រលកធំពន្លិចទូកអ្នកនេសាទក្នុងផ្ទៃសមុទ្ទខេត្តព្រះសីហនុ (Video Inside)

មនុស្ស៤នាក់ត្រូវបានជួយសង្គ្រោះគ្រាដែលទូកនេសាទរបស់ពួកគេបានលិចក្នុងទឹកសមុទ្ទ។ ហេតុការណ៍បានកើតឡើងនាកណ្ដាលផ្ទៃសមុទ្រក្នុងចំណុចកោះវ៉ាង នៃព្រំប្រទល់ខេត្ត ព្រះសីហនុ និងកោះកុង នៅថ្ងៃទី៨កញ្ញានេះ ខណៈទឹករលកធំៗបានបោកពន្លិចទូកនេសាទ ផ្ទុកមនុស្សទាំង៤នាក់នោះ។ សេចក្តីរាយការណ៍ខេត្តបានថ្លែងថា សមត្ថកិច្ច និងក្រុមអូរប័រ របស់ឧកញ៉ា ទៀ វិចិត្រ បានចាត់វិធានការជួយសង្គ្រោះទាន់ពេលវេលា ដោយមិនបណ្ដាល អ្នកណាម្នាក់បានរងគ្រោះថ្នាក់ឡើយ។

ជនរងគ្រោះទាំង៤នាក់រួមមាន៖ ទី១៖ ឈ្មោះ ចាន់ ពិសាល អាយុ៣៥ឆ្នាំ, ទី២៖ ឈ្មោះ ដន ប៉ុននី អាយុ៥១ឆ្នាំ, ទី៣៖ ឈ្មោះ នាក់ ប៊ុនធឿន អាយុ៣៤ឆ្នាំ, និងទី៤៖ ឈ្មោះហុត បឹប អាយុ៣០ឆ្នាំ។

ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងរួចមកហើយ បញ្ជាក់ថា ធាតុអាកាសនាតំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងនៅក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ក្រសួងធនធានទឹកថែមទាំងបាន អំពាវនាវឲ្យ ប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវទឹក ឬប្រជានេសាទ ត្រូវបង្កើនការប្រុងប្រយ័ត្នឲ្យបាន ខ្ពស់បំផុតថែមទៀត៕

ads banner