ខណៈកំពុងឈរការពារក្បួនថ្នាក់ដឹកនាំ ជំនួយការមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌដង្កោម្នាក់ ត្រូវម៉ូតូសណ្ដោងរ៉ឺម៉កបុកឲ្យដួលបែកក្បាលហូរឈាមពេញខ្លួន
ភ្នំពេញ ៖ បុរសម្នាក់ជាមន្ត្រីកងរាជអាវុធហត្ថ និងជាជំនួយការលោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌដង្កោ ខណៈកំពុងឈរការពារក្បួនថ្នាក់ដឹកនាំ ស្រាប់តែត្រូវបានបុរសម្នាក់បើកម៉ូតូសណ្ដោងរុឺម៉កបុកពេញទំហឹង បណ្ដាលឲ្យដួលទៅលើដី បែកក្បាលហូរឈាមស្រោចពេញមុខ កាលពីវេលាម៉ោង ៨ និង១៥នាទីព្រឹក ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចផ្លូវ៦០ម៉ែត្រ ភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ។
ជនរងគ្រោះមានឈ្មោះ កា សី ភេទប្រុស អាយុ ៦០ឆ្នាំ មានឋានន្តរសក្តិ អនុសេនីយ៍ឯក ស្នាក់នៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាលរងរបួសបែកក្បាលហូរឈាម ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខណ្ឌដង្កោ ។ ចំណែកអ្នកបើកម៉ូតូសណ្ដោងរុឺម៉កបង្កមានឈ្មោះ ជៀន ផន ភេទប្រុស អាយុ៥១ឆ្នាំ មុខរបររត់ម៉ូតូសណ្ដោង មានស្រុកកំណើតនៅភូមិវែង ឃុំទ្រា ស្រុកសំរោង ខេត្តតាកែវ បច្ចុប្បន្នរស់នៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ កម្លាំងកងរាជអាវុធហត្ថ ក៏ដូចជាមន្ត្រីកងរាជអាវុធហត្ថ និងជាជំនួយការលោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌដង្កោ កា សី កំពុងដាក់គោលដៅ ឈរការពារក្បួនជូនថ្នាក់ដឹកនាំ នៅចំណុចផ្លូវ៦០ម៉ែត្រ លុះក្បួនចេញផុតបានបន្តិច ស្រាប់តែមានម៉ូតូសណ្ដោងរុឺម៉កមួយគ្រឿង បើកបរដោយបុរសម្នាក់ ពាក់ស្លាកលេខ ភ្នំពេញ 1Fl-1412 បើកពីត្បូងទៅជើង តាមផ្លូវ៦០ម៉ែត្រ មកតាមកន្ទុយក្បួនក្នុងល្បឿនលឿន ក៏ជ្រុលទៅបុកនឹងមន្ត្រីកងរាជអាវុធហត្ថ និងជាជំនួយការលោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌដង្កោ ពេញទំហឹង បណ្ដាលឲ្យដួលទៅនិងថ្នល់បែកក្បាលហូរឈាមស្រោចពេញមុខ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខណ្ឌដង្កោ ។
ក្នុងករណីនេះដែរ ដោយមានការសណ្តោសប្រណី ពីឯកឧត្តម ឧត្តមសេនីយ៍ឯក រត្ន័ ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ចាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានសម្រេចមិនយកទោសពៃរ៍ ពីអ្នកបើកម៉ូតូសណ្ដោងរ៉ឺម៉កខាងលើនេះនោះទេ ដោយសូមត្រឹមតែឲ្យអ្នកបើកម៉ូតូសណ្ដោងរ៉ឺម៉កនោះ សុំទោសជាសាធារណៈ ចំពោះកងកម្លាំង ដែលរងរបួស កុំឲ្យបើកបរបែបនេះបន្តទៀត ត្រូវបង្កើនការប្រុងប្រយត្ន័ ។ ចំណែកថ្លៃថ្នាំ និងថ្លៃព្យាបាលនោះ ឯកឧត្តម ជាអ្នករ៉ាប់រង ជូនកងកម្លាំងទាំងអស់ ដោយបុរសនោះ ក៏បានសូមទោសជាសាធារណៈ នៅចំពោះមុខ លោកវរសេនីយ៍ឯក ស សុភ័ណ្ឌ មេបញ្ជាការអាវុធហត្ថខណ្ឌដង្កោ និងថ្លែងអំណរគុណដល់ ឯកឧត្តម ឧត្តមសេនីយ៍ឯក រត្ន័ ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ចាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលមិនយកទោសពៃរ៍ពីខ្លួន ហើយជួយចេញថ្លៃថ្នាំ និងថ្លៃព្យាបាលជំនួសគាត់ថែមទៀតផង ៕ ដោយ ៖ ជីម ភារ៉ា



