ការរីកចម្រើននៃបច្ចេកវិទ្យា ធ្វើឲ្យយុវជនប្រឈមបញ្ហាផ្លូវចិត្ត ខ្លាំងជាងជំងឺកូវីដ-១៩

ភ្នំពេញ៖ភាពរីកចម្រើននៃបច្ចេកវិទ្យាកំពុងតែគម្រាមគំហែង ដល់ ផ្លូវចិត្តយុវជន។ នេះគឺជាការកត់សម្គាល់របស់អង្គការ យូនីសេហ្វ កម្ពុជា(UNICEF Cambodia) នាពេលថ្មីៗនេះ។ បើតាមអង្គការ ដដែលអះអាងថា បញ្ហានេះកំពុងរីកសាយភាយខ្លាំងនៅក្នុងបណ្ដា ប្រទេសជាច្រើន ដោយជ្រាបចូលតាមរយៈការប្រើប្រាស់ បណ្ដាញ សង្គម ហើយវានឹងជះផលអវិជ្ជមានក្នុងដំណើរការអភិវឌ្ឍធនធាន មនុស្សក្នុងសង្គម។

អង្គការយូនីសេហ្វ កម្ពុជា បានរកឃើញបញ្ហាប្រឈមដែល យុវជន បច្ចុប្បន្ន កំពុងជួបប្រទះ មានដូចជា ការប្រើប្រាស់គ្រឿងញៀន ការ គំរាមគំហែង និងភាពឯកាជាដើម ដែលការប្រឈមទាំងនេះ វាជាការ ប្រឈមលើសពីជំងឺកូវីដ-១៩ទៅទៀត។

និស្សិតឆ្នាំទី៣ ជំនាញនីតីសាស្រ្ត នៅពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហនុរាជ គឺ លោក រំចង់ សំណាង បាននិយាយថា បច្ចុប្បន្ន លោកត្រូវរងការប៉ះពាល់ដល់ស្មារតី និងផ្លូវចិត្ត ដោយសារតែបញ្ហា ក្នុងសង្គមទាំងឡាយ ដែលលោកបានឃើញ ឬបានដឹងតាមរយៈ បណ្ដាញសង្គម ។

លោកបន្តថា៖ «ដោយសារយើងម្នាក់ៗរស់នៅក្នុងសម័យឌីជីថល។អ៊ីចឹងរាល់ពេលខ្ញុំប្រើប្រាស់ ហ្វេសប៊ុកឃើញតែរឿងរ៉ាវជេរគ្នា ឈ្លោះ គ្នាដោយសារស្រា និងគ្រឿងញៀន ហើយវាអត់មានបង្ហាញរឿង អ្វីអប់រំយើងសោះ»។

លោកបន្តថា ចំណែកខាងក្រៅជាក់ស្ដែងវិញ នៅតាមដងផ្លូវឃើញ តែ ស្លាកផ្សាយពាណិជ្ជកម្មស្រា ផ្សាយផលិតផល មិនមានអ្វីជាពាក្យអប់រំ ឡើយ។ វាធ្វើឱ្យលោកមានអារម្មណ៍ថា ធុញថប់ បាក់ទឹកចិត្ត មិនចង់ បន្តការសិក្សាជាដើម។

ជុំវិញបញ្ហានេះ នាយកប្រតិបត្តិការអង្គការចិត្តសង្គមអន្តរវប្បធម៌ (TPO) គឺលោកវេជ្ជបណ្ឌិត ឈឹម សុធារ៉ា ពន្យល់ឲ្យដឹងថា យុវជន បច្ចុប្បន្នមានបញ្ហាជុំវិញពួកគាត់ច្រើន ហើយបញ្ហាទាំងនោះមាន ពីរសំខាន់៖ ទីមួយ.បញ្ហាចិត្តសង្គម និងទីពីរ.បញ្ហាវ័យរបស់យុវជន។
លោកវេជ្ជបណ្ឌិតលើកឧទាហរណ៍ថា៖ «ដើម្បីរកការងារធ្វើ ដើម្បី មានសង្សារ ដើម្បីរស់នៅឯករាជ្យពីឪពុកម្ដាយ ឬដើម្បីការប្រកួត ប្រជែងអ្វីមួយ។

ទាំងនេះសុទ្ធតែធ្វើអោយយុវជនធម្មតាតែងតែប្រឈមបញ្ហានូវពេលដែលពួកគាត់ ព្យាយាមស្វែងរកអ្វីដែលថ្មី និងចង់បានភាពឯករាជ្យ។»
លោកបន្ថែមថា បើករណីទាំងនេះទទួលបានជោគជ័យ ក៏នូវតែមាន បញ្ហាដែរ ពីព្រោះនៅជុំវិញពួកគាត់មិនមែនតែបញ្ហាមួយឡើយ ហើយពួកគាត់ក៏ជាយុវជនដែលស្ថិតក្នុងវ័យដែលងាយរងផលប៉ះពាល់ដល់ផ្លូវចិត្ត។ ដូច្នេះ ក្នុងសា្ថនភាពនេះ បើដោះស្រាយបាន គឺវា ផ្ដល់ផលល្អដល់យុវជនខ្លួនឯង និងសង្គម។ តែបើដោះស្រាយមិន ត្រឹមត្រូវ វាអាចបណ្ដាលឲ្យយុវជនទាំងនោះ ទៅសេពគ្រឿងញៀន នឹងផឹកស្រាជាដើម។

លោកវេជ្ជបណ្ឌិត ឈឹម សុធារ៉ា បន្ថែមថា៖ «ដើម្បីឲ្យយុវជន ត្រៀម ខ្លួន និងជៀសផុតបញ្ហានេះ ខ្ញុំគិតថាស្ថាប័នពាក់ព័ន្ធ គួរតែបង្កើត កម្មវិធី អប់រំដល់ក្រុមយុវជន ដើម្បីឲ្យគាត់មានឱកាសក្នុងការចូលរួម សកម្មភាពសង្គមផ្សេងៗច្រើន ដូចជាឱកាសក្នុងការរៀនសូត្រ ការអប់រំ ការចែករំលែកបទពិសោធន៍ និងឱកាសធ្វើការងារច្រើន។ បើនិយាយឲ្យស្រួលទៅ ត្រូវបង្កើតឲ្យមានសកម្មភាពច្រើន សម្រាប់ ឲ្យយុវជនបានចូលរួម ទាំងសកម្មភាពសង្គម វប្បធម៌ សប្បុរសធម៌ និងជាក្លិបផ្សេងៗ ដើម្បីឲ្យយុវជនងាកចេញពីបច្ចេកវិទ្យា ពិសេស មាតិកាមិនបានការលើបណ្ដាញសង្គម ហើយយកពេលវេលាទាំង នោះទៅរៀនសូត្រជំនាញនានា ដើម្បីបានជាបទពិសោធន៍ សម្រាប់ ខ្លួនឯងទៅថ្ងៃអនាគត»៕
ដោយ៖ជា សុខនី

.ការប្រើប្រាស់ទូរស័ព្ទស្មាតហ្វូន និងប្រើប្រាស់បណ្តាញសង្គមសម្រាប់យុវជនមួយចំនួននាបច្ចុប្បន្ន គឺជាបង្ហាញពីភាពស៊ីវិល័យរបស់ពួកគេ(រូបថតៈមុនី)

ads banner