ពិធីបំពាក់ឋានន្តរសក្តិថ្នាក់ អនុសេនីយ៍ជូននាយទាហាន និងប្រគល់កុំព្យូទ័រ ម៉ាស៊ីនព្រីនធ័រ អំណោយ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជូនដល់កងឯកភាពចំណុះឲ្យបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ធំ
ខេត្តកំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្រគល់កុំព្យូទ័រ ម៉ាស៊ីនព្រីនធ័រ ជាអំណោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃ កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពកងជើងគោក ជូនបណ្តាកងឯកភាពកងវរសេនាតូចទាំង២ ផ្នែកសឹករង ក្រុង-ស្រុកទាំង៩ ចំណុះឲ្យបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ធំ និងបំពាក់ឋានន្តរសក្តិថ្នាក់អនុសេនីយ៍ចំនួន ១២រូប បញ្ជាការតំបន់ប្រតិបត្តិការ សឹករងកំពង់ធំ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ ។
លោវរសេនីយ៍ទោ នូ វុទ្ធា នាយការិយាល័យទី១ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានអានសេចក្តីសម្រេច ស្តីពីការដំឡើងឋានន្តរសក្តិថ្នាក់អនុសេនីយ៍ ជូននាយទាហានចំនួន ១២រូប ចំណុះឲ្យបញ្ជាការដ្ឋានតំបន់ប្រតិបត្តិ ការសឹករងកំពង់ធំ ដោយតម្រូវតាមមុខដំណែងនិងតួនាទីភារកិច្ចរបស់នាយទាហាននៅកងវរសេនាតូចលេខ១និងកង វរសេនាតូចលេខ២ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះឧត្តមសេនីយ៍ ឯកឧត្តម ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃ កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ដែលបានឧបត្ថម្ភ កុំព្យូទ័រ និងម៉ាស៊ីនព្រីនធ័រ សម្រាប់បណ្តាកងឯកភាពចំណុះនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្នុងការប្រើ ប្រាស់ក្នុងការងាររដ្ឋបាលនិងបណ្តាជំនាញក្នុងការងារយោធាព្រមទាំងការគ្រប់គ្រងទិន្នន័យផ្សេងៗផងដែរ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន ថ្លែងអំណរគុណថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលបានផ្ដល់ សេចក្ដីទុកចិត្តដំឡើងឋានន្តរសក្តិ ជូននាយទាហានថ្នាក់អនុសេនីយ៍ តម្រូវតាមក្របខណ្ឌដឹកនាំបញ្ជា របស់ថ្នាក់ដឹកនាំ កងវរសេនាតូចទាំង២ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងបានណែនាំដល់គ្រប់បណ្តាកងឯកភាព ដែលបានទទួលអំណោយកុំព្យូទ័រ ម៉ាស៊ីនព្រីនធ័រ ត្រូវខិតខំគ្រប់គ្រង ថែរក្សាប្រើប្រាស់កុំព្យូទ័រ និងម៉ាស៊ីនព្រីនធ័រ ឲ្យបានត្រឹមត្រូវ តាមការងាររបស់អង្គភាពនិងជំនាញនៅតាមអង្គភាពនីមួយៗឲ្យបានត្រឹមត្រូវ និងណែនាំដល់យោធិន ទទួលបានតែងតាំងឋានន្តរសក្តិថ្មីទាំង ១២រូប ត្រូវយកចិត្តទុកដាក់ បំពេញតួនាទីភារកិច្ច ដឹកនាំនិងបម្រើអង្គភាពនីមួយៗ ដោយត្រូវយកអស់ពីកម្លាំងកាយចិត្ត ដើម្បីអង្គភាព ពិសេសត្រូវចងចាំឲ្យច្បាស់ថាយោធិនគ្រប់រូបត្រូវតែស្មោះត្រង់ដាច់ខាតចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ និងការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលនឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៕ ដោយ ប៊ុន រដ្ឋា



