ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ឆ្លើយតបប្រាំចំណុចទៅកាន់ទណ្ឌិតរត់ចោលស្រុក សម រង្ស៊ី
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានឆ្លើយតបប្រាំចំណុចដោយមិនចំឈ្មោះតែទំនងសំដៅទៅលើទណ្ឌិតរត់ចោលស្រុក សម រង្ស៊ី ដើម្បីបកស្រាយពីការចោទប្រកាន់ទាំងឡាយរបស់ទណ្ឌិតរូបនេះមកលើលោក។
នៅលើបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១៤ ខែកញ្ញានេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបង្ហោះសារឆ្លើយតប អមជាមួយវិដេអូ ទៅទណ្ឌិត សម រង្ស៊ី ដែលតែងតែវាយប្រហារមើលងាយរូបលោក ដែលជាក្មេងជំនាន់ក្រោយជាច្រើនលើកច្រើនសារមកហើយ ហើយកាលពីម្សិលមិញ (១៣ កញ្ញា) ក៏ចេញមកមើលងាយលោកទៀត បន្ទាប់ពីឪពុករបស់លោក (សម្តេចតេជោ ហ៊ុន សែន) មានប្រសាសន៍ពាក់ព័ន្ធនឹងរឿងបេក្ខភាពបន្តវេន។ ដោយលោកបានលើកឡោះងថា កន្លងមកឯកឧត្តមគ្មានពេលឆ្លើយតបជាមួយលោកអ៊ុំ (សំដៅទៅសម រង្ស៊ី) ច្រើនទេ ដោយសារពេលវេលារបស់លោកគឺត្រូវចំណាយទៅលើការងារដែលមានប្រយោជន៍សម្រាប់ជាតិ និងប្រជាជនជាងការស្តាប់សម្តីអត់មានហេតុផលរបស់លោកអ៊ុំ។ ប៉ុន្តែលើកនេះ សូមយកឱកាសនិយាយបន្តិចពាក់ព័ន្ធនឹងចំណុចមួយចំនួនដែលលោកអ៊ុំ បានលើកយកមកវាយប្រហារនិងមើលងាយលោកដដែលជាដដែលមិនចេះចប់ ដើម្បីឱ្យលោកតា លោកយាយ អ៊ុពូមីងបងប្អូន បានស្តាប់ទាំងអស់គ្នា។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ចំណុចដែលទណ្ឌិត សម រង្ស៊ី តែងតែលើកយកមកវាយប្រហារមើលងាយទាំងនោះរួមមាន៖
១. ចោទប្រកាន់ថាកាលដែលគណបក្សប្រជាជនកម្ពុជាបានជ្រើសរើសយករូបខ្ញុំជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត គឺធ្វើអោយបាត់ឱកាសយុវជនផ្សេងទៀតជាច្រើន
២. ជាមនុស្សមានអាយុក្មេងមិនដឹងអី
៣. ជាមនុស្សមិនរីកចម្រើនព្រោះនិយាយតែពីអតីតកាល
៤. គ្មានស្នាដៃអ្វីទាំងអស់
ថ្លែងក្នុងពិធីសំណេះសំណាលជាមួយសមាជិក-សមាជិកា នៃក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា ការសម្រេចតែងតាំងលោកជាបេក្ខភាពនាយករដ្ឋមន្ត្រីនៃថ្ងៃអនាគត គឺជាការសម្រេចរបស់គណៈអចិន្ត្រៃយ៍របស់គណបក្ស ហើយប្រសិនជាឯកឧត្តមបានជានាយករដ្ឋមន្ត្រីនៅកម្ពុជានៅពេលអនាគត ក៏ឯកឧត្តមមិនអាចធ្វើការងារតែម្នាក់ឯងបាននោះដែរ ប្រាកដណាស់គឺត្រូវមានយុវជនរបស់គណបក្សត្រូវជួយលោកក្នុងកិច្ចការដឹកនាំរដ្ឋនេះ។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានផ្ដាំដោយមិនចេញឈ្មោះ ប៉ុន្តែទំនងជាផ្ញើទៅឱ្យទណ្ឌិត សម រង្ស៊ី ដែលលោកនៅតែហៅថាលោកអ៊ុឲ្យមើលពីកិច្ចការរបស់គណបក្សដែលខ្លួនគាំទ្រជាជាងមើលលើកិច្ចការរបស់គណបក្សដទៃ។ ឯកឧត្តមបានបញ្ជាក់ថា ឯកឧត្តមមិនដែលមានរឿងឬក៏បញ្ហាអ្វីជាមួយនឹង សម រង្ស៊ី រូបនេះនោះទេ ក៏ប៉ុន្តែទណ្ឌិត សម រង្ស៊ី