អាល្លឺម៉ង់ ចង់កែសម្រួលច្បាប់ ដើម្បីអនុញ្ញាតឲ្យជន អន្តោប្រវេសន៍ ងាយចូលសញ្ជាតិ

អាល្លឺម៉ង់៖ អាល្លឺម៉ង់ជាក្បាលម៉ាស៊ីនមួយរបស់សហភាពអឺរ៉ុប ហើយជាប្រទេសមានសេដ្ឋកិច្ចជឿនលឿន ដែលបើកដៃទទួលជនភៀសខ្លួន បរទេសច្រើន គួរឲ្យកត់សម្គាល់។

នាពេលកន្លងទៅ អាល្លឺម៉ង់បានទទួលជនភៀសខ្លួនជាច្រើនប្រទេស តួយ៉ាងមានមកពីប្រទេសស៊ីរី និង អាហ្វហ្កានីស្ថាន។ល។ និងថ្មីៗនេះ ពី អ៊ុយក្រែន ដែលធ្លាក់ក្នុងសង្គ្រាមឈ្លានពានពីរុស្ស៊ី។

ដើម្បីទាក់ទាញអ្នកធ្វើការមានជំនាញឯកទេសច្បាស់លាស់ និងដែល អាចជួយជំរុញសន្ទុះកំណើនសេដ្ឋកិច្ចផង, រដ្ឋាភិបាលអាល្លឺម៉ង់ ចង់ រំលាយចោលរនាំងឧបសគ្គខាងការិយាធិបតេយ្យ ហើយនិងកែ សម្រួល បទដ្ឋានច្បាប់មួយចំនួន ក្នុងការពន្លឿននីតិវិធីសុំ ចូល សញ្ជាតិ។ នេះគឺបើតាមគម្រោងការថ្មីដែលរដ្ឋាភិបាលក្រុងប៊ែរឡាំង បានដាក់បង្ហាញ កាលពីថ្ងៃពុធ ទី៧ខែកញ្ញាឆ្នាំ២០២២។

សព្វថ្ងៃ មានជនភៀសខ្លួនរស់នៅអាល្លឺម៉ង់ ប្រមាណ ១៣០ ០០០ នាក់។ ទន្ទឹមនឹងគ្នានេះ រដ្ឋសហព័ន្ធអាល្លឺម៉ង់ ចង់ឲ្យអ្នកសុំសិទ្ធ ជ្រកក្រោននិងសុំសញ្ជាតិ អាចមានសញ្ជាតិច្រើនបាន។
ការទទួលបានសញ្ជាតិ អាចធ្វើទៅបាន ក្នុងរយៈពេលប្រាំឆ្នាំ និងបីឆ្នាំ ករណីពិសេសចំពោះអ្នកដែលអាចចូលសមរណកម្មសម្របខ្លួនបានល្អក្នុងសង្គម។ អ្នកជំនាញមើលឃើញថា ការណ៍ដែលមេដឹកនាំ អាល្លឺម៉ង់ ចង់ធ្វើដូច្នេះ ក៏ព្រោះតែប្រទេសនេះ កំពុងតែខ្វះកម្លាំង ពលកម្ម។
ប្រមុខរដ្ឋាភិបាលសង្គម-ប្រជាធិបតេយ្យ លោក អូឡាហ្វ ស្ហុលស៍ (Olaf Scholz) ដែលដឹកនាំប្រទេសជាមួយក្រុមបក្សបរិស្ថាន និយមនិងបក្សសេរីនិយម គឺត្រូវដាក់បង្ហាញពីគម្រោងផែនការ លម្អិតនិងច្បាស់លាស់ នៅរវាងប៉ុន្មានខែខាងមុខនេះ។

វិទ្យាស្ថានសហព័ន្ធស្រាវជ្រាវពីការងារ (IAB) បានឲ្យដឹងថា៖ «អាល្លឺម៉ង់ ប្រឈមនឹងស្ថានភាពប្រជាជនចាស់ទៅៗ ហើយ និងបរិបទសង្គមពោរពេញដោយឱកាសការងារ។ ចាប់ពីពេល នេះទៅប៉ុន្មានឆ្នាំទៀត អាល្លឺម៉ង់ ត្រូវការជនអន្តោប្រវេសន៍ដែល ជាកម្លាំងការងារ ប្រមាណបួនម៉ឺន ទៅប្រាំម៉ឺននាក់ក្នុងមួយឆ្នាំៗ។»។
ក៏ប៉ុន្តែ ឯកសាររបស់រដ្ឋាភិបាលអាល្លឺម៉ង់ បានព្យាករណ៍ថា៖ «កង្វះកម្លាំងពលកម្ម ពីពេលនេះ ទៅឆ្នាំ២០២៦ គឺអាច ប្រហាក់ ប្រហែល ២៤ម៉ឺននាក់។» ចំនួននេះ តិចជាងពីរដងបើបៀប នឹងការសិក្សាពីឆ្នាំមុន។ នេះក៏ព្រោះថា អាល្លឺម៉ង់បានទទួល ជនភៀសខ្លួនមកពីអ៊ុយក្រែន។
គួររំឮកថា នៅឆ្នាំ ២០១៥-១៦ ជនអន្តោប្រវេសន៍ប្រមាណមួយ លាននាក់ បានហូរចូលទឹកដីអាល្លឺម៉ង់។ ក្នុងនោះ ក៏មានជនជាតិ អាហ្វហ្គានីស្ថាន ដែរ។

ចំពោះមុខកាលៈទេសៈសព្វថ្ងៃនេះ អាល្លឺម៉ង់ មិនអាចនឹងបញ្ចូន ជនជាតិអាហ្វហ្គានីស្ថានរស់នៅខុសច្បាប់ ឲ្យត្រឡប់ទៅប្រទេស ដើមរបស់ពួកគេទេ ព្រោះថា ពួកតាលីបង់ឡើងកាន់អំណាច អាហ្វហ្គានីស្ថាន។ កាលពីឆ្នាំទៅមិញ, ពេលក្រុងកាប៊ុលធ្លាក់ ក្នុងដៃពួកតាលីបង់។ អាល្លឺម៉ង់ក៏បានទទួលជនភៀសសឹកពី អាហ្វហ្គានីស្ថាន បន្ថែមទៀតដែរ៕ ដោយ៖ សេរី ឧត្តម

ads banner