អ្នកនាំពាក្យក្រសួងការបរទេស​បំភ្លឺ​ទៅលើ​របាយការណ៍មួយចំនួន​ទាក់ទង​នឹង​ករណី​ជនបរទេស​ដែល​ត្រូវបាន​ល្បួង​/​បោក​បញ្ឆោតឲ្យ​មក​ធ្វើការ​ដោយ​ខុសច្បាប់​នៅ​កម្ពុជា​

ភ្នំពេញ៖អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា ឯកឧត្តម ជុំ សុន្ទរី ​បានធ្វើ​ការបំភ្លឺ​​ទៅលើ​របាយការណ៍មួយចំនួន​ទាក់ទង​នឹង​ករណី​ជនបរទេស​ដែល​ត្រូវបាន​ល្បួង​/​បោក​បញ្ឆោតឲ្យ​មក​ធ្វើការ​ដោយ​ខុសច្បាប់​នៅ​កម្ពុជា ជាពិសេស​អំពី «​ភាព​ធ្ងន់ធ្ងរ​» នៃ​បញ្ហា​នេះ និង «​ស្ថានភាព​ដ៏​អាក្រក់​» ដែល​ជនរងគ្រោះ​ទទួលរង ហើយ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មុខមាត់​កម្ពុជា ក៏ដូចជា​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​អាជ្ញា​ធរមាន​សមត្ថ​កិច្ច​ដើម្បី​ជួយសង្គ្រោះ​ជនរងគ្រោះ ក្នុងការ​ប្រយុទ្ធប្រឆាំង​យ៉ាង​ស្វិតស្វាញ​នឹង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​នេះ ដែល​បាននិងកំពុង​កើតឡើង​នៅ​គ្រប់ទីកន្លែង​ក្នុង​ពិភពលោក ។

អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា ឯកឧត្តម ជុំ សុន្ទរី(រុបថតឯកសារ)

ក្នុងសេចក្តីបំភ្លឺកម្រាស់ចំនួនបួនទំព័រនៅព្រឹកថ្ងៃទី៩ខែកញ្ញាឆ្នាំ២០២២នេះ អ្នកនាំពាក្យ​ក្រសួងការបរទេស​បានធ្វើ​ការបំភ្លឺ​ដូច​ទៅ៖

១. ស្ថានភាព​នៃ​ការជួញដូរ​មនុស្ស​នៅ​កម្ពុជា​មិន​ធ្ងន់ធ្ងរនិង​អាក្រក់​ដូច​ការលើកឡើង​នោះទេ​
ក​. អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​៖ មានតែ​១៩​ករណី​ប៉ុណ្ណោះ ក្នុងចំណោម​ពាក្យបណ្តឹង​ចំនួន​១០៤​ករណី ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​បង្ខាំង និង​ជំរិត​ទារប្រាក់​
សេចក្តីរាយការណ៍​រប​ស់​សារព័ត៌មាន​ហ្វ្រេស​ញូ​ស៍ (Fresh News) នៅ​ថ្ងៃទី ០៤ កញ្ញា ២០២២៖

  • ឯកឧត្តម ខៀវ សុភ័គ រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ចាប់ពី​ថ្ងៃទី​០១ ខែមករា ដល់​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០២២ អាជ្ញាធរមាន​សមត្ថកិច្ច​កម្ពុជា​បាន​បើក​ប្រតិបត្តិ​ការចុះ​ត្រួតពិនិត្យ​លើ​បណ្តឹង​ចំនួន​១០៤​ករណី ដោយបាន​សង្គ្រោះ​មនុស្ស​ចំនួន​៩៦៨​នាក់ និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​៨២​នាក់ ប៉ុន្តែ​ក្នុងនោះ​មានតែ​១៩​ករណី​ប៉ុណ្ណោះ ដែលជា​ករណី​បង្ខាំង និង​ជំរិត​ទារប្រាក់​។ រីឯ​ករណី​ក្រៅពីនេះ អាជ្ញា​ធរមាន​សមត្ថកិច្ច​រកឃើញថា ជា​ករណី​វិវាទ​ការងារ ទំនាស់​កិច្ចសន្យា ការ​រឹតត្បិត​សេរីភាពផ្លាស់ប្តូរ​កន្លែងធ្វើ​ការងារ​ផ្ទុយ​ពី​ឆន្ទៈ ជំពាក់​ប្រាក់​ក្រុមហ៊ុន ឬ​គេចវេស​មិន​សង មិន​ពេញចិត្ត​ស្ថានភាព​រស់នៅ​និង​ស្ថានភាព​ការងារ និង​សាច់ញាតិ​ព្រួយបារម្ភ ហើយ​ប្តឹង​សមត្ថកិច្ច​ឱ្យ​តាមរក​ជាដើម​។​
    ខ​. ប្រេសិត​ម៉ាឡេស៊ី លាតត្រដាង​ករណី​ដ៏​ចម្លែក​នៃ​ជនរងគ្រោះ​ពី​ការ​ឆបោក​ការងារ​នៅ​កម្ពុជា​
    ខាងក្រោម​នេះ​គឺជា​ការដកស្រង់​ចេញ​មួយចំនួន​ពី​អត្ថបទ​របស់ Fatimah Zainal ចុះផ្សាយ​ក្នុង​សារព័ត៌មាន The Star នៅ​ថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ ២០២២ ៖
  • «​ឯកអគ្គរដ្ឋទូត​ម៉ាឡេស៊ី​ប្រចាំ​កម្ពុជា ឯកឧត្តម Eldeen Husaini Mohd Hashim មានប្រសាសន៍ថា ចាប់តាំងពី​ឆ្នាំ​២០១៨​មក ជនជាតិ​ម៉ាឡេស៊ី​ជាង​១០០​នាក់ ដែល​កំពុងធ្វើការ នៅក្នុង​ប្រទេស​កម្ពុជា ត្រូវបាន​ជួយសង្គ្រោះ​ដោយ​ស្ថានទូត​ម៉ាឡេស៊ី​នៅ​ភ្នំពេញ​។​»
  • «​វា​មាន​ទិដ្ឋភាព​មួយ​ផ្សេងទៀត​នៃ​រឿង​រាវ​នេះ​។ ជនជាតិ​ម៉ាឡេស៊ី​មួយចំនួន​បាន​បដិសេធ​មិន​ទទួល​ការជួយ​សង្គ្រោះ ឬ​ចាក​ចេញពី​ប្រទេស​កម្ពុជា​។
    «​យើង​បាន​ជួយសង្គ្រោះ​មនុស្ស​ជាច្រើន​ហើយ ក៏ប៉ុន្តែ​មាន​មនុស្ស​ជាច្រើន​មិន​ចង់​ត្រឡប់​ទៅ​ម៉ាឡេស៊ី​វិញ​ដែរ​។ ខ្លះ​រត់​ចេញពីផ្ទះ ខ្លះ​រត់គេច​ពី​ពួក​ចងការ​ប្រាក់ (Ah Long)​។​
    «​ពេលខ្លះពួកគេ​មិន​ចង់​ប្រាប់​ការពិត​ដល់​ឪពុកម្តាយ​របស់ខ្លួន​»​។ ឯកឧត្តម Eldeen បាន​បន្តថា​៖ «​នៅពេលដែល​ឪពុកម្តាយ​របស់​ពួកគេ​មិនដឹងថា​ត្រូវធ្វើ​អ្វី ពួកគេ​បង្កើត​រឿង​ថា​កូន​របស់ខ្លួន​ត្រូវបាន​គេ​ចាប់ពង្រត់ ហើយ​ត្រូវបាន​បង្ខំ​ឱ្យធ្វើ​ការ ប៉ុន្តែ​នៅពេល​យើង​បាន​ទៅ​ជួយ​ពួកគេ ពួកគេ​បាន​និយាយថា ពួកគេ​មិន​ចង់​ត្រឡប់​ទៅវិញ​ទេ​» ។​
  • «​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​បាន​មានប្រសាសន៍ថា ស្ថានទូត​បាន​ខិតខំ​យ៉ាងខ្លាំង​លើ​បញ្ហា​នេះ ព្រោះ​ស្ថានទូត​យល់​ពី​អារម្មណ៍​របស់​ឪពុកម្តាយ​ដែល​នឹករលឹក​ដល់​កូនៗ​របស់​ពួកគាត់​។​
    «​យើង​កំពុង​ព្យាយាម​យ៉ាងខ្លាំង​ដើម្បី​ជួយ​ដល់​ពួកគេ ប៉ុន្តែ​ម្នាក់ៗ​សុទ្ធ​តែមាន​ករណី​ជាក់ស្តែង​រៀងៗ​ខ្លួន​» ដោយ​លោក​បាន​កត់សម្គាល់ថា​ឪពុកម្តាយ ដែលមាន​ការខកចិត្ត​មាន​ទំនោរ​យក​ការខឹង​សម្បា​របស់​ពួកគេ​ទៅ​ជំរាប​សមាជិកសភា អ្នកតំណាង​ប្រចាំ​រដ្ឋ ឬ​សារព័ត៌មាន ទាំង​ខ្លួន​មិន​យល់​ពី​ស្ថានភាព​ពិតប្រាកដ​។​»
  • «​ជនជាតិ​ម៉ាឡេស៊ី​ខ្លះ​ចូលទៅ​កម្ពុជា​ដោយ​ខុសច្បាប់​តាម​ច្រក​សម្ងាត់ (lorong tikus) និង​ដោយ​គ្មាន​ឯកសារ​ធ្វើដំណើរ​» «​ប៉ុន្តែ​ស្ថានទូត​អាច​ស្នើសុំ​ឲ្យ​អាជ្ញាធរ បញ្ជូន​ពួកគេ​ចេញទៅ​វិញ ជំនួស​ឲ្យ​ការដាក់​ពន្ធនាគារ​»​។​
  • «​ចំពោះ​ការអះអាង​មួយចំនួន​ពី​ក្រុមគ្រួសារ​ថា ជនជាតិ​ម៉ាឡេស៊ី​ដែល​កំពុង​នៅក្នុង​មណ្ឌល​អន្តោប្រវេសន៍​កម្ពុ​ជា មិនបាន​ទទួល​អាហារ​ត្រឹមត្រូវ​ពី​ស្ថានទូត ឬ​ការប្រឹក្សា​ផ្នែក​ច្បាប់​នោះ ឯកឧត្តម Eldeen បាន​លើកឡើងថា ទាំងអស់នោះ​គឺជា​រឿង​មិន​ពិត​ទាល់តែសោះ​។​»
    «​ឯកឧត្តម Eldeen បាន​បន្ថែមថា ឯកឧត្តម​បាន​ទៅ​មើល​មណ្ឌល​អន្តោប្រវេសន៍​ក្នុង​ខេត្ត​ព្រះសីហនុ​ដោយផ្ទាល់ និង​បាន​ឃើញថា​អាហារ​ត្រូវបាន​ផ្គត់ផ្គង់​ត្រឹមត្រូវ​តាម​ពេលវេលា ហើយ​ការរស់នៅ​ក៏​មិនមាន​ភាព​ចង្អៀត​ដែរ​។​»
    «​ចំពោះ​ការ​លើកឡើងថា ​មាន​ជនជាតិ​ម៉ាឡេស៊ី​ប្រហែល​ពី ៦០ ទៅ ៧០​នាក់ នៅក្នុង​មណ្ឌល​នោះតួលេខ​ពិតប្រាកដ គឺ​ទាប​ជាង​នេះ​។​»
  • «​ឯកឧត្តម Eldeen បាន​បញ្ជាក់ថា ប្រតិបត្តិការ​ជួយសង្គ្រោះ​ជនជាតិ​ម៉ាឡេស៊ី គឺអាច​ប្រព្រឹត្តទៅបាន ដោយសារ​តែមាន​ការសហកា​រ​ពី​អាជ្ញាធរ​កម្ពុជា​។​
    «​អាជ្ញាធរ​កម្ពុជា​កំពុង​ជួយ​យើង​ច្រើនណាស់​។ ស្ថានទូត​បាននិងកំពុង​ទាក់ទង​ជាមួយ​អាជ្ញាធរ កម្ពុជា ដើម្បី​សង្គ្រោះ​ជនជាតិ​ម៉ាឡេស៊ី​ចេញពី​កន្លែង​ដែលមាន​បញ្ហា​ទាំងនោះ​។​
    «​យើង​ក៏​កំពុង​ទាក់ទង​ជាមួយ​ស្ថានទូត​ផ្សេងទៀត​ដូចជា​ស្ថានទូត​ប្រទេស​ថៃ ហ្វីលីពីន និង​ឥណ្ឌូនេស៊ី​ផងដែរ​។​»
    ឯកឧត្តម​បាន​បន្តថា​៖ «​នេះ​គឺជា​បេសកកម្ម​ដែល​ត្រូវបាន​សំរបសំរួល​គ្នា​។ យើង​មាន​បញ្ហា​ដូចគ្នា ដូច្នេះ​យើង​បាន​និយាយ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ជា​ក្រុម​។​»
    (​សំគាល់​៖ រឿងនេះ​ក៏​ត្រូវបាន​រាយការណ៍​ផងដែរ ដោយសារ​ព័ត៌មាន​ខ្មែរ​ថា​ម​ស៍ នៅ​ថ្ងៃទី​៥ កញ្ញា​និង RFI នៅ​ថ្ងៃទី​៦ កញ្ញា​)

២.មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​៖ ការចោទប្រកាន់​ពី​ការ​វះ​យក​សរីរាង្គ​ខាងក្នុង និង​ការលក់​ផ្នែក​រាងកាយ​មនុស្ស ជា​រឿងប្រឌិត​
​អត្ថបទ​ដែលមាន​ចំណងជើង​ថា «​ការ​កុហក​អំពី​ការលក់​សរីរាង្គ​មនុស្ស​៖ ក្រសួង​ច្រាន​ចោល​ការចោទប្រកាន់​ពាក់ព័ន្ធ​ទៅនឹង​ក្រុម​ទុច្ចរិត​ជួញដូរ​សរីរាង្គ​មនុស្ស​» ដោយ លោក តាំង រី​និ​ត (Taing Rinith) ចុះផ្សាយ​ក្នុង​សារព័ត៌មាន​ខ្មែរ​ថា​ម​ស៍ (Khmer Times) នៅ​ថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ​២០២២ បាន​លើកឡើងថា​៖

  • «​មន្ត្រីជាន់ខ្ពស់​មួយរូប​នៃ​ក្រសួងមហាផ្ទៃ ទទួលបន្ទុក​កិច្ចការ​ប្រយុទ្ធ​ប្រឆាំងនឹង​អំពើ​ជួញដូរ​មនុស្ស បាន​ច្រានចោល​កាលពី​ម្សិលមិញ​ការចោទប្រកាន់​របស់​ម​ន្ត្រី​ហុងកុង​មួយរូប និង​អ្នកកាសែត​តៃវ៉ាន់​ដែលថា​អង្គការ​ចាត់តាំង​ជួញដូរ​មនុស្ស​មួយចំនួន​នៅ​កម្ពុជា កំពុងធ្វើការ​វះ​យក​សរីរាង្គ​ខាងក្នុង និង​លក់​ផ្នែក​នៃ​រាងកាយ​មនុស្ស​ទៅឱ្យ​អ្នកមាន​ទ្រព្យសម្បត្តិនៅក្នុង​ទីផ្សារងងឹត​។​»
  • «​នៅពេល​ត្រូវបាន​ទំនាក់ទំនង​សាកសួរ​កាលពី​ម្សិលមិញ​ដោយសារ​ព័ត៌មាន​ខ្មែរ​ថា​ម​ស៍ លោកជំទាវ ជូ ប៊ុន​អេង អនុប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស បាន​ច្រានចោល​ការចោទប្រកាន់​នេះ​»​។​
    «​រហូតមកដល់​ពេលនេះ មិនទាន់មាន​សូម្បី​តែមួយ​ករណី​ដែល​ក្រុម​ជួញដូរ​មនុស្ស​ធ្វើការវះកាត់​យក​សរីរាង្គ​ពី​ជនរងគ្រោះ​ទៅ​លក់​។ រឿង​ទាំងនោះ​សុទ្ធតែជា​រឿងប្រឌិត »​។
    លោកជំទាវ ជូ ប៊ុន​អេង បាន​បន្ថែមថា ៖ «​ការចោទប្រកាន់​អំពី​ការវះកាត់​យក​សរីរាង្គ កើតមាន​នៅក្នុង​ប្រទេស​កម្ពុជា គឺ​មិនមែនជា​រឿង​ថ្មី​នោះទេ​»​។ «​សេណា​រី​យ៉ូ​ដែល​ត្រូវបាន​រាយការណ៍​ដោយ​ក្រុមមនុស្ស​ទាំងនោះ ក៏​ត្រូវបាន​រាយការណ៍​ផងដែរ​នៅក្នុង​ប្រទេស​កម្ពុជា ប៉ុន្តែ​របាយការណ៍​ទាំងអស់នោះ គឺ​គ្មានអ្វី​ក្រៅពី​ការ​កុហក​សម្រាប់​បម្រើ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​របស់​ជនរងគ្រោះ​ក្លែងក្លាយ​នោះទេ​»​។​

