សម្តេចក្រឡាហោម ស ខេង ណែនាំមន្ត្រីមិនត្រូវរំលងចោលបណ្តឹងស្នើរបស់ពលរដ្ឋ (Video Inside)

សម្ដេចក្រឡាហោម ស ខេង បានណែនាំមន្ដ្រីមានសមត្ថកិច្ចក្រោមបង្គាប់ត្រូវពិនិត្យ និងស្រាវជ្រាវរាល់បណ្តឹង ឬសំណូមពររបស់ពលរដ្ឋ ដោយមិនត្រូវបង្កប់ឯកសារទាំងនោះចោលឡើយ។

ប្រសាសន៍របស់សម្តេចក្រឡាហោមដែលជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានធ្វើឡើងនៅថ្ងៃទី៧កញ្ញាឆ្នាំ២០២២ក្នុងពិធីផ្លាស់ប្តូរផ្ទេរតំណែងមន្ត្រីអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ។

សម្តេចក្រឡាហោម ស ខេង បានថ្លែងថា «នៅពេលទទួលបានបណ្ដឹង, សំណើ ឬសំណូមពរពីប្រជាពលរដ្ឋ ប្រសិនបើករណីណាមួយមិនមែនជារឿងពិត មន្រ្តីមានសមត្ថកិច្ច ក៏អាចបោះបង់ចោល ឬបំភ្លឺថា វាមិនមែនជាការពិតនោះទេ។ សម្តេចបញ្ជាក់ថា ប៉ុន្តែប្រសិន បើបញ្ហានោះ គឺជាបញ្ហាពិត មន្រ្តីមានសមត្ថកិច្ចត្រូវខិតខំដោះស្រាយឲ្យអស់ពីលទ្ធភាព ដោយមិនត្រូវកប់ទុកបញ្ហាចោលឡើយ។

សម្ដេចក្រឡាហោម ស ខេង ថ្លែងបន្តថា រាល់បណ្ដឹង សំណើ, សំណូមពររបស់ប្រជាពលរដ្ឋ ឬសាធារណៈមតិ គឺជាកញ្ចក់ដ៏ភ្លឺថ្លាសម្រាប់មន្រ្តីឆ្លុះមើលបញ្ហាដើម្បីកែលម្អ។

សម្ដេចបានណែនាំឲ្យមន្ត្រីអគ្គាធិការថ្មី និងរដ្ឋលេខាធិការទទួលបន្ទុក ត្រូវបង្កើនការយកចិត្ត ទុកដាក់ដោះស្រាយបញ្ហា ឲ្យបានលឿនរហ័ស និងប្រកបដោយប្រសិទ្ធភាព។

ads banner