ឯកអគ្គរាជទូតថៃ ចប់អាណត្តិបេសកកម្មការងារនៅកម្ពុជា ត្រូវបាន សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យចូលជួបជម្រាបលា

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ប៉ានយ៉ារ៉ាក់ ពុលធុប (Panyarak Poolthup) ឯកអគ្គរាជទូតថៃ ចូលជួបជម្រាបលា នាព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ នៅវិមានសន្តិភាព បន្ទាប់ពីឯកឧត្តម បញ្ចប់បេសកកម្មការងារ នៅក្នុងប្រទេសកម្ពុជា ។

សូមជម្រាបថា ឯកឧត្តម ប៉ានយ៉ារ៉ាក់ ពុលធុប បានអញ្ជើញមកបំពេញការងារជាឯកអគ្គរាជទូតថៃប្រចាំនៅកម្ពុជា កាលពីឆ្នាំ២០១៨។ ក្នុងអំឡុងពេលបំពេញការងារនៅកម្ពុជានេះ ឯកឧត្តម បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាច្រើន រវាងកម្ពុជា និងថៃ ដែលជាប្រទេសភូមិផងរបងជាប់គ្នានេះ។

ក្រៅពីការប្រឹងប្រែងលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការផ្សេងៗហើយ ឯកឧត្តម ក៏បានប្រឹងប្រែងជំរុញការធ្វើពាណិជ្ជកម្ម និងវិនិយោគ ក៏ដូចជាវិស័យដទៃទៀតរវាងប្រទេសទាំងពីរផងដែរ។

សូមបញ្ជាក់ថា យោងតាមរបាយការណ៍ស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ បានឱ្យដឹងថា គិតត្រឹមរយៈពេល៥ខែ ឆ្នាំ២០២២នេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ថៃ សម្រេចបាន ៣ ៨៤០លានដុល្លារអាមេរិក កើនឡើង ១៤.៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ មានទឹកប្រាក់ ៣.៣៥ប៊ីលានដុល្លារ ។ ប្រភេទទំនិញដែលកម្ពុជា បានលក់ទៅឲ្យប្រទេសថៃរួមមាន ផលិតផលកសិកម្ម វត្ថុធាតុដើម ត្បូងថ្មមានតម្លៃ និងវាយនភណ្ឌ ខណៈថៃលក់មកឱ្យវិញនូវផលិតផលសម្រេចដូចជា ត្រី សាច់ ម្ហូបអាហារ និងភេសជ្ជៈ ជីសរីរាង្គ ស៊ីម៉ង់ គ្រឿងសំអាង គ្រឿងតុបតែងផ្ទះ ឧបករណ៍អេឡិចត្រូនិក រថយន្ត និងគ្រឿងបន្លាស់ សម្ភារៈការិយាល័យ និងបរិក្ខាសំណង់ជាដើម ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner