សម្តេចក្រឡាហោម ស ខេង ចាត់តាំងឯកឧត្តម សុខ ផល ដឹកនាំក្រុមការងារបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទូទាំងប្រទេស
ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញលិខិតបង្គាប់ការចាត់តាំងឯកឧត្តមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដឹកនាំក្រុមការងារដើម្បីសហការ បង្ក្រាបល្បែងស៊ីសង ខុសច្បាប់ គ្រប់ប្រភេទទូទាំងប្រទេស។ លិខិតបង្គាប់ការនេះ មាន ប្រសិទ្ធិភាពអនុវត្តចាប់ពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ រហូតដល់ថ្ងៃបញ្ចប់បេសកកម្ម។ នេះបើយោងតាមលិខិតបង្គាប់ការនេះ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២។

ឯកឧត្តម សន្តិបណ្ឌិត ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានមានប្រសាសន៍ប្រាប់ AMS នៅល្ងាចថ្ងៃទី១៤ ខែកញ្ញានេះថា “ក្រោយពីមានការស្រាវជ្រាវមានពាក្យបណ្តឹងពីប្រជាពលរដ្ឋប្តឹងចូលសម្តេចក្រឡាហោម ស ខេង ច្រើន។ គិតពីខែសីហា មកដល់ត្រឹមថ្ងៃទី១៣ ខែកញ្ញា មានពាក្យបណ្តឹងចំនួន១៩៥ ហើយភាគច្រើនបទល្មើសបង្ខាំងជួញដូរមនុស្ស ហើយជនរងគ្រោះច្រើនតែនៅក្នុងបទល្បែងកាស៊ីណូ ក្រុមហ៊ុន ហើយប្រភពដើមនៃការជួញដូរវាច្រើននៅក្នុងបនល្បែង ហេតុនេះហើយបានជាសម្តេចចេញលិខិតបង្គាប់ការចាត់តាំងឯកឧត្តមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដឹកនាំក្រុមការងារដើម្បីសហការ បង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទូទាំងប្រទេស”។

គួរបញ្ជាក់ថា ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទបន កើតមានឡើងក្រោមរូបភាពតាមប្រព័ន្ធអនឡាញដូចជា ជល់មាន់ ចាក់បាល់ និងល្បែងភ្នាល់មួយចំនួនជ្រកក្រោមស្លាកអ៊ីនធឺណេត និងល្បែងភ្នាល់ខ្លះទៀតជ្រកក្រោមស្លាកឆ្នោតឡូតូស្របច្បាប់ និងការលួចលាក់បើកបនល្បែងស៊ីសងខុសច្បាប់ ដែលបង្កឲ្យមានបទល្មើសផ្សេងៗកើតមានឡើង៕
ដោយ៖ពលជ័យ

