈខ្មែរ​ថ្លែងថា៖ «នៅ​ក្នុង​នីតិវិធី​ឬ​ច្បាប់​ គួរតែ​កំណត់​លក្ខខណ្ឌ​នៃ​ការ​ប្រើប្រាស់​ថវិកា​ថា តើ​គណបក្ស​នយោបាយ​នីមួយៗ​មាន​សិទ្ធិ​ប្រើប្រាស់​ថវិកាប៉ុន្មាន? តើ​អាច​ទទួល​បាន​លុយ​ឧបត្ថម្ភ​ពី​ឧកញ៉ា ​ឬ​អ្នកមានណា​មួយ​ ក្នុង​ទំហំប៉ុ​ន្មាន? មិនមែន​ចេះ​តែ​ជួយរាប់លាន​ស្រេច​ចិត្ត​បានទេ ​គឺ​ត្រូវ​មានកា​រ​កំណត់។»

ប្រភព​ថវិកា​របស់​គណបក្ស​ប្រជាជនកម្ពុជា​ ឯកឧត្តម សុខ ឥសាន គូសបញ្ជាក់ថា ​ទទួល​បាន​ពីអ្នក​គាំទ្រ។ «អ្នក​គាំទ្រគណបក្ស​ប្រជាជន​កម្ពុជាមាន​ជាង​៦លាននាក់​ជាង​ហើយ។ បើគ្រាន់​តែ​ចូល​ម្នាក់មួយ​ដុល្លារ​ហ្នឹង​វា​បាន​ប្រាំមួយលានបាត់​ទៅ​ហើយ។ វាខុស​គ្នា​អ៊ីចឹង!។»

អ្នកនយោបាយ​វ័យក្មេង​ លោក គង់ មុនិកា ក៏បាន​រិះគន់​ការ​ឃោសនា​របស់​គណបក្ស​នយោបាយ​មួយចំនួន​នា​ពេល​កន្លង​មក​ថា បាន​បង្កការ​រំខាន​និង​ប៉ះពាល់ដ​ល់ជីវភាព​រស់​នៅ​ប្រចាំថ្ងៃ​របស់​ពលរដ្ឋ។

លោក គង់ មុនិកា៖ «យើង​ឃើញ​ហើយ​ បោះឆ្នោត​ម្ដងៗ ការ​ឃោសនា​របស់​គណបក្ស​យោបាយ​មាន​ទំហំ​ខុស​គ្នា​ឆ្ងាយណាស់។ ជាក់ស្ដែង​គណបក្ស​កាន់​អំណាច​មាន​លុយ​ច្រើន ​ប្រមូល​មនុស្ស​មក​កក​ស្ទះពេញ​ទីក្រុង ពេញខេត្ត ទីប្រជុំជន។ ចាយ​លុយក្នុងការ​ឃោសនា ​ហើយ​មិន​ដឹង​ថា លុយ​នោះ​មាន​តម្លាភាព​កម្រិត​ណា? ចំណែក​គណបក្ស​ណាគ្មា​នថវិ​កា​ធ្វើ​ទៅ​តាម​លទ្ធភាព​សអ៊ីចឹងទៅ!»

បើតាមឯកឧត្តម សុខ ឥសាន គណបក្ស​ថ្មីៗ​ដែល​យក​ខ្លួន​មក​ធៀប​ជាមួយ​គណបក្ស​ប្រជាជន​ដែល​ជា​បក្សចាស់​វស្សា គឺជា​រឿង​មិន​សម​ទំនង​ទាល់​តែ​សោះ ព្រោះ​គណបក្ស​លោក​មាន​អ្នកគាំ​ច្រើន និង​​យូរ​ឆ្នាំ​មក​ហើយ​ ហើយ​ក៏គណបក្ស​ទៀត​សោត ក៏មា​ន​របៀបចាត់​ចែង​ថវិកា​និង​ស្វែង​រក​ប្រភព​ថវិកា​ដែរ។

ទោះជាបែបនេះ​ក្ដី តំណាង​ឲ្យ​គណបក្ស​នយោបាយ​បីផ្សេង​ទៀត លោក គង់ មុនិកា ចង់​ឃើញ​ការចំណាយ​លើ​យុទ្ធនាការ​ឃោសនាបោះ​ឆ្នោត ធ្វើឡើង​ដោយស្មើភាព យុត្តិធម៌ និង​ ត្រឹមត្រូវ​ ដូច​ដំណើរ​ការ​បោះឆ្នោតដែរ បើ​ពុំដូច្នោះ​ទេ​រក​ភាព​ស្មើគ្នា​មិន​ឃើញ​ទេ។

សូមជម្រាបជូនថា មាត្រា​២៨​នៃច្បា​ប់​ស្ដី​ពី​គណបក្ស​នយោបាយ​បាន​ចែង​ថា រដ្ឋ​អាច​ផ្ដល់​ប្រាក់​ពី​ថវិកាជាតិ​ស្មើៗ​គ្នា​ដល់​គ្រប់​គណបក្ស​នយោបាយ​ សម្រាប់​ប្រើប្រាស់​តែ​ក្នុង​យុទ្ធការ​បោះឆ្នោត​ជ្រើសតាំងតំណាង​រាស្ត្រ។ ប៉ុន្តែ​គណបក្ស​នយោបាយណា​ដែល​មិន​ទទួល​បាន​សន្លឹក​ឆ្នោតគាំទ្រ​៣ភាគរយ​នៃសន្លឹក​បាន​ការ​សរុប​នៅ​ទូទាំង​ប្រទេស ​ឬ​មិន​ទទួល​បាន​អាសនៈ​មួយ​ក្នុង​រដ្ឋសភា ត្រូវ​សង​ប្រាក់​នោះ​គ្រប់ចំនួន​ទៅ​រដ្ឋ​វិញ​ក្នុង​រយៈ​ពេល៣​ខែ​យ៉ាង​យូរ ​ចាប់​ពី​ថ្ងៃ​ប្រកាស​លទ្ធផល​ជា​ស្ថាពរ​នៃ​ការ​បោះឆ្នោត។

ដោយឡែក​សម្រាប់​ប្រភព​ចំណូល​របស់​គណបក្ស​នយោបាយ​ដែល​ស្រប​ច្បាប់ ត្រូវមាន​ប្រភព​មក​ពីវិភាគទាន ឬភាគទាន​របស់​សមាជិក ឬ​ចំណូល​ផ្សេងៗ​ដែល​មក​ពីការ​ធ្វើ​អាជីវកម្ម​ស្រប​ច្បាប់​របស់​គណបក្ស​នយោបាយ ក៏​ដូច​ជា​អំណោយ​របស់​ក្រុមហ៊ុនឯកជន​ខ្មែរ​ឬ​សប្បុរសជន​ខ្មែរ​ជាដើម៕

ដោយ៖អេង រាជនីរូបថត៖ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា(រូបថតព្រឹទ្ធសភា)

ads banner