លំហាត់សង្គ្រោះគ្រោះមហន្តរាយនៃប្រទេសទាំង៣បិទបញ្ចប់ (Video Inside)
លំហាត់សង្គ្រោះគ្រោះមហន្តរាយដោយកងទ័ព៣ប្រទេសកម្ពុជា, វៀតណាមនិង ឡាវ រយៈពេល៧ថ្ងៃ នៅលើទឹកដីឡាវត្រូវបានបិទបញ្ចប់។ មន្ត្រីរៀបចំបានថ្លែងថាលំហាត់ហ្វឹកហ្វឺនសង្រ្គោះគ្រោះមហន្តរាយរវាងកងទ័ពទាំង៣ប្រទេសរវាងពីថ្ងៃទី៩ដល់១៦កញ្ញា បានបញ្ចប់ទៅដោយជោគជ័យ ។
អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសឡាវឧត្តមសេនីយទោ ចាន់ថន សនតាក់អាត បានថ្លែងថា ទោះបីជាការហ្វឹកហ្វឺនសង្រ្គោះគ្រោះមហន្តរាយរួមគ្នានេះបានធ្វើជាលើកដំបូងមែន ប៉ុន្តែបានផ្តល់នូវមេរៀន, ការចែករំលែក និងពិសោធន៍គ្នាទៅវិញទៅមកយ៉ាងច្រើនក្នុងកិច្ចការសង្រ្គោះ បន្ទាន់ដល់បងប្អូនប្រជាពលរដ្ឋនៃប្រទេសនីមួយៗ។
លោកបន្តថាលំហាត់ហ្វឹកហ្វឺនសង្គ្រោះគ្រោះមហន្តរាយរួមគ្នា នៃកងទ័ពទាំង៣ប្រទេសបាន ដំណើរការបានយ៉ាងល្អ និងទទួលបានលទ្ធផលជាផ្លែផ្កាតាមគោលដៅ និងផែនការហ្វឹកហ្វឺន ដែលបានគ្រោងទុក និងធានាបាននូវសុវត្ថិភាព១០០% ។
នៅក្នុងពិធីលំហាត់ហ្វឹកហ្វឺននេះ ភាគីទាំងបីប្រទេសបានប្រើប្រាស់នូវឧទ្ធម្ភាគចក្រ ចំនួន ៥ គ្រឿង,ទូកល្បាតចំនួន ៥គ្រឿង,ទូកស្មាច់ចំនួន១៨ គ្រឿង និង ទូកពង៨គ្រឿង ។ ក្រៅពីនេះ បានប្រើទូកបុកច្រាំង ប្រភេទ PTS គឺជាទូកដែលអាចផ្ទុកកម្លាំង និង ជញ្ជូនកម្លាំងបាន ទាំងផ្លូវទឹក និងផ្លូវគោក ។
គួរបញ្ជាក់ថា ពិធីបិទលំហាត់ហ្វឹកហ្វឺន បានប្រព្រឹត្តិទៅក្រោមអធិបតី ភាពប្រមុខរដ្ឋនៃប្រទេសឡាវលោក ថងលុន ស៊ីសុលីត, សម្តេចពិជ័យសេនា ទៀ បាញ់ នៃប្រទេសកម្ពុជា និងរដ្ឋមន្រ្តីក្រសួងការពារជាតិ ឡាវ និងវៀតណាមផងដែរ៕