រដ្ឋមន្ត្រីការបរទេសកម្ពុជា បំពាក់គ្រឿងឥស្សរិយយសជូនឯកអគ្គរាជទូតថៃ ចប់អាណត្តិ

ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបំពាក់គ្រឿងឥស្សរិយយសសហមេត្រី ថ្នាក់ធិបឌិន្ទ ជូនឯកឧត្តម ប៉ាន់យ៉ារ៉ាក់ ភូលថុប (Panyarak Poolthup) ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា ដែលបានចប់អាណត្តិបេសកកម្មការទូត នៅក្នុងឱកាសដែលឯកឧត្តមឯកអគ្គរាជទូតចូលជួបសម្តែងការគួរសមនិងជម្រាបលា នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២។ ឯកឧត្តម ឯកអគ្គរាជទូត ប៉ាន់យ៉ារ៉ាក់ ភូលថុប បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជាសម្រាប់ការផ្តល់គ្រឿងឥស្សរិយយសនៅពេលនេះ ដែលឯកឧត្តមចាត់ទុកថា ជាកិត្តិយសដ៏ធំធេងសម្រាប់រូបឯកឧត្តមផ្ទាល់ ក៏ដូចជាសម្រាប់ក្រុមការងារនៃស្ថានឯកអគ្គរាជទូតថៃនៅភ្នំពេញ។ នេះជាការបញ្ជាក់របស់ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

អ្នកនាំពាក្យក្រសួងការបរទេសបានបន្តថា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានកោតសរសើរចំពោះការចូលរួមចំណែកយ៉ាងសកម្មរបស់ឯកឧត្តមឯកអគ្គរាជទូត ក្នុងការពង្រីក និងពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងព្រះរាជាណាចក្រទាំងពីរនៅលើវិស័យជាច្រើន រួមមាន វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម សុខាភិបាល អប់រំ និងវប្បធម៌ ដោយគូសបញ្ជាក់ថា ការបំពាក់គ្រឿងឥស្សរិយយសនៅពេលនេះជាការសបញ្ជាក់ពីការវាយតម្លៃខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តមឯកអគ្គរាជទូត។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងឯកឧត្តមឯកអគ្គរាជទូត ប៉ាន់យ៉ារ៉ាក់ ភូលថុប បានកត់សម្គាល់ដោយក្តីរីករាយចំពោះទំនាក់ទំនងមិត្តភាពដ៏ជិតស្និទ្ធរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ដែលជាកត្តាចម្បងធានាឱ្យមានការរីកចម្រើនជាលំដាប់ក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ។

ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកឡើងអំពីការកើនឡើងនូវការផ្លាស់ប្តូរពាណិជ្ជកម្ម ទ្វេភាគីនៅក្នុងឆមាសទីមួយនៃឆ្នាំនេះ ហើយបានលើកទឹកចិត្តប្រទេសទាំងពីរឲ្យស្វែងរកឱកាសដើម្បីពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី។ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី បានកត់សម្គាល់ដោយសេចក្តីរីករាយចំពោះការវិលត្រឡប់ទៅរកស្ថានភាពជាធម្មតាដូចកាលពីមុនជំងឺកូវីដ-១៩ របស់ប្រទេសទាំងពីរ និងការបន្តជើងហោះហើរឡើងវិញដែលនឹងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់គោលបំណងនេះ។ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តប្រទេសទាំងពីរឲ្យពន្លឿនការបញ្ចប់ឯកសារមួយចំនួនដែលមិនទាន់សម្រេចបាននៅឡើយ។ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី និងឯកឧត្ដម ឯកអគ្គរាជទូត ក៏បានពិភាក្សាផងដែរអំពីការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យទេសចរណ៍ អប់រំ វប្បធម៌ និងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស ហើយបានកត់សម្គាល់ដោយក្តីសោមនស្សចំពោះការរៀបចំរបស់ប្រទេសទាំងពីរសម្រាប់ការបន្តកិច្ចចរចាលើតំបន់ទាមទារដែលត្រួតស៊ីគ្នា។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលថៃ សម្រាប់ជំនួយអភិវឌ្ឍន៍ដែលបានផ្តល់ដល់កម្ពុជា រួមមាន អាហារូបករណ៍ វគ្គបណ្តុះបណ្តាលនានា ក៏ដូចជាជំនួយ និងការយកចិត្តទុកដាក់ដល់ពលករខ្មែរធ្វើការនៅក្នុងប្រទេសថៃផងដែរ។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្ដី បានវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់ប្រទេសថៃដល់តួនាទីជាប្រធានអាស៊ានរបស់កម្ពុជា កិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក្នុងនាមជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន ស្តីពីមីយ៉ាន់ម៉ា និងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំ ពាក់ព័ន្ធ ប្រកបដោយជោគជ័យ នៅដើមខែសីហា ឆ្នាំ២០២២នេះ៕
ដោយ៖ពលជ័យ
រូបភាព៖ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ads banner