រដ្ឋបាលខេត្តសៀមរាប ច្រានចោលចំពោះការចោទប្រកាន់របស់បុគ្គល ខឹម វាសនា

ភ្នំពេញ៖រដ្ឋបាលខេត្តសៀមរាប បានបញ្ជាក់ថា “បុគ្គល ខឹម វាសនា នៅតែបន្តចេតនាអាក្រក់ បន្តភូតភរកុហកបោកប្រាស់ ចោទប្រកាន់ និងដាក់បន្ទុកមកលើដំណោះស្រាយរបស់ប្រតិភូក្រសួងមហាផ្ទៃ និងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្នុងន័យបង្វែរការចាប់អារម្មណ៍អ្នកគាំទ្រខ្លួន ឬចាញ់ឧបាយកលបោកប្រាស់របស់ខ្លួនកន្លងមក។ ជុំវិញលិខិតស្នើសុំរបស់លោក នី ចាន់ពិនិត្យ មករដ្ឋបាលខេត្ត គឺជាបញ្ហាផ្ទៃក្នុងរបស់គណបក្ស LDP រវាងលោក នី ចាន់ពិនិត្យ ជាសមាជិកអចិន្ត្រៃយ៍គណបក្សជាម្ចាស់ដី និងលោក ខឹម វាសនា ប្រធានគណបក្សតែប៉ុណ្ណោះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តសៀមរាបនៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២។

រដ្ឋបាលខេត្តសៀមរាប បានរៀបរាបថា នៅវេលាម៉ោងប្រមាណ១២ ថ្ងៃត្រង់ ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ លោក ខឹម វាសនា បន្តផ្សព្វផ្សាយលើគណនីហ្វេសប៊ុករបស់ខ្លួន ដោយចោទប្រកាន់ថា មានការយកប្រាក់ចំនួន១០ម៉ឺនទៅ២០ម៉ឺនរៀល សម្រាប់ការដឹកជញ្ជូនប្រជាពលរដ្ឋដែលស្ម័គ្រចិត្តចាកចេញពីទីតាំងប្រមូលផ្ដុំទៅលំនៅឋាន និងមិនបានផ្ដល់បាយទឹក។ ក្នុងន័យនេះ ដើម្បីទទួលបានព័ត៌មានពិត រដ្ឋបាលខេត្តសៀមរាប សូមបញ្ជាក់ជូន សាធារណជននូវព័ត៌មាននានាជុំវិញហេតុការណ៍នៃការប្រមូលផ្ដុំដូចខាងក្រោម៖

ចាប់ពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ លោក ខឹម វាសនា បានបង្ហោះព័ត៌មាន ក្នុងបណ្តាញសង្គមហ្វេសប៊ុក អំពាវនាវឱ្យសកម្មជនអ្នកគាំទ្រគណ បក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) និង ប្រជាពលរដ្ឋមកពីបណ្តារាជធានី ខេត្ត និងក្រៅប្រទេស មកធ្វើការប្រមូលផ្តុំនៅដីចម្ការម្រេច ស្ថិតនៅភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ថាអវសាន្តពិភពលោកដោយសារទឹកលិចអំឡុងពេលមួយសប្ដាហ៍។

ការផ្សព្វផ្សាយព័ត៌មាននេះ ជាការប្រឌិតព័ត៌មាន គ្មានមូលដ្ឋានវិទ្យាសាស្ត្រ ការផ្សព្វផ្សាយ ជំនឿអរូបិយប្រឌិត រវើរវាយខុសពីការពិត និងជាក់ស្ដែងជាច្រើន ដូចជាករណីគ្មានហេតុការណ៍ទឹកលិច ឬអវសាន្តពិភពលោកក្នុងអំឡុងពេលមួយសប្តាហ៍ ដូចការលើកឡើងរបស់លោក ខឹម វាសនា នោះឡើយ។ មិនតែប៉ុណ្ណោះ ផលវិបាកជាច្រើនដែលកើតមកពីការប្រមូលផ្តុំនេះ រួមមានជាអាទិ៍៖ បញ្ហាទំនាក់ទំនងក្នុងគ្រួសារ បញ្ហាជីវភាព ការបាត់បង់ការងារ ការលះបង់ទ្រព្យសម្បត្តិ ការខាតពេលវេលា ការអាក់ខានការសិក្សារបស់ក្មួយៗសិស្សានុសិស្ស បញ្ហាសុខភាព ការប្រឈមនឹងជំងឺកូវីដ-១៩ និងជំងឺផ្សេងៗ។

