សម្តេចក្រឡាហោម ស ខេង អំពាវនាវសាធារណជនចូលរួមទប់ស្កាត់អំពើឧក្រិដ្ឋ (Video Inside)

កម្ពុជាកំពុងតែព្យាយាមប្រឹងប្រែងលាងជំរះការដាក់ឈ្មោះប្រទេសកម្ពុជាចេញពី «បញ្ជីប្រផេះ» និងចេញពីចំណាត់ Tier3 នៃអំពើជួញដូរមនុស្ស។

ក្រុមការងារហិរញ្ញវត្ថុអន្តរជាតិ ហៅកាត់ថា FATF ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស បាន ដាក់កម្ពុជាក្នុងប្រទេសនៃបញ្ជីប្រផេះជាលើកទី២ក្នុងឆ្នាំ២០១៩ និងបានស្នើកម្ពុជាត្រូវធ្វើ កិច្ចការនេះឱ្យប្រសើរ និងមានប្រសិទ្ធភាពបំបាត់ចោលនូវឧក្រិដ្ឋកម្មហិរញ្ញវត្ថុទាំងនេះ។

ប្រទេសដែលស្ថិតក្នុងបញ្ជីប្រផេះរបស់អង្គការ FATF គឺជាក្រុមប្រទេសដែលមានហានិភ័យ ខាងអំពើលាងលុយកខ្វក់ ដែលពិភពលោកត្រូវបង្កើនការតាមដាន។ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងក្នុងពិធីសម្ពោធអគារធ្វើការ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញថ្ងៃនេះបញ្ជាក់ថាការដាក់កម្ពុជាក្នុងបញ្ជីប្រផេះនេះវាជាគ្រោះថ្នាក់មួយនៃដំណើរការសេដ្ឋកិច្ចជាតិ។

កម្ពុជាចាប់តាំងពីបានស្ថិតក្នុងបញ្ជីប្រផេះនោះមក បានប្រឹងប្រែងធ្វើកិច្ចការនេះជាខ្លាំង ដើម្បី ការនាំប្រទេសរបស់ខ្លួនចេញពីប្រទេសនៃបញ្ជីប្រផេះនេះ ជាពិសេសការអនុវត្តគម្រោងផែន ការសកម្មភាព១៤ចំណុចដាក់ចេញដោយអង្គការ FATF ។

ចំណែកចំណាត់Tier3 នៃអំពើជួញដូរមនុស្ស គឺជាចំណាត់ថ្នាក់ទាបបំផុតមួយដែលក្រសួង ការបរទេសអាមេរិកបានដាក់មកលើកម្ពុជាសម្រាប់ឆ្នាំ២០២២នេះ។ ការដាក់កម្ពុជាជាប្រទេស នៃចំណាត់ថ្នាក់ទាប Tier3 នៃអំពើជួញដូរមនុស្ស ក៏ជាការធ្វើឱ្យកម្ពុជាបានប៉ះពាល់ដល់ កិត្តិយសផងនិងការវិនិយោគថែមទៀត។

សម្តេចក្រឡាហោម ស ខេង បានអំពាវដល់សាធារណជនទាំងអស់ចូលរួមជាមួយនឹងរាជរដ្ឋាភិបាល ធ្វើការទប់ស្កាត់រារាំងអំពើសកម្មទាំងនោះ ដើម្បីនាំកម្ពុជារួចផុតពីបញ្ជីប្រផេះនៃអង្គការហិរញ្ញវត្ថុអន្តរជាតិ និងចេញឱ្យបានពីចំណាត់ថ្នាក់ Tier៣ នៃអំពើជួញដូរមនុស្សនេះ។

ads banner