ខេត្តចំនួនពីររបស់កម្ពុជានឹងក្លាយជាខេត្តដែលមានភ្ញៀវបរទេសស្គាល់ច្រើនជាងគេបន្ទាប់ពីដំណើរទស្សនកិច្ចរបស់អង្គទូតបរទេសជិត២០ប្រទេស

ភ្នំពេញ៖ប្រតិភូអង្គទូតជិត២០ប្រទេស ប្រចាំនៅប្រទេសថៃ បាន សរសើរពីការអភិវឌ្ឍខេត្តចំនួនពីរគឺខេត្តបន្ទាយមានជ័យនិងសៀមរាប ដែលសម្បូរទៅដោយមុខម្ហូបឆ្ងាញ់និងជាតំបន់ដែលទាក់ទងនឹងឧទ្យានបុរាណអង្គរជាដើម។នេះបើតាមកខ្លឹមសារនៃ សេចក្ដី ប្រកាស ព័ត៌មាន កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ របស់ស្ថានទូតនៃ ព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃ ដែលជាអ្នករៀបចំ ដំណើរទស្សនកិច្ចនេះ។

គួរបញ្ជាក់ថា នេះជាដំណើរទស្សនកិច្ចសិក្សាលើកទី២ របស់អង្គ ទូតបរទេស និងក្រុមគ្រួសារពីប្រទេសថៃ ទៅកាន់ខេត្តទាំងពីរ ក្នុងរយៈពេលបីយប់បួនថ្ងៃ ក្រោមកិច្ចសហការរៀបចំរវាង ស្ថានទូត កម្ពុជា នៅទីក្រុងបាងកក និងក្រុមការងារសម្របសម្រួល ការទូត សេដ្ឋកិច្ច នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងអន្តរក្រសួង/ស្ថាប័ន។

លោក អ៊ូក សោភ័ណ្ឌ ឯកអង្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បាន ឱ្យដឹងថា ដំណើរទស្សនកិច្ចសិក្សានេះមានអង្គទូត១៩ប្រទេស ដែលតំណាងឱ្យស្ទើរគ្រប់ទ្វីប បានចូលរួមក្នុងដំណើរទស្សនកិច្ចនេះ។ ក្នុងដំណើរទស្សនកិច្ចនេះ កម្ពុជាបានរៀបចំសិក្ខាសាលា ដើម្បី ផ្សព្វផ្សាយអំពីការទូតសេដ្ឋកិច្ច ដែលសហការជាមួយក្រសួង-ស្ថាប័នមួយចំនួនដូចជា ក្រសួងការទេស និងសហប្រតិបត្តិការ អន្តរជាតិ ក្រសួងពាណិជ្ជកម្ម ក្រសួងទេសចរណ៍ និងក្រុមប្រឹក្សា អភិវឌ្ឍន៍ជាតិកម្ពុជា (CDC) ដោយមានតំណាងពីក្រសួង-ស្ថាប័ន នីមួយៗ ធ្វើបទបង្ហាញអំពីសក្ដានុពលរបស់ស្ថាប័ន នោះផងដែរ។

តាមរយៈដំណើរទស្សនកិច្ចនេះ លោក អ៊ូក សោភ័ណ្ឌ មានបំណង លើកកម្ពស់មុខមាត់ និងផ្សព្វផ្សាយការទូត សេដ្ឋកិច្ច (ទេសចរណ៍, វិនិយោគ, ពាណិជ្ជកម្ម និងវប្បធម៌) កម្ពុជាឱ្យបានកាន់តែ ទូលំ ទូលាយ និងការស្តារអភិវិឌ្ឍន៍សេដ្ឋកិច្ចសង្គម ទាក់ទាញភ្ញៀវទេសចររ បរទេស ឱ្យមកទេសចរក្នុងខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្រោយវិបត្តិជំងឺ កូវីដ-១៩ ។

ក្នុងដំណើរទស្សនកិច្ចនៅប្រាសាទបាយ័ន លោក Waldemar Dubaniowski ឯកអគ្គរដ្ឋទូតប៉ូឡូញប្រចាំប្រទេសថៃ បានថ្លែង ប្រាប់អ្នកសារព័ត៌មានថា ឯកឧត្តមពិតជាមានសេចក្ដីរីករាយយ៉ាងខ្លាំង ដែលបានមកទស្សនកិច្ចនៅប្រទេសកម្ពុជា ហើយបានដឹងនិង ឃើញផ្ទាល់អំពីសក្ដានុពលសេដ្ឋកិច្ចសំខាន់ៗ និងការីកចម្រើនរបស់ កម្ពុជា ពិសេសបានមកដល់ទឹកដីអង្គរ ខេត្តសៀមរាប ដោយបាន ទស្សនា សំណង់ស្ថាបត្យកម្មដ៏អស្ចារ្យ ដែលជាសក្ដានុពលទេសចរណ៍ ដ៏ទាក់ទាញរបស់កម្ពុជា ។ លោកទូតប៉ូឡូញ បានថ្លែងការកោត សរសើរ ចំពោះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កម្ពុជា និងស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ ដែលបានបង្កើត កម្មវិធីនេះឡើង ហើយទទួលស្វាគមន៍យ៉ាងកក់ក្ដៅបំផុតចំពោះ ប្រតិភូគ្រប់ប្រទេសទាំងអស់ ។លោកសង្ឃឹមយ៉ាងមុតមាំថា កម្ពុជា នឹងទទួលបានភ្ញៀវទេសចរ ការវិនិយោគកាន់តែច្រើន ដែលនឹងជួយ ឱ្យកំណើនសេដ្ឋកាន់តែខ្ពស់ថែមទៀត៕
ដោយ៖ជា សុខនី

ads banner