តំបន់ដែនជម្រកសត្វព្រៃស្រែពកជាទីព្រៃល្បោះដែលធំជាងគេនៅក្នុងតំបន់អាស៊ីគ្នេយ៍និងសម្បូរសត្វទន្សោងជាងគេលើលោក

ខេត្តរតគិរី ៖ នៅតំបន់ដែនជម្រកសត្វព្រៃស្រែពក ខេត្ត មណ្ឌលគិរី មានទំហំផ្ទៃដីចំនួន ៣៧២០០០ហិកតាគឺជាប្រភេទព្រៃល្បោះ សម្បូរទៅដោយសត្វព្រៃ និងពិសេស ជាតំបន់ដែលមានសត្វទន្សោងច្រើនជាងគេនៅកម្ពុជានិងនៅលើពិភពលោកទៀតផង។

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថាដែលបានដឹកនាំអ្នកសារព័ត៌មានដើម្បីចុះមកពិនិត្យការងារស្រាវជ្រាវជីវៈចម្រុះនៅក្នុងដែនជម្រកសត្វព្រៃស្រែពក ស្ថិតក្នុងស្រុក កោះញែក ខេត្តមណ្ឌលគិរី កាលពីថ្មីៗមកនេះបានឱ្យដឹងថា៖ តាមពិត តំបន់ព្រៃឈើមានច្រើនប្រភេទ ដូចជា ព្រៃស្រោង គឺជាព្រៃដែលមានដើមឈើធំៗ បន្ទាប់មកព្រៃពាក់កណ្តាលស្រោង គឺជាព្រៃដែលមានដើមឈើធំផង និងតូចផងដុះនៅលាយឡំគ្នា ហើយនិងមួយទៀតតំបន់ព្រៃល្បោះ មានដើមឈើមិនធំទេ ហើយសម្បូរទៅដោយស្មៅ។

ឯកឧត្តម រដ្ឋលេខាធិការបានបញ្ជាក់ប្រាប់ថានៅតំបន់ដែនជម្រកសត្វព្រៃស្រែពកស្ថិតនៅទីតាំង២ស្រុកគឺ ពេជ្រចន្តា និងស្រុកកោះញែក គឺជាព្រៃល្បោះដែលធំជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍។ ព្រៃរបោះគឺមានតម្លៃ ខាងផ្នែកអភិរក្ស និងការធានា នូវប្រព័ន្ធអេកូឡូស៊ី។ក្នុងតំបន់ដែនជម្រកសត្វព្រៃស្រែពកនេះដែរគឺ ជាទីកន្លែងមួយដែលសម្បូរដោយសក្តានុពលធម្មជាតិ និងទេសភាពដ៏ស្រស់ត្រកាលគួរជាទីទាក់ទាញផ្នែកទេសចរណ៍។

ឯកឧត្តម នេត្រ ភក្រ្តា បានបញ្ជាក់បន្ថែមថា” ព្រៃល្បោះគឺជាព្រៃដែលមានដើមឈើអត់ធំទេ និងសម្បូរទៅដោយស្មៅច្រើនដែលអំណោយផលល្អដល់សត្វក្រចកជើងជំពាម ដូចជាសត្វ ទន្សោង ខ្ទីង ប្រើស ជ្រូកព្រៃជាដើមដែលរស់នៅតំបន់ទីកន្លែងនេះ”។

ទាក់ទិនក្នុងរឿងនេះដែរ ឯកឧត្តម រដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានពន្យល់បា្រប់ថា ដើម្បីជីវិតសត្វព្រៃរស់ គឺត្រូវមានកត្តា បីសំខាន់ ទី១) ទីជម្រក ទី២) ចំណីអាហារ និងទី៣) ប្រភពទឹក។ យើងត្រូវរួមគ្នា ការពារ ទីជម្រករបស់សត្វព្រៃ ប្រភពអាហារ និងប្រភពទឹក របស់សត្វព្រៃ ព្រោះកត្តាទាំង ៣ នេះ គឺជាភាពចាំបាច់ សម្រាប់ជីវិតសត្វព្រៃ។

ដោយឡែកកញ្ញា Milou Groenenberg ប្រធានផ្នែកស្រាវជ្រាវនិងតាមដានជីវៈចម្រុះនៃអង្គការ WWF បានឱ្យដឹងថា បើប្រៀបធៀបទិន្នន័យសត្វព្រៃក្នុងដែនជម្រកសត្វព្រៃស្រែពក និងភ្នំព្រេចពីឆ្នាំ២០១០ មកដល់ឆ្នាំ២០២២ ក្នុងរយៈ ពេល ១១ ឆ្នាំ ចំនួនសត្វទន្សោងធ្លាក់ចុះចំនួន ៨៩ភាគរយ គឺពីចំនួន ៣០១៣ ក្បាលនៅឆ្នាំ២០១០ (ក្នុងនោះនៅក្នុងដែនជម្រកសត្វព្រៃស្រែពកមានទន្សោងចំនួន ១៩១១ ក្បាល និងដែនជម្រកសត្វព្រៃភ្នំព្រេចមានចំនួន ១១០២ ក្បាល) មកនៅត្រឹម ៤៣៩ ក្បាល (ស្រែពកចំនួន ១២២ ក្បាល និងភ្នំព្រេចចំនួន ៣១៧ក្បាល) នៅឆ្នាំ២០២២នេះ។បើទោះបីចំនួនទន្សោងនៅតំបន់នេះធ្លាក់ចុះពិតមែនតែចំនួននេះបើធ្វើការប្រៀបធៀបគឺវាច្រើនជាងគេនៅលើពិភពលោកផងដែរ។

គួរបញ្ជាក់ថា តំបន់ដែនជម្រកសត្វព្រៃស្រែពក អ្វីដែលជាចំណុចលេចធ្លោមួយទៀតនោះគឺទន្លេស្រែពកដែលសម្បូរ ទៅដោយត្រីច្រើនប្រភេទ និង ពិសេសជាងនេះនៅមានសត្វក្រពើភ្នំដែលជាសត្វកម្រលើលោកទៀតផង។នៅតាមដងទន្លេកន្លែងនេះមានធនធានធម្មជាតិដ៏ស្រស់ត្រកាល បង្ហាញនូវគ្មានអ្នកបៀតបៀន ឬ ចូលទៅបំផ្លាញនោះឡើយ ។

ក្រុមមន្ត្រី ឧទ្យានុរក្សនិងមន្រ្តីសត្វនរក្សប្រចាំការនៅតំបន់ស្រែពកបានឱ្យដឹងថាក្នុងទន្លេស្រែពកសំបូរទៅដោយត្រីគ្រប់ប្រភេទពិសេសត្រីក្អែកមានច្រើនបំផុត។នៅតាមទន្លេនេះគេគ្រាន់តែដាក់សន្ទូចឬបង់សំណាញ់តែបន្តិចនោះនឹងបានត្រីមកទុកបរិភោគមិនខ្វះឡើយ ៕ ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner