សម្តេចតេជោ ហ៊ុន សែន ចេញបទបញ្ជាឱ្យបង្ក្រាបល្បែងស៊ីសងខុសច្បាប់ និងព្រមានដកតំណែងអភិបាលខេត្ត រាជធានី អភិបាលស្រុក ខណ្ឌ ក្រុង

ភ្នំពេញ៖ តាមរយៈសារសំឡេងនៅថ្ងៃទី១៧ ខែកញ្ញានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានចេញបទបញ្ជាយ៉ាងម៉ឹងម៉ាត់បំផុតឱ្យចាត់វិធានការបង្ក្រាបឱ្យទាន់ពេលវេលា និងដាច់ណាត់បំផុត។ ដោយសម្តេចបានសង្កត់ធ្ងន់ថា សម្តេចមិនស្ទាក់ស្ទើរជាមួយនឹងការដកចេញពីមុខតំណែងនូវអភិបាលខេត្ត រាជធានី អភិបាលស្រុក ខណ្ឌ ក្រុង ឬមន្ត្រីនគរបាលថ្នាក់ណាក៏ដោយ ដែលរកឃើញថា មិនទទួលខុសត្រូវលើមុខងាររបស់ខ្លួន។ មិនអាចបណ្តោយឱ្យសភាពការណ៍បង្កឡើងបែបអាណាធិបតេយ្យក្នុងបនល្បែងតទៅទៀតទេ ត្រូវតែម៉ឹងម៉ាត់ ត្រូវតែដាច់ខាត វាមិនមែនជាកំណើនសេដ្ឋកិច្ចនោះទេ ក៏ប៉ុន្តែវាបណ្តាលឲ្យមនុស្សជាច្រើនត្រូវខូចខាត ដោយត្រូវលក់គោ លក់ក្របី លក់ដីធ្លី ដើម្បីចាញ់ល្បែង។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា មានប្រភេទជល់មាន់តាមអនឡាញ ឬក៏លេងតាមអនឡាញ និងតាមតុកាហ្វេ និងតាមទីកន្លែងនានា។ កន្លែងខ្លះ ភូមិ-ឃុំ ខ្លះ សារព័ត៌មានបានជួយចុះផ្សាយក៏ប៉ុន្តែអស់លោកមិនព្រមធ្វើ ជាពិសេសបណ្តាអធិការស្រុក ឬក៏ប៉ុស្តិ៍នគរបាលនៅតាមភូមិ តាមឃុំ មិនព្រមអើពើបង្ក្រាប។

សម្តេចតេជោបានបញ្ជាក់ថា “ទីតាំងបនល្បែងទាំងឡាយដែលមានការធ្វើអាជីវកម្មដូចជា លក់គុយទាវ ហាងកាហ្វេ ក៏ប៉ុន្តែបង្កប់ដោយល្បែង ចាំបាច់ត្រូវតែបិទចោលដោយមិនឱ្យប្រកបរបបរកស៊ីតទៅទៀត ត្រូវធ្វើវិធានការនេះឲ្យដាច់ណាត់បំផុត ហើយវាគ្មានការចាំបាច់ត្រូវមករំខាននាយករដ្ឋមន្ត្រី ឬរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនោះទេ។ ប្រសិនបើអស់លោកអភិបាលខេត្ត អភិបាលស្រុក យកការទទួលខុសត្រូវមួយក្នុងឋានៈជាគណៈបញ្ជាការឯកភាពដែលបញ្ជាទៅលកម្លាំងនគរបាលជាតិ កម្លាំងនគរបាលនៅតាមខេត្ត កម្លាំងអាវុធហត្ថនៅតាមខេត្ត និងកម្លាំងយោធានៅតាមខេត្ត ថ្នាក់ស្រុក ថ្នាក់ខណ្ឌ ក៏ដូចគ្នា ប៉ុន្តែបញ្ហាវាស្ថិតនៅត្រង់អស់លោកមិនធ្វើ ចំណោទជាបញ្ហាតើច្រវ៉ាចិញ្ចឹមឆ្ពោឬយ៉ាងណា? ខ្ញុំមិនយល់ស្របជាមួយនឹងអ្វីដែលបាននឹងកំពុងកើត ហើយដែលមានស្ថានភាពគួរឲ្យស្អប់ខ្ពើម។

សូមបញ្ជាក់ទៅអ្នករកស៊ីទាំងឡាយ អ្នកបើកបទល្បែងទាំងឡាយប្រសិនបើចង់បន្តអាជីវកម្ម និងកុំឱ្យបិទទ្វារសម្រាប់អាជីវកម្មរបស់ខ្លួនត្រូវដកចេញជាបន្ទាន់នៅល្បែងគ្រប់ប្រភេទដែលខុសច្បាប់…”។ ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រី សូមគណៈអភិបាលខេត្ត គណៈអភិបាលស្រុក ខណ្ឌ ក្រុង យកការទទួលខុសត្រូវដើម្បីពិនិត្យមើលអំពីបញ្ហានេះ ហើយត្រូវធ្វើឲ្យច្បាស់ ត្រូវធ្វើឱ្យដិតដល់។ សម្តេចតេជោ ហ៊ុន សែន បានព្រមានថា មិនញញើតដៃជាមួយនឹងការដកចោលចេញពីមុខតំណែងជាមួយអភិបាលខេត្ត ឬអភិបាលរង ឬអភិបាលស្រុក ឬក៏ឋានៈនាយទាហាន នគរបាល អាវុធហត្ថ ចាប់ពីស័ក្តិប្រាំឡើងលើ សម្តេចនឹងចេញអនុក្រឹត្យដើម្បីបញ្ចប់ភារកិច្ចចោលតែម្តង។ កន្លែងលេងល្បែងមួយចំនួនមិនមែនមន្ត្រីមូលដ្ឋានមិនដឹងនោះទេ ទាំងកម្លាំងនគរបាល ឬអាវុធហត្ថ ឬមន្ត្រីរដ្ឋបាល ក៏ប៉ុន្តែបញ្ហាស្ថិតនៅត្រង់ថា អស់លោកមានឆន្ទៈធ្វើឬមិនធ្វើ? ឬក៏កន្លែងនោះជាទីកន្លែងរកប្រាក់របស់អស់លោក?។

សម្តេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា កន្ទុយលេខ ឡូតូ ធ្វើឲ្យប្រជាពលរដ្ឋឆ្លក់វង្វេង កន្ទុយលេខ គឺហាមលេងនៅក្នុងព្រះរាជាណាចក្រកម្ពុជា តែកន្ទុយលេខនេះក៏វារីករាលដាលខ្លាំងណាស់ដែរ។ ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទត្រូវហាមលេង អាជ្ញាប័ណ្ណដែលឲ្យមានឆ្នោត មានឡូតូ គឺហាមផ្តាច់មមិនឲ្យមានលេងកន្ទុយលេខ…៕
ដោយ៖ពលជ័យ

ads banner