ក្រសួងទេសចរណ៍ បានចេញសារាចរណែនាំស្តីអំពីការរៀបចំគ្រប់គ្រងចរន្តភ្ញៀវទេសចរ និងការពង្រឹងគុណភាពផលិតផលទេសចរណ៍ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ
ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានចេញសារាចរណែនាំស្តីអំពី ការរៀបចំគ្រប់គ្រងចរន្តភ្ញៀវទេសចរ និងការពង្រឹងគុណភាពផលិតផលទេសចរណ៍ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ ដើម្បីពង្រឹងគុណភាពផលិតផលទេសចរណ៍ និងបន្តចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលអាចកើតមានជាយថាហេតុនៅតាមរមណីយដ្ឋានទេសចរណ៍ និងគោលដៅទេសចរណ៍នានាក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ ថ្ងៃត្រូវនឹងថ្ងៃទី២៤-២៥-២៦ ខែកញ្ញា ឆ្នាំ២០២២ ក្រសួងទេសចរណ៍សូមធ្វើការណែនាំដល់មន្ទីរទេសចរណ៍រាជធានី ខេត្ត ដូចខាងក្រោម៖
១. ត្រូវបន្តជំរុញការអនុវត្តឲ្យបានយ៉ាងខ្ជាប់ខ្ជួន និងម៉ឺងម៉ាត់នូវវិធានការទាំងឡាយដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ពិសេសវិធានការ “៣ ការពារ” និង “៣ កុំ” ឲ្យបានខ្ជាប់ខ្ជួន ព្រមជាមួយការពង្រឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីស្តង់ដាប្រតិបត្តិអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី ដើម្បីរក្សាស្ថិរភាពអាជីវកម្ម និងធានាសុវត្ថិភាពជូនដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
២. ត្រូវបន្តជំរុញឲ្យម្ចាស់អាជីវកម្ម និងគោលដៅទេសចរណ៍នានា រៀបចំឲ្យមានកម្មវិធីលើកទឹកចិត្តចំពោះភ្ញៀវទេសចរដែលបានចាក់វ៉ាក់សាំង ខណៈដែលបុគ្គលិកបម្រើការទាំងអស់ ត្រូវទទួលបានការចាក់វ៉ាក់សាំងតាមការកំណត់របស់ក្រសួងសុខាភិបាល។
៣. ត្រូវសហការជាមួយអាជីវករ និងប្រតិបត្តិករទេសចរណ៍ ក្នុងការពង្រឹងគុណភាពផលិតផលទេសចរណ៍ ថែរក្សាបរិស្ថាន អនាម័យ និងរក្សាតម្លៃផលិតផល និងសេវាឲ្យបានសមរម្យ។ រាល់តម្លៃស្នាក់នៅ ម្ហូបអាហារ និងសេវាផ្សេងៗត្រូវសរសេរឲ្យបានច្បាស់ដាក់ក្នុងតារាង ដើម្បីជម្រាបជូនភ្ញៀវឲ្យបានដឹងជាមុន ជៀសវាងការកំណត់ថ្លៃខ្ពស់ហួសហេតុ។ ករណីមិនអនុវត្តតាមតារាងដែលបានបិទផ្សាយ ម្ចាស់មូលដ្ឋានអាជីវកម្មត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។
៤. ត្រូវធ្វើការណែនាំម្ចាស់ទូកដ កាណូតទេសចរណ៍ និងមធ្យោបាយដឹកជញ្ជូនទេសចរណ៍តាមផ្លូវទឹកនានា ដែលធ្វើអាជីវកម្មដឹកភ្ញៀវទេសចរកាត់សមុទ្រ ទន្លេ ស្ទឹង និងបឹង មិនឲ្យផ្ទុកលើសចំណុះ និងត្រូវបំពាក់នូវសម្ភារៈសង្រ្គោះចាំបាច់នានា។
៥. ត្រូវរៀបចំឲ្យមានក្រុមការងារចុះផ្សព្វផ្សាយ និងជំរុញការអនុវត្តខ្លឹមសារសារាចរណែនាំនេះ ឲ្យបានទូលំទូលាយ និងគ្រប់រូបភាព ទៅដល់ប្រតិបត្តិករទេសចរណ៍ និងត្រូវធ្វើរបាយការណ៍បូកសរុបស្ថិតិភ្ញៀវទេសចរនៅតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍នានា និងផ្ញើមកក្រសួងទេសចរណ៍ ឲ្យបានទាន់ពេលវេលាជាប្រចាំថ្ងៃ៕ ចាន់ វិចិត្រ

