ឯកអគ្គរដ្ឋទូតតួកគីសន្យាជួយជម្រុញជើងហោះហើយត្រង់មកកម្ពុជា (Video Inside)
ប្រទេសតួកគីបានប្ដេជ្ញាជំរុញឱ្យមានជើងហោះហើរត្រង់មកកាន់កម្ពុជា។ ការសន្យានេះធ្វើឡើងដោយឯកអគ្គរដ្ឋទូតថ្មីតួកគីប្រចាំកម្ពុជា លោកស្រី អ៊ូលឃូ កូខេអ៊ែ័រហ្វេ ក្នុងឱកាសជួបសម្ដែងការគួរសមជាមួយរដ្ឋមន្ត្រីក្រសួងទេសចរណ៍លោកថោងខុន។
លោកស្រី អ៊ូលឃូ កូខេអ៊ែ័រហ្វេ ដែលជាឯកអគ្គរដ្ឋទូតថ្មីតួកគីប្រចាំកម្ពុជា ត្រូវបានគេដកស្រង់ប្រសាសន៍ ដែលបញ្ជាក់ការប្តេជ្ញាថា ក្នុងអាណត្តិដែលលោកស្រីបំពេញបេសកកម្មនៅកម្ពុជា លោកស្រីនឹង ប្តេជ្ញា សម្រេចឱ្យបាននូវការតភ្ជាប់ការហោះហើរត្រង់កម្ពុជា-តួកគី ដែលជាផ្នែកមួយនៃការ ជំរុញកំណើនវិស័យទេសចរណ៍។
លោករដ្ឋមន្ត្រី ថោង ខុន បានថ្លែងថា ប្រទេសតួកគី បានឯកភាពគ្នាជំរុញការអនុវត្តនូវកិច្ចព្រមព្រៀងស្ដីពីវិស័យទេសចរណ៍ ដែលបានចុះហត្ថលេខា រួចរាល់នៅប្រទេសតួកគីកាលពីឆ្នាំ២០១៨ និងបានរៀបចំក្រុមការងារអនុវត្តរួចហើយដែរ ធ្វើយ៉ាងណាអនុវត្តឱ្យបានប្រសិទ្ធភាព ផ្លែផ្កា និងផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។
លោករដ្ឋមន្ត្រី ថោង ខុន បានថ្លែងថាបច្ចុប្បន្នអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សៀមរាប និងព្រះសីហនុ គឺជាកន្លែងដែលសុទ្ធតែអាចឱ្យយន្តហោះខ្នាតធំចុះចតបាន ដូច្នេះការចុះចត យន្តហោះដែលមកពីតួកគីនោះ នឹងមិនមែនជាបញ្ហាឡើយ។ ក្នុងជំនួបដែលបានធ្វើកាលពី ថ្ងៃទី១៥កញ្ញានោះ, ភាគីទាំងពីរនៅបានលើកឡើងពីការជំរុញឱ្យមានបណ្ណទេសចរណ៍ពណ៌ បៃតង (Green Pass) ដែលនឹងជួយសម្រួលដល់ការធ្វើដំណើរ ការស្នើសុំទិដ្ឋការចេញ និងចូលរបស់ភ្ញៀវទេសចរ ក៏ដូចជាការធ្វើដំណើរកម្សាន្តនៅក្នុងប្រទេសទាំងពីរ។
ការជំរុញជើងហោះហើរនេះផងដែរ បានទន្ទឹមនឹងគំរោងរបស់រាជរដ្ឋាភិបាលដែលចង់មាន ការតភ្ជាប់ជើងហោះហើយពីតំបន់អាស៊ីខាងត្បូងត្រង់មកកម្ពុជា។ ដូចប្រសាសន៍របស់ មន្ត្រីនាំពាក្យអាកាសចរណ៍ស៊ីវិល លោកស៊ិនចាន់សិរីវុត្ថា បានថ្លែងក្នុងសន្និសីទកាសែតមួយ នាទីស្តីការគណរដ្ឋមន្ត្រីយ៉ាងនេះ។ (សម្លេង ស៊ិន ចាន់សិរីវុត្ថា)