រដ្ឋបាលរាជធានីភ្នំពេញ បង្កើតគណៈកម្មការមួយ ដើម្បីសិក្សាដោះស្រាយ ការលិចលង់ដោយជំនន់ទឹកភ្លៀងនៅក្នុងខណ្ឌច្បារអំពៅ
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានសម្រេចបង្កើតគណៈកម្មការមួយ ដើម្បីសិក្សាធ្វើយ៉ាងណា ដោះស្រាយនិងកាត់បន្ថយអោយបាន ពីការលិចលង់ដោយជំនន់ទឹកភ្លៀងនៅក្នុងខណ្ឌច្បាស់អំពៅ ខណៈដែលតំបន់នេះ តែងតែទទួលរងនូវការលិចលង់ពេលមានភ្លៀងធ្លាក់ខ្លាំងម្តងៗ។
ក្នុងកិច្ចប្រជុំជាមួយអាជ្ញាធរខណ្ឌច្បារអំពៅ និងមន្ទីរជំនាញពាក់ព័ន្ធ នាព្រឹកថ្ងៃទី១៣ កញ្ញានេះ នៅរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានធ្វើការណែនាំឱ្យអាជ្ញាធរខណ្ឌ មន្ទីរជំនាញពាក់ព័ន្ធ ត្រូវបង្កើត គណៈកម្មការមួយ ដែលគណៈកម្មការនេះត្រូវធ្វើការសិក្សានៅតំបន់ច្បារអំពៅនេះឲ្យបានម៉ត់ចត់ ។ ក្រោយការសិក្សាបញ្ចប់ យើងនឹងធ្វើការស្ថាបនា លូ ប្រឡាយ ក៏ដូចជាស្ថានីយបូមទឹក ដើម្បីរំដោះទឹកនៅតំបន់លិចលង់នៅក្នុងខណ្ឌច្បារអំពៅនេះ។ គណៈកម្មការនឹងធ្វើការសិក្សាលើទីតាំងចំនួន៤សំខាន់ៗ នៅក្នុងនោះរួមមាន៖ ការសិក្សាទីតាំងព្រែកអ្នកតាវាំង ព្រែកតាអេវ ព្រែកប្រានិងព្រែកបារាំង ។
ឯកឧត្តម ឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា អង្គការចៃកាបានធ្វើការសិក្សាបង្កើតជាប្លង់គោលនៅក្នុងខណ្ឌច្បារអំពៅនេះរួចហើយ សម្រាប់ឆ្នាំ២០៣៥។ ដូច្នេះក្រុមការងារក៏ដូចជាគណៈកម្មការត្រូវចុះសិក្សាដោយយកប្លង់មេរបស់ចៃកាឆ្នាំ២០៣៥នេះជាគោល។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ការដោះស្រាយបញ្ហាទឹកលិចនៅក្នុងខណ្ឌច្បារអំពៅ ជាបណ្ដោះអាសន្ន នៅរដូវវស្សានេះត្រូវតែធ្វើ ដោយ ឯកឧត្តម ឃួង ស្រេង បានស្នើឱ្យអាជ្ញាធរខណ្ឌក៏ដូចជាមន្ទីរជំនាញ ចុះទៅទីតាំងជាក់ស្ដែង ខណៈមានភ្លៀងធ្លាក់ខ្លាំង ដើម្បីឲ្យដឹងពីទំហំនៃការលិចលង់ ហើយយើងរួមគ្នាដោះស្រាយជាបន្ទាន់ ជូនប្រជាពលរដ្ឋតែម្តង។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងផងដែរថា ដើម្បីដោះស្រាយផ្លូវទឹក តំបន់ផ្ទៃរងទឹកភ្លៀងនីមួយៗ នៅក្នុងខណ្ឌច្បារអំពៅនេះ ឱ្យចៀសផុតពីការលិច ទឹកភ្លៀងនៅរដូវវស្សានេះត្រូវអនុវត្តវិធាន ក្នុងនោះ យើងមានវិធានការបន្ទាន់មួយ ដោយជីកប្រឡាយស្របផ្លូវ ៣០ម៉ែត្រ ទទឹង២០ម៉ែត្រ ភ្ជាប់ពីបឹងមកបឹងថ្កុល បន្តទៅប្រឡាយព្រែកប្រា ដែលមានប្រវែង ១៧២៦ម៉ែត្រ ។ ជីកស្តារប្រឡាយព្រែកប្រាឱ្យបានទទឹង ២០ម៉ែត្រ ប្រវែង ៩៦៥ម៉ែត្រ និងដោះស្រាយសំណង់មិនរៀបរយមួយចំនួននៅលើព្រែកប្រានេះផងដែរ។ តែទោះបីជាយ៉ាងណាក្តី គណៈកម្មការត្រូវសិក្សាឲ្យបានម៉ត់ចត់ និងគ្រប់ជ្រុងជ្រោយទៅលើគម្រោងទាំងនេះ ៕ ដោយ ថេត វិចិត្រ+ហេង សម្បត្តិ



