សហព័ន្ធកីឡាវាយកូនគោលកម្ពុជា គ្រោងបើកវគ្គបណ្តុះបណ្តាលច្បាប់កីឡាវាយកូនគោលកម្រិត២ មន្រ្តីបច្ចេកទេសកម្រិតជាតិ អន្តរជាតិ ត្រៀមស៊ីហ្គេម នៅកម្ពុជា

ភ្នំពេញ៖សហព័ន្ធកីឡាវាយកូនគោលកម្ពុជា គ្រោងរៀបចំវគ្គបណ្តុះបណ្តាលច្បាប់កីឡាវាយកូនគោលកម្រិត២(R&A Level2–Rules Seminar 2022) ជូនដល់គណៈកម្មាការ អាជ្ញាកណ្តាល សមាជិក សមាជិកាសហព័ន្ធ តំណាងទីលានវាយកូនគោលទូទាំងប្រទេស និងកីឡាករ កីឡាការិនី និងអ្នកស្នេហាកីឡាវាយកូនគោល ចាប់ពីថ្ងៃទី១៣-ទី១៥ ខែកញ្ញា ឆ្នាំ២០២២ នៅសណ្ឋាគារ ហ្គាឌេន ស៊ីធី សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

លោកស្រី ហេង ស្រីពៅ សមាជិកប្រតិបត្តិសហព័ន្ធកីឡាវាយកូនគោលកម្ពុជា បានអោយដឹងថា វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងក្នុងគោលបំណងបំពាក់បំប៉នច្បាប់កីឡាកូនគោល ជូនកីឡាករ កីឡាការិនី សមាជិកក្លឹប និងសមាជិកទីលានវាយកូនគោល និងអ្នកស្នេហាវិស័យកីឡាវាយកូនគោលទាំងអស់ឲ្យបានទទួលបទពិសោធន៍ និងជំនាញពិតប្រាកដ ឱ្យក្លាយជាគ្រូបង្គោលបង្ហាត់បង្រៀន និងបណ្តុះបណ្តាលបន្តដល់បុគ្គលិក និងសមាជិកក្លឹបរបស់ទីលានវាយកូនគោលនីមួយៗ ឱ្យយល់ដឹងអំពីច្បាប់កីឡាវាយកូនគោល និងបង្កើនសមត្ថភាពគណៈកម្មាការ អាជ្ញាកណ្តាល ក្នុងកម្រិតអន្តរជាតិ ជាពិសេសជំរុញ និងលើកកម្ពស់សមត្ថភាពកីឡាករ កីឡាការិនីជាតិឱ្យមានសក្តានុពល គុណផលកីឡា បច្ចេកទេស លេងកីឡាកម្រិតអន្តរជាតិ និងសំដៅដល់ការរៀបចំមន្រ្តីបច្ចេកទេសកម្រិតជាតិ អន្តរជាតិ ដើម្បីត្រៀមសហការរៀបចំការប្រកួតព្រឹត្តិការណ៍កីឡា SEA GAMES 2023 លើកទី៣២ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ។

លោកស្រី បន្តថា បញ្ជាក់បន្ថែមថា តាមផែនការយុទ្ធសាស្រ្តរបស់សហព័ន្ធ គឺត្រូវ ការគណៈកម្មការបច្ចេកទេសជំនាញចំនួន ៦៨នាក់ ក្នុងអាជ្ញាកណ្តាលថ្នាក់ជាតិ១២នាក់ អាជ្ញាកណ្តាលអន្តរជាតិ៧នាក់ សម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ និងការប្រកួត នានា ទាំងជាតិ និងអន្តរជាតិ។ លោកស្រីសមាជិកប្រតិបត្តិរូបនេះ បន្ថែមថា ក្រោយបញ្ចប់វគ្គ បណ្តុះ បណ្តាលកម្រិត២នេះ សហព័ន្ធមានគម្រោងនឹងបញ្ជូនមន្រ្តី ដែលមានជំនាញច្បាស់លាស់ ចេះភាសា ចេះព័ត៌មានវិទ្យា និងយល់ច្បាស់ពីច្បាប់កីឡាកូនហ្គូលអន្តរជាតិ ទៅសិក្សាស្វែងយល់បន្ថែមនៅក្រៅប្រទេស និងចូលរួមកាត់សេចក្តីការប្រកួតកម្រិតអន្តរជាតិអោយបានច្រើនដង ដើម្បី ពង្រឹងសមត្ថភាព និងបច្ចេកទេសអោយបានល្អ មុនស៊ីហ្គេម នៅកម្ពុជា ។

គួរបញ្ជាក់ថា វគ្គបណ្តុះបណ្តាលច្បាប់កីឡាវាយកូនគោលកម្រិត២ មានសិក្ខាកាមតំណាងទីលានវាយកូនគោលទូទាំងប្រទេស សរុប១៥រូប និងកីឡាករ កីឡាការិនី សរុប២០រូប វគ្គនេះមានសារៈប្រយោជន៍ដ៏សំខាន់ ក្នុងការកសាងគុណផលកីឡាវាយកូនគោល លើជំនាញស្តីពីច្បាប់កីឡាកូនហ្គូល ដើម្បីឆ្លើយតបនឹងតម្រូវការចាំបាច់ ក្នុងការទទួលរៀបចំជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡា SEA Gamesលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាកំពុងខ្វះខាតមន្ត្រីអាជ្ញាកណ្តាលកម្រិតជាតិ និងអន្តរជាតិ ៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner