អូស្ត្រាលី​វិនិយោគ​លើ​បច្ចេកវិទ្យា​ដើម្បី​ជួយ​ការពារ​មច្ឆា​នៅ​កម្ពុជា

ភ្នំពេញ៖រដ្ឋាភិបាល​អូស្ត្រាលីសហការ​ជាមួយ​កម្ពុជា កំពុង​ផ្តល់​ជំនួយ​លើបច្ចេកវិទ្យា​ការពារត្រី ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវគុណភាព​ទឹកទន្លេ និងបង្កើន​ភាពធន់​នឹងអាកាសធាតុ នៅកម្ពុជា។ នេះគឺ​ជា​ការ​ប្រកាស​របស់​លោក ប៉ាប្លូ កាង(Pablo Kang )ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា លោកសាស្ត្រាចារ្យ អាន់ដ្រេ ខេមប៊ែល(Andrew Campbell )នាយកប្រតិបត្តិ​របស់មជ្ឈមណ្ឌល​អូស្ត្រាលីសម្រាប់​ការស្រាវជ្រាវកសិកម្មអន្តរជាតិ (ACIAR)ព្រមទាំង ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក ពុំ សុថា ប្រធានរដ្ឋបាលជលផល បានប្រកាសអំពីគម្រោង FishTech ក្នុងខេត្តកំពង់ធំ តាមរយៈសេចក្តីប្រកាសព័ត៌មាន​ស្ថានទូតអូស្ត្រាលីកម្ពុជា នៅថ្ងៃទី០១ខែកញ្ញាឆ្នាំ២០២២។

 បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល គម្រោង «បច្ចេកវិទ្យា​ការពារត្រី ឬ FishTech» នឹងជួយសម្រួលដល់ផ្លូវត្រី ឬជណ្តើរត្រី ដើម្បីទ្រទ្រង់ការផ្លាស់ទីរបស់ត្រី ទៅតាមប្រព័ន្ធធារាសាស្ត្រ និងទំនប់ទឹក ដែលនឹងនាំឱ្យផលិតកម្មជលផល ជីវចម្រុះ និងការបង្កើតប្រាក់ចំណូលក្នុងស្រុកកាន់តែរឹងមាំ»។

លោក Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា មានប្រសាសន៍ថា ការគ្រប់គ្រង​​​​​ ការការពារទឹក និងធនធានដែលពាក់ព័ន្ធ គឺកាន់តែមានសារៈសំខាន់​ខ្លាំងឡើង​នៅក្នុងតំបន់​ ជាមួយនឹងការអភិវឌ្ឍសេដ្ឋកិច្ចដែលជឿនលឿន កំណើនប្រជាជន និងការប្រែប្រួលអាកាសធាតុ។

លោកថ្លែងបន្តថា៖ «ជលផល គឺជាគន្លឹះនៃសន្តិសុខស្បៀងរបស់កម្ពុជា ព្រមទាំងផ្តល់អត្ថប្រយោជន៍ការងារ និងការចិញ្ចឹមជីវិតដល់ប្រជាជនកម្ពុជា ប្រមាណ២លាននាក់។ ក្នុង​ន័យ​នធ អូស្ត្រាលីកំពុងចាប់ដៃគូជាមួយរដ្ឋាភិបាលកម្ពុជា ដើម្បីការពារត្រី ធ្វើឱ្យប្រសើរឡើងនូវគុណភាពទឹកទន្លេ និងបង្កើនភាពធន់នឹងអាកាសធាតុ តាមរយៈគម្រោង FishTech នេះ»។

បើតាមរបាយការណ៍របស់ជលផលកម្ពុជា ​​​ ប្រជាជនកម្ពុជាគឺជាជនជាតិមួយក្នុងចំណោមជនជាតិជាច្រើន ដែលទទួល​ទានត្រីច្រើនជាងគេលើពិភពលោក។ ប្រជាជនកម្ពុជាម្នាក់ៗ ហូបត្រីស្រស់ជាមធ្យមក្នុងបរិមាណ ៣៧,៥ គីឡូក្រាម ក្នុងរយៈពេលមួយឆ្នាំ។

