តុលាការអាមេរិក ច្រានចោលសំណើរបស់ក្រសួងយុត្តិធម៌ ពាក់ព័ន្ធនឹងការស៊ើបអង្កេតលើឯកសារសម្ងាត់រឹបអូសពីលោក ត្រាំ
អាមេរិក៖ ចៅក្រមនៃតុលាការសហព័ន្ធរដ្ឋផ្លរីដា លោកស្រី Aileen Cannon នៅថ្ងៃព្រហស្បតិ៍ ទី១៥ខែកញ្ញាឆ្នាំ២០២២ បានច្រាន ចោលសំណើរបស់ក្រសួងយុត្តិធម៌អាមេរិក ដែលសុំឱ្យខ្លួនអាចបន្ត ពិនិត្យឯកសារសម្ងាត់ ដែលទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ (FBI) រឹបអូសបានពីលោក ដូណាល់ ត្រាំ។ នេះជាសេចក្ដីសម្រេចចិត្ត ដែល ស្របតាមការចង់បានរបស់អតីតប្រធានាធិបតីរូបនេះ ក៏ដូច ជាក្រុមអ្នកច្បាប់របស់លោក ដែលអះអាងថា ខ្លួនមិនទុកចិត្ត ក្រសួងយុត្តិធម៌។
បន្ថែមពីនេះ លោកស្រី Cannon ក៏បានប្រកាសចាត់តាំង ចៅក្រម ជាន់ខ្ពស់លោក Raymond Dearie ឱ្យធ្វើការជាភាគីឯករាជ្យទី៣ ជា ផ្លូវការ តាមការស្នើជូនរបស់លោក ត្រាំ ផងដែរ។ ឥឡូវនេះ ក្រសួងយុត្តិធម៌ មិនទាន់បានច្រាលចោលការតែងតាំងរបស់ លោកស្រី Cannon នោះទេ។
ប៉ុន្តែកន្លងមក ស្ថាប័នរដ្ឋាភិបាលមួយនេះ បានប្រឆាំងនឹងការបង្កើត ភាគីទី៣ ដើម្បីចាត់ចែងលើការត្រួតពិនិត្យឯកសារសម្ងាត់ចំនួន ១០០ ដែល FBI រឹបអូសបានពីលោកត្រាំ ដោយសម្អាងថា វារាំង ស្ទះដល់ដំណើរការស៊ើបអង្កេតរបស់រដ្ឋាភិបាល ហើយក៏អាចបង្ក គ្រោះថ្នាក់ដល់សន្តិសុខជាតិ។ ក្រសួងថែមទាំងអះអាងទៀតថា ក្រសួងនឹងប្ដឹងទៅតុលាឧទ្ធរណ៍ ប្រសិនបើលោកស្រី Cannon ច្រានចោលសំណើត្រួតពិនិត្យឯកសារសម្ងាត់របស់ខ្លួន។
ទោះបីជាយ៉ាងណាក៏ដោយ លោកស្រី Cannon ដែលលោកត្រាំ តែងតាំងជាចៅក្រមនៅឆ្នាំ ២០២០ លើកឡើងកាលពី ថ្ងៃព្រហស្បតិ៍ ថា៖ «តុលាការមើលឃើញថាវាមិនសម ក្នុងការទទួលយកការ សន្និដ្ឋាន របស់រដ្ឋាភិបាលលើបញ្ហាសំខាន់ៗ និងជម្លោះទាំងនេះ ដោយ គ្មានការត្រួតពិនិត្យបន្ថែមពីភាគីឯករាជ្យទី៣ តាមរបៀបរៀប រយ នោះទេ»។
យ៉ាងណាមិញ សេចក្តីសម្រេចរបស់លោកស្រី Cannon ធ្វើឱ្យ ការស៊ើបអង្កេតរបស់ក្រសួងយុត្តិធម៌កាន់តែស្មុគស្មាញ ខណៈ លោកស្រី ទុកពេលឱ្យលោក Dearie ត្រឹមថ្ងៃទី ៣០ ខែវិច្ឆិកា ដើម្បីត្រួតពិនិត្យឯកសារសម្ងាត់។
សូមបញ្ជាក់ថា ក្រសួងយុត្តិធម៌កំពុងស៊ើបអង្កេតលោក ត្រាំ ចំពោះការយកឯកសារសម្ងាត់ខ្លាំងនិងសំខាន់កំពូល ទៅទុកនៅផ្ទះ របស់លោក ក្រោយអស់អំណាចនៅក្នុងខែមករា ឆ្នាំ ២០២១។ វាជាការស៊ើបអង្កេតមួយក្នុងចំណោមការស៊ើបអង្កេតរបស់រដ្ឋសហព័ន្ធមួយចំនួន ដែលលោក ត្រាំ កំពុងប្រឈមមុខ ស្របពេលដែល លោកពិចារណាឈរឈ្មោះបោះឆ្នោតប្រធានាធិបតីក្នុងឆ្នាំ ២០២៤ ខាងមុខ៕
ដោយ៖ហួន ឌីណា
ប្រភព៖ Judge rules for Trump, blocks review of seized classified records