ស្ថានទូតចិនប្រចាំកម្ពុជា អំពាវនាវជាថ្មី កុំឲ្យពលរដ្ឋជឿការឆបោក របស់ឧក្រិដ្ឋជនថា មកធ្វើការនៅកម្ពុជាមានប្រាក់ខែខ្ពស់

ភ្នំពេញ៖ ស្ថានទូតចិនប្រចាំនៅកម្ពុជា បានអំពាវនាវជាថ្មី កុំឲ្យប្រជាពលរដ្ឋរបស់ខ្លួនចាញ់បោកការឃោសនាពីក្រុមឆបោកមួយចំនួន ដែលអះអាងថា ការមកធ្វើការនៅកម្ពុជានឹងទទួលបានប្រាក់ខែខ្ពស់។

តាមរយៈគេហទំព័ររបស់ខ្លួននៅថ្ងៃទី៧ ខែកញ្ញាឆ្នាំ២០២២ ស្ថានទូត ចិនប្រចាំកម្ពុជា បានរំលឹកពលរដ្ឋកុំឲ្យចាញ់បោកក្រុមឧក្រិដ្ឋជន ខណៈ បទល្មើសឆបោកតាមប្រព័ន្ធអ៊ីនធឺណិតនៅកម្ពុជា កំពុង កើនឡើង។

ស្ថានទូតចិនប្រចាំកម្ពុជា បានកត់សម្គាល់ថា ពលរដ្ឋចិនត្រូវ បាន ចាប់ជំរិត និងរឹតត្បិតសេរីភាពផ្ទាល់ខ្លួន ដោយក្រុមបោកប្រាស់ល្បែង ស៊ីសង តាមប្រព័ន្ធអ៊ីនធឺណិតនៅកម្ពុជា បានកើតឡើងជាបន្តបន្ទាប់ នៅមួយរយៈចុងក្រោយនេះ។ ភាគច្រើននៃការចាប់ជំរិត គឺដោយសារ ពលរដ្ឋចិនបានចាញ់បោកការឃោសនាអំពីឱកាសការងារនៅកម្ពុជា ថានឹងទទួលបានកម្រៃខ្ពស់។ បញ្ហានេះ ស្ថានទូតចិនប្រចាំកម្ពុជា បានរំឭកពលរដ្ឋខ្លួនជាថ្មីថា៖ «កុំឱ្យជឿលើការឃោសនាក្លែងក្លាយ នៃក្រុមល្បែងស៊ីសង និងក្រុមបោកប្រាស់ ហើយរត់មកកម្ពុជា ខុស ច្បាប់»។

ប្រឈមនឹងបញ្ហាដូច្នេះ រដ្ឋាភិបាលកម្ពុជានិងចិន បានសហការគ្នា បន្ថែមសេវាកម្មពិសេសសម្រាប់បណ្តាញជនជាតិចិន ដើម្បី រាយការណ៍ ដល់អាជ្ញាធរស្នើសុំការអន្តរាគមន៍ជាបន្ទាន់។

បើតាមក្រសួងមហាផ្ទៃ បច្ចុប្បន្នអាជ្ញាធរបានបង្កើតប្រព័ន្ធ Hotline ពិសេស ដើម្បីទទួលការរាយការណ៍ពីករណីឆបោក និងជួញដូរ មនុស្ស នៅកម្ពុជា។

ត្រឹមថ្ងៃទី៥កញ្ញាឆ្នាំ២០២២ គណនីហ្វេសប៊ុកមួយ ក្នុង ចំណោម គណនី និងប្រព័ន្ធ Hotlineចំនួនបួន ដែលបើក ទទួលពាក្យ បណ្ដឹងពីពលរដ្ឋ ហើយទទួលបានបណ្ដឹងសុំអន្តរាគមន៍ ចំនួន១១៧បណ្ដឹង ពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស។ បណ្តឹងទាំង១១៧នោះ គឺពាក់ព័ន្ធនឹងការស្នើអន្តរាគមន៍ ជួយសង្គ្រោះជនបរទេស ដែលត្រូវបានអះអាងថាត្រូវបានបង្ខាំង និងជួញដូរកម្លាំងពលកម្ម ក្នុងប្រទេសកម្ពុជា។
បើតាមក្រសួងមហាផ្ទៃ អំពើបង្ខាំង និងជួញដូរកម្លាំងពលកម្ម ភាគច្រើនកើតមាននៅតាមក្រុមហ៊ុនល្បែងស៊ីសង ឬកាស៊ីណូ ខណៈជនរងគ្រោះភាគច្រើន ជាជនជាតិ ចិន វៀតណាម និង ម៉ាឡេស៊ី។

ក្រសួងមហាផ្ទៃ អះអាងថា ជនបរទេសមួយចំនួនធំ បានចូលមក កម្ពុជាដោយខុសច្បាប់ តាមរយៈមេក្លោងនៅប្រទេសរបស់គេ និងបក្សពួកនៅកម្ពុជា ដោយសន្យាផ្ដល់ការងារប្រាក់ខែខ្ពស់។ ករណីនេះ គឺពួកគេត្រូវបានចាញ់បោក និងគំរាមកំហែង ក្រោម រូបភាពផ្សេងៗ ដូចជា ការធ្វើការលើសកម្លាំងពលកម្ម ដោយ មិនទទួលបានប្រាក់ខែ និងត្រូវបានផ្ទេរពីក្រុមហ៊ុនមួយ ទៅ ក្រុមហ៊ុនមួយទៀត។

គួរបញ្ជាក់ថា ក្នុងរយៈពេលប្រាំបីខែឆ្នាំ២០២២នេះ អាជ្ញាធរ បានជួយសង្រ្គោះជនរងគ្រោះចំនួន ៨៦៥នាក់ ពីបទល្មើស ជួញដូរមនុស្ស ខណៈជនសង្ស័យ៦០នាក់ត្រូវបានឃាត់ខ្លួន។ នេះបើតាមការបញ្ជាក់របស់សម្ដេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៦ខែសីហាកន្លងទៅ។
ទោះកំពុងប្រឈមខ្លាំងនឹងបទល្មើសជួញដូរមនុស្សក្តី ក៏សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃបាន អះអាងថា កម្ពុជានៅតែបន្តប្តេជ្ញាចិត្ត ក្នុងការប្រយុទ្ធប្រឆាំង នឹង អំពើឆបោក ជំរិតទារប្រាក់តាមប្រព័ន្ធបច្ចេកវិទ្យា បទល្មើស គ្រឿងញៀន និងសំអាតប្រាក់ ល្បែងស៊ីសងអនឡាញខុសច្បាប់ ព្រមទាំងជួយការពារជនរងគ្រោះទាំងពលរដ្ឋកម្ពុជា និងជនបរទេស៕ ដោយ៖សេក ប្រាក់

ads banner