សម្តេចតេជោ ហ៊ុន សែន បង្កើតក្រុមការងារបង្ក្រាបការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានចេញសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារបង្ក្រាបការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។ ក្រុមការងារនេះ មានសមាសភាពចំនួន១១រូប ដោយក្នុងនោះមានប្រធាន១រូប គឺឯកឧត្តម សុខ ផល និងអនុប្រធាន២រូប គឺនាយឧត្តមសេនីយ៍ នេត សាវឿន និងឯកឧត្តម នៅ លក្ខិណា រួមទាំងសមាជិកចំនួន៩រូប។

ក្រុមការងារបង្ក្រាបការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ មានតួនាទីភារកិច្ចដូចខាងក្រោម៖ រៀបចំផែនការ វិធានការ គោលការណ៍ណែនាំ ដើម្បីឱ្យអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់។ អនុវត្តបង្ក្រាបនូវរាល់ការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ សហការជាមួយអាជ្ញាធរមានសមត្ថកិច្ចទាំងនៅថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីធ្វើការ ស្រាវជ្រាវ និងចាត់វិធានការបង្ក្រាបនូវទីតាំងលេងល្បែងស៊ីសងខុសច្បាប់ ចាត់វិធានការឱ្យស៊ើបអង្កេតស្រាវជ្រាវរកនូវអត្ថិភាពនៃបទល្មើសជួញដូរមនុស្ស ជួញដូរកម្លាំង ពលកម្ម អាជីវកម្មផ្លូវភេទ និងបទល្មើសសម្អាតប្រាក់ ព្រមទាំងបទល្មើសផ្សេងៗទៀតដែល បានប្រព្រឹត្តនៅក្នុងទីតាំងលេងល្បែងស៊ីសងខុសច្បាប់ទាំងនោះដើម្បីសហការចាត់វិធានការ បង្ក្រាបបទល្មើសទាំងនោះតាមច្បាប់ជាធរមាន។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២ បានចេញលិខិតបង្គាប់ការចាត់តាំងឯកឧត្តមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ​ ដឹកនាំក្រុមការងារដើម្បីសហការ បង្ក្រាបល្បែងស៊ីសង ខុសច្បាប់ គ្រប់ប្រភេទទូទាំងប្រទេស។ លិខិតបង្គាប់ការនេះ មានប្រសិទ្ធិភាពអនុវត្តចាប់ពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ រហូតដល់ថ្ងៃបញ្ចប់បេសកកម្ម។

គួរបញ្ជាក់ថា ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទបាន កើតមានឡើងក្រោមរូបភាពតាមប្រព័ន្ធអនឡាញដូចជា ជល់មាន់ ចាក់បាល់ និងល្បែងភ្នាល់មួយចំនួនជ្រកក្រោមស្លាកអ៊ីនធឺណេត ​និងល្បែងភ្នាល់ខ្លះទៀតជ្រកក្រោមស្លាកឆ្នោតឡូតូស្របច្បាប់។

ឯកឧត្តម សន្តិបណ្ឌិត ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានមានប្រសាសន៍ប AMS កាលពីថ្ងៃទី១៤ ខែកញ្ញាថា “ក្រោយពីមានការស្រាវជ្រាវមានពាក្យបណ្តឹងពីប្រជាពលរដ្ឋប្តឹងចូលសម្តេចក្រឡាហោម ស ខេង ច្រើន។ គិតពីខែសីហា មកដល់ត្រឹមថ្ងៃទី១៣ ខែកញ្ញា មានពាក្យបណ្តឹងចំនួន ១៩៥ ហើយភាគច្រើនបទល្មើសបង្ខាំងជួញដូរមនុស្ស ហើយជនរងគ្រោះច្រើនតែនៅក្នុងបទល្បែង កាស៊ីណូ ក្រុមហ៊ុន ហើយប្រភពដើមនៃការជួញដូរវាច្រើននៅក្នុងបនល្បែង ហេតុនេះហើយបានជាសម្តេចចេញលិខិតបង្គាប់ការចាត់តាំងឯកឧត្តមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដឹកនាំក្រុមការងារដើម្បីសហការបង្ក្រាបល្បែងស៊ីសង ខុសច្បាប់ គ្រប់ប្រភេទទូទាំងប្រទេស”៕
ដោយ៖ពលជ័យ

ads banner