លោក ពូទីន ៖ បំណងចង់ដាក់រុស្ស៊ីឲ្យឯកោ គឺជារឿងដែល «មិនអាចទៅរួច» ព្រោះរុស្ស៊ីមាន «មិត្ត» ច្រើននៅអាស៊ី
រុស្ស៊ី៖«ចង់ដាក់រុស្ស៊ីឲ្យនៅឯកោ»ជារឿងដែលមិនអាចទៅរួចទេ។នេះគឺជាការបញ្ជាក់អះអាងយ៉ាងម៉ឹងម៉ាត់របស់លោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀ ពូទីន។មិនអាចទៅរួចដោយលោកពូទីនលើក ឡើងពី សម្ព័ន្ធភាពទាំងឡាយដែលរុស្ស៊ីមានជាមួយបណ្ដាប្រទេសក្នុង តំបន់អាស៊ី។
ទន្ទឹមនឹងការថ្លែងដែលមានលក្ខណៈចម្អកដូច្នេះ លោក ពូទីន ក៏បានចាត់ទុកទណ្ឌកម្មទាំងឡាយពីសំណាក់ប្រទេសនៅបស្ចិម លោកមកលើរុស្ស៊ីថាជាការគំរាមកំហែងសម្រាប់បណ្ដាប្រទេសទាំងនោះខ្លួនឯងផង និងពិភពលោកទាំងមូលផង និងថា ទណ្ឌកម្ម ទាំងនោះ គ្មានផលប៉ះពាល់ដល់រុស្ស៊ីសូម្បីតែបន្តិចសោះក៏តទេដែរ។
ការលើកឡើងរបស់លោក ពូទីន នេះ បានបង្ហាញតាមរយៈសុន្ទរកថា របស់លោកនៅក្នុងវេទិកាសេដ្ឋកិច្ចបូព៌ា ដែលកំពុងរៀបចំធ្វើនៅទីក្រុង កំពង់ផែ វ្លាឌីវ៉ូស្តុក (Vladivostok) របស់រុស្ស៊ី នៅថ្ងៃពុធ ទី៧ ខែកញ្ញា ឆ្នាំ២០២២ម្សិលមិញ។ ក្រោយពីនោះមួយស្របក់ វិមានក្រឹម ឡាំងប្រកាសថា មេដឹកនាំរុស្ស៊ី គឺលោកប្រធានាធិបតី ពូទីន នឹងជួប ជាមួយសមភាគីចិន លោកប្រធានាធិបតីចិន ស៊ី ជីនពីង នាសប្ដាហ៍ ក្រោយ នៅប្រទេសអូបេគីស្ថាន។
សម្រាប់ប្រមុខដឹកនាំរុស្ស៊ី ទណ្ឌកម្មដែលបណ្ដាប្រទេសលោក ខាងលិច ដាក់មកលើរុស្ស៊ីក្រោមហេតុផលថា រុស្ស៊ីឈ្លានពាន អ៊ុយក្រែន នោះ មែនទែនទៅ ធ្វើឡើងមិនមែនសំដៅរុស្ស៊ីតែ ឯងនោះទេ។ ទណ្ឌកម្មទាំងនោះក៏មានគោលដៅដាក់សម្ពាធទៅលើប្រទេសផ្សេងៗទៀត នៅទូទាំងពិភពលោក ដោយមានរបៀបវារៈផ្សេងៗគ្នា ដូចជា ការជ្រៀតជ្រែក ឬដកហូតអធិបតេយ្យភាពនៃប្រទេសដទៃ ឬបើពុំដូច្នោះទេគឺចាប់បង្ខំឲ្យប្រទេសដទៃដើរតាមគោលនយោបាយរបស់ខ្លួនតែម្ដង។ នេះបើតាមលោកប្រធានាធិបតី វ្លាឌីមៀ ពូទីន។
ជាការកត់សម្គាល់ វោហាសាស្ត្រធ្ងន់ៗរបស់លោកពូទីនដូច្នេះ ធ្វើឡើងបន្ទាប់ពីវិមានក្រឹមឡាំង កាលពីថ្ងៃចន្ទ ទី៥ ខែកញ្ញា បានប្រកាសថា ការផ្គត់ផ្គង់ហ្គាសតាមបំពង់ Nord Stream 1 ទៅកាន់ប្រទេសអាល្លឺម៉ង់ នឹងបន្តផ្អាករហូតទាល់តែបស្ចិមប្រទេស លើកទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ីចេញវិញជាមុនសិន។
