ជនសង្ស័យ ២នាក់ត្រូវបានសមត្ថកិច្ចបង្ក្រាបបានភ្លាមៗ បន្ទាប់ពីបានធ្វើសកម្មភាពជិះម៉ូតូឆក់កាបូបស្ពាយ ពីជនជាតិបរទេសបានសម្រេច
ភ្នំពេញ ៖ ជនសង្ស័យ ២នាក់ត្រូវបានសមត្ថកិច្ចបង្ក្រាបបានភ្លាមៗ បន្ទាប់ពីបានធ្វើសកម្មភាពជិះម៉ូតូឆក់កាបូបស្ពាយ ពីជនជាតិបរទេសបានសម្រេច កាលពីថ្ងៃទី០៨ កញ្ញា ឆ្នាំ ២០២២ វេលាម៉ោង០១និង៣០នាទីយប់ នៅចំណុចមុខផ្ទះលេខ១២អា ផ្លូវលេខ៩០ ភូមិ១១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ ២នាក់រួមមាន ១-ឈ្មោះ ទូច តន អាយុ២៧ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន មិនពិតប្រាកដ និង ២-ឈ្មោះ ម៉ៅ រតនៈ អាយុ២៩ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន មិនពិតប្រាកដ (ឃាត់ខ្លួនជាក់ស្តែងនៅកន្លែងកើតហេតុទាំង២នាក់)។
ចំណែកជនរងគ្រោះ ១.ឈ្មោះ ROWLES LYDIA ERICA ភេទស្រី ជនជាតិអង់គ្លេស អាយុ២៣ឆ្នាំ មុខរបរទេសចរណ៍ ស្នាក់នៅផ្ទះសំណាក់ភូផប់ ផ្លូវ៩០ ភូមិ១១ សង្កាត់ស្រះចក ខណ្ឌដូនពេញរាជធានីភ្នំពេញ ។
សមត្ថកិច្ចបានបន្តថា ជនសង្ស័យបានធ្វើសកម្មភាពឆក់កាបូបបានសម្រេច រួចបានជិះម៉ូតូរត់គេចខ្លួនក៏ជ្រុលទៅបុកម៉ូតូកង់បីឥណ្ឌាបណ្ដាលឱ្យដួល គាប់ជួនពេលនោះកម្លាំងប៉ូលិសជំនាញខណ្ឌនិងប៉ុស្តិ៍ស្រះចក ដែលកំពុងធ្វើ សកម្មភាពល្បាតក៏បានដេញតាមបង្រ្កាបឃាត់ខ្លួនបានជាក់ ស្តែងតែម្តង។
ចំណែកវត្ថុតាងចាប់យករួមមាន ១-កាបូបស្ពាយពណ៌ខ្មៅរបស់ជនរងគ្រោះ ក្នុងនោះរួមមាន កាបូបដៃពណ៌សាច់មួយ, ទូរសព្ទដៃម៉ាក អាយហ្វូន ១១ ពណ៌ខ្មៅមួយគ្រឿង, លុយអាមេរិក ចំនួន ១៥០ដុល្លារ ,លុយវៀតណាមចំនួន ៧ម៉ឺនដុង និង សម្ភារមួយចំនួន។
បច្ចុប្បន្ននេះ ជនសង្ស័យខាងលើត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋានប៉ូលិសខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងតាមនីតិវិធី ៕
ដោយ ៖ ភារ៉ា និងប៊ុនធី