តែងតែលើកយកឯកឧត្តមគឺជាប្រធានបទនៃការវាយប្រហារជានិច្ច។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្ននេះថា «ហើយអ៊ុំគឺគ្មានភាពខ្មាស់អៀនវ៉ៃចុះក៏ប៉ុន្តែឱ្យមានទឡ្ហីករណ៍ផងហ្ហី! កុំឱ្យក្មេងបកទៅវិញខ្មាសក្មេង ព្រោះទឡ្ហីករណ៍មិនមែនចង់សំដៅទៅលើអ៊ុំទេ ក៏ប៉ុន្តែចង់បញ្ជូនសារទៅលើអ៊ុំ ព្រោះសាររបស់អ៊ំអត់មានហេតុផលខ្ញុំដាក់ទៅវិញលោកអ៊ំខ្មាសគេនោះហើយ។ លោកអ៊ុំថា ខ្ញុំក្មេងទៅគ្រប់គ្រងមនុស្សក៏ប៉ុន្តែលោកអ៊ុំកុំភ្លេចថា លោកអ៊ុំកាន់សញ្ជាតិបារាំងណា។ ប្រធានាធិបតីបារាំងម៉ាក្រុងប្អូនខ្ញុំពីរខែណា ហើយយ៉ាងម៉េចមិនទៅថាឱ្យប្រធានាធិបតីរបស់លោកអ៊ំថា យ៉ាងម៉េចក្មេងមកគ្រប់គ្រងមនុស្សចាស់ទៅ! ថាគេធ្វើតាមបោះឆ្នោតគេធ្វើតាមអីៗនីតិវិធីផ្ទៃក្នុង គឺជាការសម្រេចរបស់គេ។ តែបើលោកអ៊ុំវាយតម្លៃលើអាយុ ប្រធានាធិបតីរបស់ប្រទេសបារាំងប្អូនខ្ញុំពីរខែ។ មនុស្សយើងបើមិនចេះចងចាំអំពីអតីតកាលរបស់ខ្លួន ចេះវាយតម្លៃបច្ចុប្បន្នកាលរបស់ខ្លួន ដើម្បីជាមូលដ្ឋានទៅមុខទៀត គេហៅថាជាមនុស្សដែលគ្មានចក្ខុវិស័យ គ្មានមូលដ្ឋាន ទិសដៅច្បាស់លាស់។ បើមិនចេះវិភាគថាមកពីណា មកដល់ណា ហើយត្រូវទៅណា គ្រប់ពេលនោះទេមកដល់ពេលនេះ គឺម្ដងទៅលិច ម្ដងទៅកើត តាមអារម្មណ៍គ្មានចក្ខុវិស័យ។ អញ្ចឹងហើយបានជាលោកអ៊ំម្ដងវ៉ៃខ្ញុំរឿងនេះ ម្ដងវ៉ៃប្អូនខ្ញុំ ម្ដងវ៉ៃឪពុកខ្ញុំ ព្រោះគ្មានចក្ខុវិស័យក្នុងការដឹកនាំបក្សបានកាន់តែថយទៅ។ ខ្ញុំជាទូទៅគឺខ្ញុំធ្វើច្រើន តែខ្ញុំមិនសូវបង្ហាញ អញ្ចឹងបានអត់មានអ្នកណាឃើញ។ កន្លងទៅមានពូៗអ៊ំៗមួយចំនួនប្រាប់ខ្ញុំថាហើយក្មួយឯងធ្វើនេះធ្វើនេះទៅ ដើម្បីបង្ហាញឲ្យគេឃើញផង។ ខ្ញុំបានធ្វើច្រើនណាស់! សមាគមអតីតយុទ្ធជនអី ខ្ញុំបានចូលរួមធ្វើច្រើននៅព្រំដែនអីកន្លែងចរចា។ ប៉ុន្តែវាអត់សំខាន់ខ្ញុំប្រាប់ថា ពូ! វាអត់ចាំបាច់ទេសំខាន់គឺលទ្ធផល»។
សូមជម្រាបថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អាយុ ៤៤ឆ្នាំ គឺជាកូនប្រុសច្បងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ឯកឧត្តមជាជនជាតិកម្ពុជាដំបូងដែលបញ្ចប់ការសិក្សានៅឯបណ្ឌិតសភាយោធា West Point របស់សហរដ្ឋអាមេរិក និងជាបណ្ឌិតសេដ្ឋកិច្ចនៃសកលវិទ្យាល័យ Bristol របស់ចក្រភពអង់គ្លេសផងដែរ។ បច្ចុប្បន្នឯកឧត្តម ហ៊ុន ម៉ាណែត មានឋារន្តរស័ក្កិជាឧត្តមសេនីយ៍ឯកផ្កាយ៣ កាន់តួនាទីជាអគ្គមេបញ្ជារងទ័ព និងជាមេបញ្ជាការកងទ័ពជើងគោកនៃកងយុទ្ធពលខេមរភូមិន្ទ។ គួរបញ្ជាក់ថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបានគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ បោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តជាបេក្ខភាពនាយករដ្ឋមន្ត្រីនាថ្ងៃអនាគត។ ការបោះឆ្នោតនេះត្រូវបានគាំទ្រពីសមាជិកទាំងអស់នៃគណបក្ស៕
ដោយ៖ពលជ័យ