អ្នកធ្វើដំណើរនិងអ្នកបើកបរ ត្រូវយល់ដឹង និងមានសុជីវធម៌ លើសពីការគោរពច្បាប់ និងសញ្ញាចរាចរណ៍ផ្លូវគោក
បន្ទាយមានជ័យ៖ អ្នកធ្វើដំណើរនិងអ្នកបើកបរ ឬអ្នកប្រើប្រាសផ្លូវថ្នល់ត្រូវតែយល់ដឹងនិងមានសុជីវធម៌ គុណធម័ជាចម្បង ។ ពោលគឺលើសពីការគោរពច្បាប់ សញ្ញាចរាចរណ៍ផ្លូវគោកទើបមានសុវត្ថិភាពចរាចរណ៍ ឬអាចកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ។
លោក សុក ចាន់ថា ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យនិយាយដូច្នេះក្នុងពិធីផ្សព្វផ្សាយសុវត្តិភាព ការធ្វើចរាចណ៍នៅតាមផ្លូវជាតិនៃសប្ដាហ៍ ជាតិ សុវត្ថិភាព ចរាចរណ៍ ផ្លូវ គោក លេីក ទី ១៣ កាលពីថ្ងៃទី១៦ខែកញ្ញាឆ្នាំ២០២២ ដើម្បីរួម គ្នា គាំទ្រ ការរឹតបន្តឹង អនុវត្តន៍ ច្បាប់ ស្តី ពី ចរាចរណ៍ ផ្លូវគោក ទាំងអស់គ្នា។
យោងតាមរបាយការណ៍របស់លេខាធិការដ្ឋាន នៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត លោក សុក ចាន់ថា បានឱ្យដឹងថា នៅក្នុងរយៈពេល០៩ខែដើមឆ្នាំ២០២២ បញ្ហាការឆ្លងរាតត្បាតនៃជម្ងឺកូវីដ-១៩ បានធូស្បើយមួយកម្រិតធំ និងជាអំឡុងពេលដែលកិច្ចការជាតិបានដំណើរការឡើងវិញគ្រប់វិស័យ ស្របពេលយានយន្ត មានកំណើនប្រមាណ១,១៤% ក្នុងភូមិសាស្ត្រខេត្ត និង ៣០%ទូទាំងប្រទេស ។ ក្នុងនោះហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ក្នុងខេត្តនេះ ចំនួនអ្នកស្លាប់ និងអ្នករងរបួស បានកើនឡើងបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ។ មូលហេតុដែលបណ្តាឱ្យមានគ្រោះថ្នាក់ចរាចរណ៍ គឺការបើកបរលើសល្បឿន មិនគោរពសិទ្ធិអាទិភាព មិនប្រកាន់ស្តាំ វ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ បត់ឆ្វេងស្តាំមិនប្រយ័ត្ន បើកបរក្នុងស្ថានភាពស្រវឹង ពេលងងុយដេក មិនគោរពផ្លាកសញ្ញា គំនូសសញ្ញា ជាពិសេសច្រើនគ្រោះថ្នាក់នៅពេលយប់។
សាររំលឹកដាស់តឿនដល់អ្នកបើកបរយានយន្តទាំងអស់ ត្រូវប្រកាន់ខ្ជាប់គោលការណ៍ ៣ចំណុចដើម្បីសុវត្ថិភាពចរាចរណ៍ទាំងខ្លួនអ្នកផ្ទាល់ និងដល់អ្នកដទៃ ។
១-បើកបរដោយគោរពច្បាប់គ្រប់វិនាទី រាល់ពេលកំពុងបញ្ជាយានយន្តនៅលើដងផ្លូវសាធារណៈ ។
២-បើកបរដោយការទទួលខុសត្រូវ មានក្រមសីលធម៌វិជ្ជាជីវៈ គោរពសិទ្ធិ និងមិនប្រមាថជីវិតអ្នកដទៃ
៣- កុំយកដងផ្លូវសាធារណៈប្រើប្រាស់សម្រាប់វាស់កម្លាំងឬសមត្ថភាពយានយន្តរបស់ខ្លួនឬប្រជែងយកឈ្នះចាញ់គ្នាទៅវិញទៅមក និងគួរតែប្រកាន់ខ្ជាប់ការអធ្យាស្រ័យគ្នាជាប្រចាំឬជាទម្លាប់ដើម្បីបង្ហាញជាគំរូល្អដល់អ្នកដទៃដោយចាប់ផ្តើមពីខ្លួនអ្នក។
លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា : អ្នកបើកបរទាំងអស់ត្រូវយល់ដឹងឲ្យបានច្បាស់អំពីគ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងមកពីកក្កា៧យ៉ាងគឺ ១/ការបើកហួសល្បឿនកំណត់ធ្វើឲ្យយើងបាត់បង់ម្ចាស់ការនៅពេលដែលមានឧបសគ្គដោយចៃដន ២/បើកនៅក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងនិងគ្រឿងញៀននៅពេលអត់ងងុយខ្លាំង ហេវហត់ខ្លាំង ៣/ការមិនគោរពសិទ្ធអទិភាពនៅកន្លែងផ្លូវប្រសព្វឬនៅលើផ្លូវដែលមានប្រសិទ្ធភាព ៤/បើកជែងគ្នាដោយខ្វះការប្រុងបករយ័ត្ន ៥/មិនគោរពច្បាប់ចរាចរណ៍ និងភ្លើងសញ្ញាចរាចរណ៍ ៦/ការបត់ឆ្វេងឬថយក្រោយគ្មានការប្រុងប្រយ័ត្នជាដើម៧/មិនបានមើលគំនូសផ្លាកសញ្ញាចរាចរណ៍ តើត្រូវជិះតាមណានេះកំពុងក្លាយជាបញ្ហដ៏ធំផងដែរ។ សូមប្រជាពលរដ្ឋទាំងអស់ចូលរួម គោរព ច្បាប់ ចរាចរណ៍ ទាំងអស់ គ្នា៕ដោយ៖ឃិន គន្ធា

