កម្ពុជាត្រៀមទទួលឥស្សរជនកីឡា និងថ្នាក់ដឹកនាំជាន់ខ្ពស់ មកពី៤៥ប្រទេស ក្នុងពិធីបើកវេទិកាមហាសន្និបាតក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី

ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មានប្រសាសន៍ថា ក្នុងពិធីបើកវេទិកាមហាសន្និបាតក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី លើកទី៤១ ឆ្នាំ២០២២ នឹងមានឥស្សរជនកីឡា និងថ្នាក់ដឹកនាំជាន់ខ្ពស់ នៅក្នុងរង្វង់ពី ៣០០ ទៅ ៤០០នាក់ មកពី៤៥ប្រទេសចូលរួម ដូច្នេះ នេះនេះគឺជាឱកាសដ៏ល្អ សម្រាប់បង្ហាញឲ្យពួកគាត់ស្គាល់កម្ពុជា និងបានឃើញការរីកចម្រើន ហើយបានទទួលការគាំទ្រ ក្នុងដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ពីការរៀបចំធ្វើជាម្ចាស់ផ្ទះ ពីថ្ងៃទី០១ដល់ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២។ នេះជាការបញ្ជាក់របស់ឯកឧត្តម នៅក្រោយកិច្ចប្រជុំតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោង ខុន អនុប្រធានអចិន្ដ្រៃយ៍ នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ នៅទីស្នាក់គណកម្មាធិការជាតិអូឡាំពិកកម្ពុជា ។
ឯកឧត្តម វ៉ាត់ ចំរើន បន្តថា បន្ទាប់ពីទទួលបានសេចក្ដីសម្រេចដ៏ខ្ពង់ខ្ពស់របស់សម្ដេចពិជ័យសេនា ទៀ បាញ់ ប្រធាន CAMSOC គឺបានផ្ដល់នូវតួនាទីភារកិច្ច នៃការទទួលខុសត្រូវរៀបចំរួចរាល់ ជូនគណៈកម្មការជំនាញទាំងអស់ ។ «មហាសន្និបាត ដែលមាន៤៥ប្រទេសចូលរួម ដែលជាចលនាអូឡាំពិកក្នុងទ្វីបអាស៊ី ក្រៅទ្វីបអាស៊ី និងមកពីអូឡាំពិកអន្ដរជាតិ ក៏ដូចជាអង្គការកីឡាធំៗ នៅក្នុងរង្វង់ពី ៣០០ទៅ៤០០នាក់នេះ គឺបានបង្ហាញពីសក្ដានុពលជាតិយើង និងសុខសន្ដិភាព និងការអភិវឌ្ឍ ទៅដល់បណ្តាប្រទេសទាំងអស់ដែលបានចូលរួម»។ ជាមួយនឹងដំណើរទស្សនកិច្ចទៅលេងប្រាសាទអង្គរវត្ត ដ៏ល្បីល្បាញរបស់កម្ពុជាផងដែរ ។
កិច្ចប្រជុំថ្ងៃនេះ ឯកឧត្តម អគ្គលេខាធិការ បានបែងចែកភារកិច្ច និងដោះស្រាយបញ្ហាមួយចំនួន ដែលមានភាពស្រពេចស្រពិល គឺយើងបានបញ្ជាក់ និងបានរៀបចំឲ្យមានការទទួលស្នាក់នៅ ហូបចុក ដឹកជញ្ជូន បដិសណ្ឋារកិច្ច និងសុវត្ថិភាពសន្ដិសុខសណ្ដាប់ធ្នាប់ឲ្យបានគ្រប់ជ្រុងជ្រោយទាំងអស់ ដើម្បីទទួលការកោតសរសើរ និងជោគជ័យ ។ ពីព្រោះថាកម្ពុជា មានបទពិសោធន៍រៀបចំព្រឹត្តការណ៍អន្តរជាតិធំៗ ក្រោមការចង្អុលបង្ហាញយ៉ាងយកចិត្តទុកដាក់ ពីឯកឧត្តមបណ្ឌិត ថោង ខុន មិនឲ្យមានចន្លោះណាមួយនោះទេ ជាពិសេសគណៈកម្មការជំនាញ ត្រូវចុះសម្រុងគ្នា និងប្រទាក់ក្រឡាគ្នា ក្នុងការងារដ៏មានប្រសិទ្ធភាព ទាំងការមកដល់ ការទទួល និងការរៀបចំនូវដំណើរទស្សនកិច្ចផ្សេងៗទៀត កុំធ្វើឲ្យប៉ះពាល់ដល់កិត្តិយសជាម្ចាស់ផ្ទះ ។
គួរបញ្ជាក់ថា ដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលទទួលគោលការណ៍ពីសម្ដេចតេជោនាយករដ្ឋមន្ដ្រី ហ៊ុន សែន ឲ្យទទួលធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំនេះប្រកបដោយភាពជោគជ័យ។ «ដូច្នេះយើងផ្ដោតលើសុវត្ថិភាព និងភាពកក់ក្ដៅជូនដល់ ភ្ញៀវទាំងអស់ នៅពេលពួកគាត់ស្នាក់នៅ និងការបំពេញភារកិច្ចក្នុងកិច្ចប្រជុំរបស់គាត់។ អ្វីដែលយើងចង់បាន គឺការបង្ហាញសក្ដានុពលរបស់កម្ពុជា ក្នុងមហាសន្និបាតជាលើកដំបូងនេះ» ៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner