អគ្គលេខាធិការ camsoc អះអាងថា សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជានឹងរៀបចំព្រឹត្តិការណ៍Pre sea game នៅដើមឆ្នាំ២០២៣ ដើម្បីធ្វើតេមុនព្រឹត្តិការណ៍ស៊ីហ្គេម
ភ្នំពេញ៖ បន្ទាប់ពីទទួលបានការគាំទ្របច្ចេកទេសពីភាគីប្រទេសវៀតណាមដែលមានបទពិសោធន៍រៀបចំការប្រកួតកម្រិតអន្តរជាតិនោះ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិCAMSOC បានប្រកាសថា សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជានឹងបង្កើតព្រឹត្តិការណ៍ Pre sea game នៅដើមឆ្នាំ២០២៣ ដោយអញ្ជើញប្រទេសជិតខាងមួយចំនួនឲ្យមកចូលរួម។
ឯកឧត្តម អះអាងថា ការរៀបចំPre sea game មុនព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ គឺជាការធ្វើតេសសមត្ថភាពជំនាញ ធ្វើតេសសាកល្បឧបករណ៍សម្ភារៈបច្ចេកវិទ្យាទាំងអស់ឲ្យដើររលូន ពិសេស ក៏ជាការធ្វើតេសមត្ថភាពកីឡាករ និងធនធានមនុស្សក្នុងសហព័ន្ធ ដើម្បីវាយតម្លៃអំពីចំណុចខ្លាំងនិងចំណុចខ្សោយ នឹងត្រៀមឲ្យបានខ្លួនឲ្យគុតមុតក្នុងការប្រកួតកីឡាស៊ីហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះតែម្តង។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ កីឡាអេឡិចត្រូនិកកម្ពុជាទទួលបានការជួយសហការរៀបចំពីដៃគូប្រទេសវៀតណាមលើសម្ភារៈ និងបច្ចេកទេស ដែលអនុស្សារណៈយោគយល់គ្នានេះ បានធ្វើឡើងកាលពីថ្ងៃទី៧ ខែ កញ្ញា ឆ្នាំ២០២២ នៅអាគារទីស្នាក់ការគណៈកម្មាធិការអូឡាំពិកកម្ពុជា៕
អត្ថបទៈជាវ ចន្ធូ



