អាជ្ញាធរពន្ធនាគារ៖ អំពើហិង្សានៅត្រពាំងផ្លុង ផ្ដើមចេញពីជេរប្រទេចទៅវិញទៅមក
ភ្នំពេញ៖លទ្ធផលនៃការស្រាវជ្រាវបង្ហាញថា សំណុំរឿងហិង្សាលើសកម្មជនអតីតបក្សប្រឆាំង១៤នាក់ក្នុងពន្ធនាគារត្រពាំងផ្លុង នៅថ្ងៃ២១ សីហា ឆ្នាំ២០២២ មិនមែនសុខៗកើតឡើងទេ ពោលគឺមានភ្លើងទើបមានផ្សែង។ អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ ថ្លែងពន្យល់នៅថ្ងៃទី៤ខែកញ្ញាឆ្នាំ២០២២នេះថា ដើមហេតុដែលនាំឲ្យមានអំពើហិង្សានោះ គឺដោយសារតែសកម្មពីរនាក់ក្នុងចំណោម១៤នាក់នៃអតីតបក្សប្រឆាំងបានស្រែកជេរអ្នកទោសដូចគ្នា ទើបហិង្សាផ្ទុះឡើង។
លោក នុត សាវនា បានរំឭកពីដើមទងដែលនាំឲ្យហិង្សាកើតឡើងយ៉ាងដូច្នេះថា៖ «នៅពេលដែលអ្នកទោស៣៨នាក់ ក្នុងនោះ១៤នាក់ជាសកម្មជនអតីតបក្សប្រឆាំងទៅដល់ពន្ធនាគារត្រពាំងផ្លុង យើងផ្ដើមរៀបចំដាក់ពួកគាត់នៅកន្លែងថ្មី។ តាមនីតិវិធីសន្តិសុខ គឺឆែកខ្លួនពីសំណាក់មន្ត្រីពន្ធនាគារ និងជំនួយការមន្ត្រីដែលជាជនជាប់ឃុំនៅ (ម៣) ហ្នឹង។ ប៉ុន្តែ២នាក់ក្នុងចំណោម១៤នាក់ មិនសហការជាមួយគេ ហើយថែមទាំងស្រែកជេរតិះដៀលជនជាប់ឃុំដូចគ្នាហ្នឹងទៀត ហើយជនជាប់ឃុំដែលជាជំនួយការមន្ត្រីទ្រាំមិនបាន ទើបស្រែកជេរតបទៅវិញជាមួយនឹងពាក្យថា ចោរដូចគ្នាសោះ។ នេះហើយជាដើមហេតុ បង្កឲ្យមានភាពតឹងសរសៃកដាក់គ្នា ឈានទៅដល់ការទះជនជាប់ឃុំ កែវ ថៃ និង ញ៉ែម វៀន ម្នាក់មួយដៃ បង្កើតទៅជារឿងប្រតាយប្រតប់់គ្នាទៅ។»
យ៉ាងណាមិញ លោក សំ សុគង់ មេធាវីការពារក្ដីសកម្មជនទាំង១៤នាក់ថ្លែងថា លោក ញ៉ែម វៀន មានរបួសធ្ងន់ជាងលោក កែវ ថៃ ដែលត្រូវចេញមកព្យាបាលរបួសនៅខាងក្រៅទៀតផង។ ប៉ុន្តែលោកចាំមើលលទ្ធផលព្យាបាលរបស់ពេទ្យប្រចាំការនៅក្នុងពន្ធនាគារ និងពេទ្យអង្គការលីកាដូសិន។
លោក សំ សុគង់៖ «ការពិតសកម្មជនយើងបីនាក់ក្នុងចំណោម១៤នាក់ រងហិង្សា។ ប៉ុន្តែពីរនាក់ស្រាល ម្នាក់ធ្ងន់។ លោក ញ៉ែម វៀន ត្រូវធ្ងន់ជាងគេ ប៉ះពាល់ឆ្អឹងជំនី និងត្រចៀក។ ត្រចៀកគាត់ប៉ះពាល់ធ្ងន់ដល់ក្រដាសត្រចៀកទៀតផង។ ខ្ញុំគិតថា គ្រូពេទ្យនៅក្នុងពន្ធនាគារមិនមានជំនាញផ្នែកត្រចៀកទេ ដែលផ្នែកនេះចាំបាច់ត្រូវចេញមកព្យាបាលនៅក្រៅ តែយើងរង់ចាំលទ្ធផលសិន ទើបសម្រេចថា នឹងត្រូវធ្វើបែបណាបន្ត។»