ក្រោមការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោនាយករដ្ឋមន្តី ជាប្រមុខ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានរៀបចំក្រុមគ្រូពេទ្យ រថយន្តសង្គ្រោះ រថយន្តដឹកជញ្ជូន ប្រជាពលរដ្ឋទៅលំនៅឋានវិញ និងចែកអាហារដោយមិនគិតថ្លៃបានចំនួន១៩នាក់ និងរថយន្តចំនួន ៣គ្រឿង។ បងប្អូនប្រជាពលរដ្ឋ និងសកម្មជនLDP ភាគច្រើនសម្រេចចិត្តធ្វើដំណើរទៅលំនៅឋានវិញ ដោយមធ្យោបាយផ្ទាល់ខ្លួន ឬញាតិមិត្ត ឬជួលមធ្យោបាយដឹកជញ្ចូនក្រៅ។ ដោយឡែក លោក នី ចាន់ពិនិត្យ ដែលជាម្ចាស់ដីនៅទីតាំងប្រមូលផ្តុំ បានបង្ហាញឆន្ទៈចំពោះមុខសមត្ថកិច្ចជាច្រើនលើកច្រើនសារក្នុងការរំសាយការប្រមូលផ្តុំ រហូតដល់សុពលភាពចុងក្រោយនៅវេលាម៉ោង១៧៖០០ ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ ២០២២ តែនៅមានបងប្អូនប្រជាពលរដ្ឋមួយចំនួន នៅបន្តស្នាក់នៅមិនព្រមត្រឡប់ទៅវិញ ទោះបីមានការអំពាវនាវបន្ថែមពីរូបគាត់ជាម្ចាស់ដីក៏ដោយ។ នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ០២២ លោក នី ចាន់ពិនិត្យ ក៏សម្រេចចិត្តដាក់ លិខិតស្នើមករដ្ឋបាលខេត្តសៀមរាប ជួយអន្តរាគមន៍រំសាយបងប្អូន ប្រជាពលរដ្ឋដែលរស់នៅលើដីចម្ការរបស់គាត់។

រដ្ឋបាលខេត្តសៀមរាបបានបញ្ជាក់ថា “បុគ្គល ខឹម វាសនា នៅតែបន្តចេតនាអាក្រក់ បន្តភូតភរកុហកបោកប្រាស់ ចោទប្រកាន់ និងដាក់បន្ទុកមកលើដំណោះស្រាយរបស់ប្រតិភូក្រសួងមហាផ្ទៃ និងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្នុងន័យបង្វែរការចាប់អារម្មណ៍អ្នកគាំទ្រខ្លួន ឬចាញ់ឧបាយកលបោកប្រាស់របស់ខ្លួនកន្លងមក។ ជុំវិញលិខិតស្នើសុំរបស់លោក នី ចាន់ពិនិត្យ មករដ្ឋបាលខេត្ត គឺជាបញ្ហាផ្ទៃក្នុងរបស់គណបក្ស LDP រវាង លោក នី ចាន់ពិនិត្យ ជាសមាជិកអចិន្ត្រៃយ៍គណបក្ស ជាម្ចាស់ដី និងលោក ខឹម វាសនា ប្រធានគណបក្សតែប៉ុណ្ណោះ”។

ទោះបីជាយ៉ាងនេះក្តី រដ្ឋបាលខេត្តសៀមរាប សូមស្វាគមន៍ និងស្នើដល់លោក ខឹម វាសនា និងបងប្អូនប្រជាពលរដ្ឋ ដែលបានរងគ្រោះដូចការចោទប្រកាន់ សូមបង្ហាញភស្តុតាងដល់ក្រុមការងារ រដ្ឋបាលខេត្តសៀមរាប ដែលមានស្នាក់ការបណ្តោះអាសន្នមុខចម្ការម្រេច នៅភូមិថ្មដល់ ឃុំត្បែង ស្រុកបន្ទាយស្រី ឬ សាលាខេត្តសៀមរាប ឬ ទំនាក់ទំនងទូរស័ព្ទលេខ ០៧៨ ៨០០ ៩៨៨៕
ដោយ៖ពលជ័យ

ads banner