ចំណែកការចោទប្រកាន់ពីសំណាក់មេដឹកនាំនៅបណ្ដាប្រទេសអឺរ៉ុបដែលថា រុស្ស៊ីកំពុងយកទីផ្សារថាមពល ធ្វើជាអាវុធតបតនឹងទណ្ឌកម្ម របស់ខ្លួននោះ លោកប្រធានាធិបតីរុស្ស៊ី ទាត់ចោលទាំងស្រុង។
ប្រឈមមុខនឹងវិបត្តិថាមពល ជាពិសេសសម្រាប់រដូវរងារដែល កំពុង តែខិតជិតចូលមកដល់ រដ្ឋមន្ដ្រីសហភាពអឺរ៉ុប នឹងជួបប្រជុំគ្នានៅ ថ្ងៃសុក្រ ទី៩ ខែកញ្ញានេះ ដើម្បីពិភាក្សាអំពីកំណត់តម្លៃ នៃឧស្ម័ន របស់រុស្ស៊ី ដែលមិនដឹងថាអាចប្រែប្រួលយ៉ាងណានៅឡើយ នៅ ក្នុងចន្លោះពីពេលនេះតទៅ។ និងជាពិសេស គឺដើម្បីរកច្រកចេញ សម្រាប់អឺរ៉ុបខ្លួនឯង ដើម្បីទប់ទល់នឹងតម្លៃប្រេងដែល កំពុងតែឡើង ថ្លៃស្រាប់ផង និងស្វែងរកប្រភពផ្គត់ផ្គង់ថ្មីផង ព្រមទាំងយុទ្ធសាស្ត្រ កាត់បន្ថយការប្រើប្រាស់ថាមពលនៅក្នុងប្រទេសខ្លួនផង។
បើទោះបីជាអឺរ៉ុបប្រឹងប្រែងស្វែងរកយុទ្ធសាស្ត្រគ្រប់បែបយ៉ាងដើម្បីដោះស្រាយវិបត្តិថាមពលនេះក្ដី ពីទស្សនៈលោកប្រធានាធិបតី រុស្ស៊ីវិញ លោកពូទីន ចាត់ទុកយុទ្ធសាស្ត្រទាំងអស់នេះថា ជា «យុទ្ធសាស្ត្រដ៏ឆោតល្ងង់»ហើយថារុស្ស៊ីនឹងដើរចេញពីកិច្ចសន្យាផ្គត់ផ្គង់ថាមពលដល់អឺរ៉ុបប្រសិនបើប្រទេសនៅអឺរ៉ុបហ៊ានដាក់កំណត់ណាមួយមកលើរុស្ស៊ី។ នេះជាអ្វីដែលលោក ពូទីន ថ្លែងនៅក្នុងវេទិកា សេដ្ឋកិច្ចបូព៌ា នៅថ្ងៃពុធ ទី៧ ខែកញ្ញា។
នៅក្នុងវិស័យសេដ្ឋកិច្ចវិញ មេដឹកនាំរុស្ស៊ីព្យាយាមពន្យល់ម្ដង ហើយម្ដងទៀតថា ទណ្ឌកម្មពីបណ្ដាប្រទេសលោកខាងលិច និង «ប្រតិបត្តិការពិសេសរបស់រុស្ស៊ីនៅអ៊ុយក្រែន»មិនមែនជាកត្តាតែមួយគត់ដែលជះឥទ្ធិពលធ្ងន់ធ្ងរដល់សេដ្ឋកិច្ចរបស់ពិភពលោកនោះឡើយ។ លោកពូទីន អះអាងថា ផលិតផលក្នុងស្រុកសរុបរបស់រុស្ស៊ី អាច នឹងធ្លាក់ចុះប្រហែលតែ២ភាគរយ ឬលើសជាងនេះបន្តិចនៅក្នុង ឆ្នាំ២០២២នេះដែលអត្រានេះជាការព្យាករណ៍ដែលមានលក្ខណៈសុទិដ្ឋិនិយមជាងអ្វីដែលក្រសួងសេដ្ឋកិច្ចរុស្ស៊ីបានចេញផ្សាយនាពេលកន្លងមក។
ចំណែកការដែលបស្ចិមលោកចង់ដាក់រុស្ស៊ីឲ្យនៅឯកា លោក ពូទីន ថា វាមិនអាចធ្វើទៅរួចទេ។ ទៅមិនរួចព្រោះរុស្ស៊ីបានចងសម្ព័ន្ធមិត្ត ជាមួយបណ្ដាប្រទេសជាច្រើននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែល ធ្វើឲ្យឥទ្ធិពលរបស់រុស្ស៊ីនៅក្នុងតំបន់នេះ កើនឡើងជាងមុនគួរឲ្យ កត់សម្គាល់។ ភាពជាដៃគូរវាងរុស្ស៊ី និងបណ្ដាប្រទេសក្នុងតំបន់ អាស៊ីប៉ាស៊ីហ្វិក នឹងបង្កើតឱកាសថ្មីយ៉ាងសម្បើមសម្រាប់ ប្រជាជនរុស្ស៊ី។ នេះបើតាមលោក ពូទីន បញ្ជាក់។