. កម្ពុជា​កំពុង​ខិតខំ​ប្រឹងប្រែង​ប្រយុទ្ធ​ប្រឆាំងនឹង​ការជួញដូរ​មនុស្ស​គ្រប់​ទម្រង់​
​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស បាន​គូសបញ្ជាក់​នៅក្នុង​សេចក្តីអំពាវនាវ ចុះ​ថ្ងៃទី ២៦ ខែសីហា ឆ្នាំ​២០២២ ថា​៖
«​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស បានដាក់​ចេញ​ផែនការ​ប្រតិបត្តិ​ការ បង្កើន​ការប្រយុទ្ធប្រឆាំង​គ្រប់​ទម្រង់​នៃ​អំពើ​ជួញដូរ​មនុស្ស ពលកម្ម​បង្ខិតបង្ខំ និង​អាជីវកម្ម​ផ្លូវភេទ ព្រមទាំង​បាន​បង្កើត «​គណៈបញ្ជាការ​ដឹកនាំ​ប្រតិបត្តិការ​» មាន​ភារកិច្ច​ដឹកនាំ និង​បញ្ជា​ដោយផ្ទាល់​នូវ​ប្រតិបត្តិ​ការបង្ក្រាប និង​ជួយសង្គ្រោះ​ជនរងគ្រោះ​។ ក្នុងន័យនេះ ខ្ញុំ​សូម​ធ្វើការ​អំពាវនាវ​ដល់​សាធារណជន​សហគមន៍​ជាតិ​-​អន្តរជាតិ ស្ថាន​តំណាង​បរទេស​ប្រចាំ​កម្ពុជា និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​របស់​មិត្ត​ភ័​ក្រ​អន្តរជាតិ សូម​បន្ត​សហការ​ផ្តល់​ព័ត៌មាន​បន្ថែមទៀត​ពា​ក់​ព័ន្ធ​អំពើ​ជួញដូរ​មនុស្ស និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ផ្សេងទៀត ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​ប្រកបដោយ​ប្រសិទ្ធភាព​បាន​ទាន់ពេលវេលា​។
​ការ​ផ្តល់ព័ត៌មាន​អាចធ្វើ​ទៅបាន​តាមរយៈ ៖
១- ទំព័រ Facebook: Samdech Krolahom Sar Kheng, Cambodian Deputy Prime Minister
២- លេខ​ទូរស័ព្ទ Hotline របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​: ១១៧ និង (+៨៥៥) ៣១ ២០១ ២៣៤៥
៣- ទំព័រ Facebook: អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ​-General Commissariat of National Police
៤- ទំព័រ Facebook: អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​-General Department of Immigration-GDI »​។
​បន្ថែម​លើ​នេះ លោកជំទាវ ជូ ប៊ុន​អេង រដ្ឋលេខាធិការ​នៃ​ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស (NCCT)​ត្រូវបាន​សារព័ត៌មាន​ខ្មែរ​ថា​ម​ស៍ (Khmer Times) ថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ​២០២២ រាយការណ៍​ថា បាន​លើកឡើងថា អាជ្ញាធរ នឹង​អាច​ចាត់វិធានការ​បានល្អ​ប្រសើ​រ​ជាង ប្រសិនបើ​មានការ​ផ្តល់នូវ​ព័ត៌មាន​លម្អិត​ដូចជា​ទីតាំង ឈ្មោះ​និង​សញ្ជាតិ​របស់​ជនរងគ្រោះ បទល្មើស និង​ព័ត៌មាន​ច្បាស់លាស់​អំពី​ជនល្មើស​។​
​លោកជំទាវ​បាន​គូសបញ្ជាក់ថា​៖ «​យើង​មិនអាច​ធ្វើការ​ស៊ើបអង្កេត និង​ឆ្មក់​ចូល​ក្រុមហ៊ុន​បានទេ ព្រោះ​វា​អាចជា​ការរំលោភ​សិទ្ធិមនុស្ស ហើយ​យើង​ចង់ឱ្យ​ជនរងគ្រោះ សាច់ញាតិ និង​មិត្តភក្តិ​របស់​ជនរងគ្រោះ ហើយ​និង​អាជ្ញាធរ​ដែល​ធ្វើ​សកម្មភាព​ដើម្បី​ផលប្រយោជន៍​ជនរងគ្រោះ ផ្តល់ព័ត៌មាន​លម្អិត​ឱ្យបាន​ច្រើន​តាម​ដែល​អាចធ្វើ​ទៅបាន នៅពេល​រាយការណ៍​ឬ​ស្វែងរក​ជំនួយ​» ៕​ដោយ៖ពលជ័យ

ads banner