ផ្ទុយពីការអះអាងរបស់មេធាវី ចំពោះស្ថានភាពរបស់ លោក ញ៉ែម វៀន លោក នុត សវនា អះអាងថា មិនធ្ងន់ធ្ងរទេ ព្រោះលោក ញ៉ែម វៀន មានបញ្ហាត្រចៀកស្រាប់រួចទៅហើយ។ លោក នុត សវនា៖ «បញ្ហាជាក់ស្ដែង លោក ញ៉ែម វៀន ហើមជង្គង់ ដែលក្រុមពេទ្យកំពុងយកចិត្តទុកដាក់ផ្ដល់ថ្នាំលាបរឹត ហើយត្រចៀកគាត់ហ្នឹង ធ្ងន់ស្រាប់ទេ។»
នៅក្នុងសំណុំរឿងនេះ លោកមេធាវី សំ សុគង់ មានគម្រោងដាក់លិខិតទៅអគ្គនាយកដ្ឋានពន្ធនាគារស្នើសុំផ្ទេរអ្នកទាំង១៤មកឃុំខ្លួននៅពន្ធនាគារក្នុងរាជធានីភ្នំពេញវិញ។ «យើងសន្និដ្ឋានថា ការផ្ទេរអ្នកទាំង១៤រូបពីពន្ធនាគារព្រៃស ទៅកាន់ពន្ធនាគារត្រពាំងផ្លុង ជិតព្រំដែនវៀតណាម គឺដើម្បីបញ្ចៀសពីការសួរសុខទុក្ខពីសំណាក់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្សនៅកម្ពុជា ដែលមកធ្វើទស្សនកិច្ចនៅកម្ពុជាកាលពីខែមុន។»
បើតាមលោកមេធាវី ការផ្ទេរកូនក្តីលោកទៅឆ្ងាយនេះទៀតសោត ក៏នឹងធ្វើឱ្យប៉ះពាល់ដល់ដំណើរការនីតិវិធីរបស់តុលាការ ស្របពេលដែលពួកគេនៅមិនទាន់មានសាលដីកា ឬសាលក្រមជាស្ថាពរនៅឡើយ។
ប៉ុន្តែសម្រាប់លោក នុត សវនា លោកគូសបញ្ជាក់ថា៖ «នៅថ្ងៃទី២១សីហាឆ្នាំ២០២២ ក្រសួងមហាផ្ទៃបានអនុញ្ញាតឲ្យអគ្គនាយកដ្ឋានពន្ធនាគារផ្ទេរអ្នកទោសជាប់ឃុំសរុបចំនួន៣៨នាក់ពីមណ្ឌលអប់រំកែប្រែ (ម១) ក្នុងនោះ មានសកម្មជនអតីតបក្សប្រឆាំងហ្នឹង ចំនួន១៤នាក់ដែរ។ ការផ្ទេរអ្នកទោសនេះ ធ្វើឡើងជាប្រចាំ ដើម្បីបន្ធូរភាពចង្អៀតណែននៅក្នុងពន្ធនាគារ។»
សូមរំឭកថា សកម្មជនអតីតគណបក្សសង្គ្រោះជាតិទាំង១៤រូប ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារម្នាក់ៗចំនួន ៥ឆ្នាំ ក្រោមបទចោទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងរួមគំនិតក្បត់»។ ប៉ុន្តែទោសសម្រាប់៥ឆ្នាំនេះ តុលាការសម្រេចឱ្យអនុវត្តទោសត្រឹមចំនួន៣ឆ្នាំ៨ខែ ហើយទោសដែលនៅសល់ គឺត្រូវបានព្យួរ៕ ដោយ៖អេង រាជនី