រដ្ឋបាលជលផលបញ្ជាក់​បន្ថែមថា នៅតំបន់វាលទំនាបជុំវិញបឹងទន្លេសាប និងទន្លេមេគង្គ ប្រជាជនកម្ពុជាម្នាក់ៗទទួលទានត្រីអស់ ៦៧ គីឡូក្រាមក្នុងមួយឆ្នាំ។ នេះគឺជាអត្រាបរិភោគត្រីខ្ពស់ជាងប្រទេសជាច្រើននៅលើពិភពលោក ដែលប្រជាជនម្នាក់ៗ​ទទួលទានត្រីជាមធ្យមត្រឹម១៥ គីឡូក្រាមប៉ុណ្ណោះក្នុងរយៈពេលមួយឆ្នាំ។

សាស្ត្រាចារ្យ Campbell មានប្រសាស៍ថា ត្រីមានចំនួន ៦០ ភាគរយ នៃចំនួនប្រូតេអ៊ីនទាំងអស់ ដែលបរិភោគដោយប្រជាជននៅតាមទន្លេមេគង្គ។ ជាធម្មតា ប្រភេទត្រីនៅទន្លេមេគង្គធ្វើបម្លាស់ទីតាមខ្សែទឹកទៅទន្លេមេគង្គលើ ដើម្បីបង្កាត់ពូជ ហើយត្រឡប់ចុះមកវិញ ដើម្បីបំពេញវដ្តជីវិតរបស់ត្រី។ ការសាងសង់នានា ដូចជាទំនប់ធារាសាស្ត្រ ឬទំនប់វារីអគ្គីសនី រារាំងការធ្វើដំណើររបស់ត្រីទៅទន្លេខាងលើ និងត្រឡប់ចុះមកខាងក្រោម កំពុង​បង្ក​ការ​គំរាមកំហែងដល់សន្តិសុខស្បៀងក្នុងតំបន់។

សម្រាប់​លោកសាស្ត្រាចារ្យ Campbell ជំនួយនេះ ជាភស្តុតាង​យ៉ាង​ច្បាស់ បង្ហាញ​ពី​កិច្ច​សហការរបស់រដ្ឋាភិបាលអូស្ត្រាលី ជាមួយដៃគូតាមបណ្តាប្រទេសនានា ដើម្បីផ្ដល់នូវបច្ចេកវិទ្យាថ្មី ប្រកបដោយភាពច្នៃប្រឌិត ក្នុង​គោលដៅការពារពូជត្រី និងធ្វើឱ្យប្រសើរឡើងនូវគុណភាពទឹកនៅទូទាំងអាងទន្លេមេគង្គ»។

ការស្រាវជ្រាវមុនៗ ដែលផ្តល់មូលនិធិដោយ ACIAR បង្ហាញថា នៅពេលដែលមានការសាងសង់ផ្លូវសម្រាប់ត្រីហែលបានល្អ  នោះវានឹងកាត់បន្ថយផលប៉ះពាល់បណ្តាលមកពីការអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រទៅលើការបម្លាស់ទីរបស់ត្រី ព្រមទាំងផ្តល់នូវអត្ថប្រយោជន៍ដល់សេដ្ឋកិច្ច និងសង្គម របស់សហគមន៍ ដែលពឹងផ្នែកលើទន្លេមេគង្គ។

នៅ​កម្បុជា ACIAR នឹងគ្រប់គ្រងគម្រោង FishTech នេះ ដែលដឹកនាំដោយសាស្ត្រាចារ្យ Lee Baumgartner មកពីសាកលវិទ្យាល័យ Charles Sturt របស់ប្រទេសអូស្ត្រាលី។

តាមរយៈភាពជាដៃគូមេគង្គ-អូស្ត្រាលី  អូស្ត្រាលីនឹងផ្តល់ជំនួយសរុបជាថវិកា ចំនួន ៥ លានដុល្លាអូស្ត្រាលី សម្រាប់រយៈពេល៣ឆ្នាំពី២០២២ដល់២០២៥ដល់គម្រោងFishTechនេះ៕
ដោយៈហ្វីន ហ្វ្រីដា

ads banner