សមត្ថកិច្ចជួយរំដោះជនបរទេស៣នាក់ទៀតនៅខេត្តព្រះសីហនុ (Video Inside)
ជនបរទេស៣នាក់ផ្សេងទៀត ត្រូវបានគេជួយសង្គ្រោះពីការបង្ខាំង និងជួញដូរពលកម្ម ក្នុងព្រឹត្តិការណ៍បង្ក្រាបក្នុងខេត្តព្រះសីហនុ។ សមត្ថកិច្ចកម្ពុជាចាប់តាំងពីខែសីហានោះមក បានបំពេញយុទ្ធការបង្ក្រាបអំពើជួញដូរមនុស្ស ក្រោយមានសេចក្តីរាយការណ៍ថា មានក្រុមទុច្ចរិត ដែលមានប្រភពមកពីក្រៅប្រទេស បានសហការជាមួយនឹងបក្ខពួកក្នុងប្រទេសកម្ពុជា ធ្វើអំពើបង្ខាំង និងចាប់ជំរិត មនុស្សក្រោមរូបភាពល្បួងមនុស្សមកធ្វើការក្នុងប្រទេសកម្ពុជា ដោយឱ្យកម្រៃពលកម្មច្រើន។
មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃនាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានថ្លែងនៅថ្ងៃទី៧ ខែកញ្ញា នេះថាការបង្ក្រាបបានធ្វើកាលពីម្សិលមិញដោយបានរកឃើញ ជនបរទេសរងគ្រោះចំនួន៣នាក់។ ជនដែលរកឃើញទាំងបីនាក់ គឺបុរសជាតិចិនតៃវ៉ាន់ឈ្មោះ លី ឈានហ៊ីវ អាយុ ៣៤ឆ្នាំ, ស្ត្រីជាតិចិនឈ្មោះ លី ឈុនសៀ LI CHUNXIA និងបុរសជាតិចិន ឈ្មោះ ហ្សាង យុនកៃ។
យោងតាមប្រសាសន៍បញ្ជាក់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃគិតត្រឹមថ្ងៃទី៧កញ្ញានេះ ក្រសួងមហាផ្ទៃបានទទួល បណ្តឹងសម្រាប់ចុះប្រតិបត្តិការបង្ក្រាបអំពើជួញដូរមនុស្ស មានចំនួន១១៧ករណីហើយ។