បារាំងនិងរ៉ូម៉េនីចុះកិច្ចព្រមព្រៀងនាំចេញទិន្នផលកសិកម្មអ៊ុយក្រែនតាមផ្លូវគោក
បារាំង៖នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ បារាំងនិងរ៉ូម៉េនីចុះកិច្ច ព្រមព្រៀង ថ្មីមួយ ដើម្បីជំរុញការនាំចេញទិន្នផលកសិកម្មអ៊ុយក្រែន តាមរយៈការដឹកជញ្ជូនផ្លូវគោក ខណៈរុស្ស៊ីចង់ឆារចោល កិច្ច ព្រមព្រៀង ការដឹកជញ្ជូនតាមផ្លូវទឹកជាមួយអ៊ុយក្រែន។
កិច្ចព្រមព្រៀងដ៏ថ្មីសន្លាងមួយនេះ ធ្វើឡើងដើម្បីបំពេញតម្រូវការ ស្រេកឃ្លានរបស់ពិភពលោក ដែលកើតចេញពីវិបត្តិសង្គ្រាម នៅ អ៊ុយក្រែន។
រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនបារាំង លោក ក្លេម៉ង់ បូន (Clément Beaune) បានផ្តល់បទសម្ភាសន៍ឱ្យវិទ្យុបារាំង France Inter កាលពីល្ងាចថ្ងៃអាទិត្យ ទី១១ ខែកញ្ញានិយាយថា កិច្ចព្រមព្រៀង ថ្មីជាមួយប្រទេសរ៉ូម៉េនីនេះធ្វើឡើង ដើម្បីបង្កើនការនាំចេញគ្រាប់ ធញ្ញជាតិរបស់អ៊ុយក្រែន ក្នុងការដោះស្រាយវិបត្តិស្បៀងនៅអ៊ឺរ៉ុប និងពិសេសនៅប្រទេសកំពុងអភិវឌ្ឍ។ តាមរយៈកិច្ចព្រមព្រៀង គ្រាប់ធញ្ញជាតិត្រូវដឹកចេញពីអ៊ុយក្រែនឆ្ពោះមកកាន់អឺរ៉ុប មុននឹង ដឹកចេញទៅកាន់ប្រទេសកំពុងអភិវឌ្ឍន៍ នៅតំបន់ម៉េឌីទែរ៉ាណេ។
ក្រៅតែពីការដឹកជញ្ជូនផ្លូវគោក កិច្ចព្រមព្រៀងថ្មីរវាងបារាំងនិងរ៉ូម៉េនី នេះ ក៏បានការពង្រឹងការដឹកជញ្ជូនទិន្នផលកសិកម្មតាមផ្លូវទឹកនៅ តាមព្រំដែនជាមួយគ្នាដែរ។
គួរដឹងថា ប្រទេសរូម៉ានី ជាច្រកផ្លូវសំខាន់មួយដែលអាចប្រើប្រាស់ ដើម្បី នាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនបាន។ រូម៉ានីក៏ជា ប្រទេស នៅសហភាពអឺរ៉ុប ដែលនាំចេញស្រូវសាលីធំជាងគេទីពីរ ទៅកាន់ប្រទេសក្រៅសហភាពអឺរ៉ុប និងដែលជាប្រទេសធំជាង គេក្នុងការនាំចេញពោត។
ចាប់ពីតាំងពីផ្ទុះសង្គ្រាមនៅអ៊ុយក្រែន ការនាំចេញទិន្នផលកសិកម្ម តួយ៉ាងគ្រាប់ធញ្ញជាតិអ៊ុយក្រែនដែលជាទីផ្សារនាំចេញដ៏ធំបំផុតមួយ ត្រូវបានបង្អាក់និងកំពុងជួបភាពរអាក់រអួល ដែលបង្កឱ្យតម្លៃទំនិញ វត្ថុធាតុដើមគ្រាប់ធញ្ញជាតិឡើងថ្លៃស្រឺតៗនៅពាសពេញពិភពលោក។
គួររំឭកថា ក្នុងកិច្ចដោះស្រាយវិបត្តិស្បៀង អ៊ុយក្រែននិងរុស្ស៊ីកាល ពីខែ កក្កដាកន្លងទៅ បានចុះកិច្ចព្រមព្រៀងជាមួយគ្នា ដោយមានការ ជ្រោមជ្រែងពីតួកគី និងអង្គការសហប្រជាជាតិ ដើម្បីបើកផ្លូវឲ្យមាន ចរាចរណ៍នាវាដឹកទំនិញគ្រាប់ធញ្ញជាតិ ចេញពីកំពង់ផែអ៊ុយក្រែន ឡើងវិញ។ ចាប់តាំងពីថ្ងៃទី០១ ខែសីហាមក មាននាវាពាណិជ្ជកម្ម ឯកជននិងអង្គការមនុស្សធម៌ប្រមាណជិត ២០ហើយ ដែលបានចាក ចេញ ពីកំពង់ផែអ៊ុយក្រែន។
ប្រធានាធិបតីរុស្ស៊ី លោកពូទីន ដែលហាក់ចង់ឆារចោលកិច្ច ព្រមព្រៀង ជាមួយអ៊ុយក្រែននោះ បានចោទមួលបង្កាច់ថា កិច្ចដោះស្រាយវិបត្តិស្បៀងនោះមានភាពលម្អៀង ដោយអឺរ៉ុបដឹក ជញ្ជូនចេញទៅតែប្រទេសអឺរ៉ុបខ្លួនឯង ខណៈប្រទេសក្រីក្រ ទទួលបានគ្រាប់ធញ្ញជាតិនោះត្រឹមតែ ៣ភាគរយប៉ុណ្ណោះ។
ការលើកឡើងដូច្នោះ ត្រូវបានច្រានចោលដោយសមាជិក សហភាព អឺរ៉ុប ដូចជា រដ្ឋមន្ត្រីការពារជាតិអង់គ្លេស និងរដ្ឋមន្ត្រីដឹកជញ្ជូន បារាំង ជាដើម៕
ដោយ៖បណ្តូល ពេជ្រ