ច្បាប់ថ្មីរបស់កូរ៉េខាងជើង បើកភ្លើងខៀវឲ្យក្រុងព្យុងយ៉ាងវាយ ប្រហារនុយក្លេអ៊ែរលើសត្រូវបាន ក្រោមហេតុផលការពារខ្លួន
កូរ៉េ៖ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើងរាយការណ៍ថា កូរ៉េខាង នជើងមានសិទ្ធិបើកការវាយប្រហារសត្រូវជាមុន ដោយប្រើអាវុធ នុយក្លេអ៊ែរ ដើម្បីជាការការពារខ្លួន ក្រោមច្បាប់ថ្មីរបស់ប្រទេស។ ច្បាប់ថ្មីនេះ ត្រូវបានអនុម័តឡើងកាលពីថ្ងៃព្រហស្បតិ៍ ដោយសភា កំពូល កូរ៉េខាងជើង ស្របពេលដែលអ្នកសង្កេតការណ៍និយាយថា ក្រុងព្យុងយ៉ាងហាក់ដូចជាកំពុងរៀបចំការបាញ់សាកល្បងអាវុធប្រល័យលោកឡើងវិញ ក្រោយផ្អាកដំណើរការតាំងពីឆ្នាំ ២០១៧។
លោកប្រធានាធិបតី គីម ជុងអ៊ុន អះអាងថា ច្បាប់នេះ គូសបញ្ជាក់ ពីការរារាំងកិច្ចពិភាក្សាស្ដីពីការរំសាយអាវុធនុយក្លេអ៊ែរ និងការវិវត្ត ទៅមុខនៃកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង ដែល «មិនអាចដើរ ថយក្រោយបាន»។ លោកថ្លែងទៅកាន់សភា ក្នុងសម្ដីដ៏មាំថា៖ «សារៈសំខាន់បំផុតនៃការបង្កើតច្បាប់ស្តីពីអាវុធនុយក្លេអ៊ែរ គឺការ ដាក់កំហិតយ៉ាងដាច់ណាត់បំផុត ដើម្បីកុំឱ្យមានការចរចាលើ អាវុធ នុយក្លេអ៊ែររបស់យើង បើទោះបីជាកូរ៉េខាងជើងត្រូវទទួលរងទណ្ឌកម្ម មួយសតវត្សរ៍ក៏ដោយ។
គួរបញ្ជាក់ថា ច្បាប់ថ្មីនេះ នឹងជំនួសឱ្យច្បាប់ស្ដីពីនុយក្លេអ៊ែរឆ្នាំ ២០១៣។ ច្បាប់ស្ដីពីនុយក្លេអ៊ែរឆ្នាំ ២០១៣ ដែលចែងថា កូរ៉េខាង ជើងអាចប្រើអាវុធនុយក្លេអ៊ែរ ដើម្បីទប់ទល់ការឈ្លានពាន ឬការ វាយប្រហារពីរដ្ឋនុយក្លេអ៊ែរណាមួយ និងការវាយប្រហារសងសឹក។ ចំណែកច្បាប់ថ្មីនេះ បើកផ្លូវឱ្យកូរ៉េខាងជើង ធ្វើការវាយប្រហារ នុយក្លេអ៊ែរទុកជាមុន បើកូរ៉េខាងជើងដឹងថា មានការវាយ ប្រហារ ដោយអាវុធប្រល័យលោកណាមួយ រៀបនឹងកើតឡើងមកលើខ្លួន។
គេមើលឃើញថា ច្បាប់ថ្មីនេះ មានលក្ខណៈស្រដៀងនឹង យុទ្ធសាស្រ្ត សម្លាប់ជាខ្សែច្រវាក់ ឬ «Kill Chain» របស់កូរ៉េខាងត្បូង ដែល នអនុញ្ញាត ឱ្យក្រុងសេអ៊ូលអាចវាយប្រហារជាមុន លើហេដ្ឋារចនា សម្ព័ន្ធ នុយក្លេអ៊ែររបស់កូរ៉េខាងជើង ប្រសិនបើមានការសង្ស័យថា ក្រុងព្យុងយ៉ាងនឹងធ្វើការវាយប្រហារមកលើខ្លួន។
ច្បាប់ថ្មីដដែលរបស់កូរ៉េខាងជើង មានចែងផងដែរ អំពីការហាមឃាត់ រាល់ការចែកព័ត៌មានទាក់ទងនឹងអាវុធនុយក្លេអ៊ែរ ឬបច្ចេកវិទ្យាជាមួយ នឹងប្រទេសផ្សេងទៀត។ នៅចំពោះមុខច្បាប់ថ្មីនេះ អ្នកវិភាគនិយាយ ថា គោលបំណងរបស់លោក គីម គឺធ្វើយ៉ាងណាឱ្យអន្តរជាតិ ទទួល យកកូរ៉េខាងជើងក្នុងឋានៈជារដ្ឋដែលមានអំណាចនុយក្លេអ៊ែរមួយដែរ ក្នុងចំណោមប្រទេសមហាអំណាចនុយក្លេអ៊ែរផ្សេងទៀត៕
ដោយ៖ហួន ឌីណា