កម្ពុជា និងថៃឯកភាពពន្លឿនដំឡើង និងបើកដំណើរការច្រកទ្វារព្រំដែន អន្ដរជាតិចំនួន៣ (Video Inside)

កម្ពុជា និងថៃ បានឯកភាពគ្នា ក្នុងការពន្លឿនដំឡើង និងបើកដំណើរការច្រកទ្វារព្រំដែន អន្ដរជាតិចំនួន៣ទៀត តាមបណ្តោយព្រំដែននៃប្រទេសទាំង២។ ច្រកទ្វារទាំងបីនោះ គឺស្ថិតនៅខេត្តព្រះវិហារ ខេត្តពោធិ៍សាត់ និងខេត្តឧត្ដរមានជ័យ។

ការឯកភាពគ្នានេះ ធ្វើឡើងក្នុងជំនួបប្រជុំលើកទី៧ របស់អភិបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃ នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ ដែលពីភាគីកម្ពុជាដឹកនាំដោយ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងពីភាគីថៃ ដឹកនាំដោយនាយឧត្ដមសេនីយ៍ អនុភុង ផៅចិន្តា ដែលជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃប្រទេសថៃ។ កិច្ចប្រជុំនេះ ធ្វើឡើងតាមប្រព័ន្ធវីដេអូ។

មន្ត្រីកម្ពុជាបានថ្លែងថា ច្រកទ្វារព្រំដែនអន្ដរជាតិទាំង៣ ដែលបានឯកភាពគ្នាក្នុង ការពន្លឿនតម្លើង និងបើកដំណើរការនោះ រួមមាន៖
*ទី១៖ ច្រកទ្វារព្រំដែន អានសេះ រវាងខេត្តព្រះវិហារ និងខេត្តឧប៊ុនរាជធានីរបស់ថៃ។
*ទី២៖ ច្រកទ្វារព្រំដែនថ្មដា រវាងខេត្តពោធិ៍សាត់ និងខេត្តត្រាតរបស់ថៃ
*ទី៣៖ ច្រកទ្វារព្រំដែនជប់គគីរ រវាងខេត្តឧត្តរមានជ័យ និងខេត្តបុរីរ៉ាំ។

ក្នុងកិច្ចពិភាក្សានោះ ភាគីទាំងពីរបានលើកទឹកចិត្តឲ្យស្ថាប័នពាក់ព័ន្ធ សហការឲ្យបានជិត ស្និទ្ធដើម្បីឈានទៅបើកដំណើរការច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់រវាងខេត្តបន្ទាយមានជ័យនិងខេត្តស្រះកែវរបស់ថៃ ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

ភាគីកម្ពុជា-ថៃ នៅបានយល់ព្រមពិនិត្យលទ្ធភាព ក្នុងការដំឡើងកម្រិតច្រកទ្វារព្រំដែន ឆករកា រវាងខេត្តបាត់ដំបង និងខេត្តត្រាត នៃប្រទេសថៃ ឱ្យក្លាយទៅជាច្រកទ្វារព្រំដែនអន្តរជាតិ។

ភាគីទាំងពីរបានលើកទឹកចិត្តអាជ្ញាធរពាក់ព័ន្ធនៃប្រទេសទាំងពីរ ដើម្បីឲ្យធ្វើការវាស់វែង លម្អិតនៅភូមិព្រៃចាន់ នៃខេត្តបន្ទាយមានជ័យ និងភូមិណនម៉ាក់មួន ខេត្តស្រះកែវដើម្បីបង្កើត ច្រកទ្វារតំបន់ព្រំដែនថ្មីមួយទៀតផងដែរ៕

ads banner