ចាប់តាំងពីរុស្ស៊ីបើកការឈ្លានពានលើប្រទេសអ៊ុយក្រែនមក និងបន្ទាប់ពីរងទណ្ឌកម្មជាបន្តបន្ទាប់ពីប្រទេសលោកខាងលិច រុស្ស៊ីបានធ្វើដំណើរឆ្លងទ្វីប មកតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បី ពង្រឹងទំនាក់ទំនងជាមួយបណ្ដាប្រទេសក្នុងតំបន់នេះ ដូចជា ប្រទេសមីយ៉ាន់ម៉ា ថៃ វៀតណាម កូរ៉េខាងជើង និងប្រទេសចិន ជាដើម។
ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំប្រទេសចិន លោក Andrey Denisov បានថ្លែងប្រាប់សារព័ត៌មានថា លោកប្រធានាធិបតីពូទីន និង លោកប្រធានាធិបតី ស៊ី ជិនពីង នឹងជួបគ្នានាសប្ដាហ៍ក្រោយ ក្នុង ប្រទេសអូបេគីស្ថានអំឡុងពេលដែលលោកទាំងពីរ ចូលរួមកិច្ច ប្រជុំកំពូលនៅក្នុងតំបន់។ នេះគឺជាការជួបគ្នាដោយផ្ទាល់ជា លើក ដំបូងរវាងមេដឹកនាំនៃប្រទេសទាំងពីរនេះ ចាប់តាំងពីរុស្ស៊ី បើកការឈ្លានពានលើអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២មក។
គួររំឭកដែរថា ប៉ុន្មានថ្ងៃមុនពេលឈ្លានពានអ៊ុយក្រែន លោក ពូទីន និងលោក ស៊ី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ បង្ហាញពី ការប្ដេជ្ញាអំពីទំនាក់ទំនង «គ្មានដែនកំណត់» រវាងចិននិងរុស្ស៊ី។
ចំណែកនៅថ្ងៃអង្គារ ទី៦ ខែកញ្ញា ដើមសប្ដាហ៍នេះ លោក ពូទីន បានចូលរួមសង្កេតមើលសមយុទ្ធយោធា នៅភាគខាងកើតប្រទេស រុស្ស៊ី។ ជាសមយុទ្ធយោធាដ៏ធំសម្បើមមួយ ដែលមានការចូលរួម ពីកងកម្លាំងរបស់ចិនផងដែរ។
ដើម្បីពង្រឹងទំនាក់ទំនងឲ្យកាន់តែជិតស្និទ្ធថែមទៀត រុស្ស៊ីនិងចិន នៅថ្ងៃអង្គារ ទី៦ ខែកញ្ញា បានព្រមព្រៀងគ្នា ទូទាត់ការទិញ ដូរប្រេងរបស់រុស្ស៊ី ជាប្រាក់រូប្លិ៍របស់រុស្ស៊ីផង និងប្រាក់យ័នរបស់ ចិនផង ជំនួសឲ្យប្រាក់ដុល្លារដែលធ្លាប់ប្រើប្រាស់កន្លងមក។ នេះជាយុទ្ធសាស្ត្រដែលលោក ពូទីន ពន្យល់នៅថ្ងៃពុធ ទី៧ ខែកញ្ញាថា នឹងបង្ក «ការហិនហោច» ដល់ប្រាក់ដុល្លាររបស់អាមេរិក ប្រាក់អឺរ៉ូរបស់សហភាពអឺរ៉ុប និងប្រាក់ផោនរបស់អង់គ្លេស។ មិនត្រឹមតែប៉ុណ្ណោះ វាក៏ជាឱកាសជួយឲ្យរុស្ស៊ីអាចពង្រឹងអំណាច រូបិយបណ្ណរបស់ខ្លួនវិញផងដែរ៕
ដោយ៖កែវ កិរិយា