ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយក្រុងកំពត ៖ មន្ត្រីបក្សថ្នាក់មូលដ្ឋាន ត្រូវបង្កើនភាពច្បាស់លាស់ និងម្ចាសការលើការងារ

កំពត ៖ ឯកឧត្តមបណ្ឌិត សោម ចិនសមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយក្រុងកំពត បានដាក់ទិសដៅ៤ចំណុច ដល់មន្ត្រីបក្សថ្នាក់មូលដ្ឋានឃុំសង្កាត់ ដើម្បីបង្កើនភាពច្បាស់លាស់ និងម្ចាស់ការលើការងារបម្រើប្រជាជនឲ្យកាន់តែប្រសើរ និងឈានទៅទទួលជោគជ័យក្នុងការបោះឆ្នោតឆ្នាំ២០២៣ខាងមុន ។

ថ្លែងនៅក្នុងកិច្ចប្រជុំ ត្រួតពិនិត្យការងារគណបក្ស និងទិសដៅការងារសម្រាប់អនុវត្តបន្ត ទៅកាន់ការបោះឆ្នោតឆ្នាំ២០២៣ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាក្រុងកំពតខេត្តកំពត នៅថ្ងៃទី១៧ ខែកញ្ញាឆ្នាំ២០២២ ឯកឧត្តម សោម ចិន សមាជិកគណៈកម្មាធិការកណ្ដាល និង ជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយក្រុងកំពត បានមានប្រសាសន៍ថា ថ្នាក់ដឹកនាំក្នុងជួរគណបក្សប្រជាជនកម្ពុជា ទាំងថ្នាក់ជាតិ រហូតដល់មូលដ្ឋាន បានធ្វើកិច្ចការងារច្រើនណាស់ សម្រាប់ប្រជាពលរដ្ឋ ប៉ុន្តែហេតុអ្វីបានជាប្រជាពលរដ្ឋមួយចំនួន នៅមិនទាន់បានបោះឆ្នោតជូនគណបក្សប្រជាជន ? នេះគឺជាប្រធានបទមួយ ដែលអង្គប្រជុំទាំងមូលបាន ធ្វើការពិភាក្សា បញ្ចេញមតិយោបល់របស់ខ្លួន ពិសេសមន្ត្រីនៅថ្នាក់មូលដ្ឋានបានលើកឡើង អំពីបញ្ហាប្រឈមនានា និងចំណុចខ្សោយរបស់ខ្លួន ក្នុងការឆ្លើយតបសេចក្តីត្រូវការរបស់ពលរដ្ឋ។

ក្រោយពេលបានពិភាក្សារួច ឯកឧត្តម សោម ចិន បានធ្វើការណែនាំ៤ចំណុចដល់បក្សមូលដ្ឋាន ដើម្បីទាញយកសំឡេងឆ្នោតពីប្រជាពលរដ្ឋ។ ១. គ្រប់គ្រង់សមាជិកបក្សឲ្យច្បាស់លាស់ ២.សាមគ្គីគ្នា ចុះធ្វើការប្រកបដោយភាពទទួលខុសត្រូវ ៣.ប្រាប់ពលរដ្ឋឲ្យចុះបញ្ជីបោះឆ្នោតបានត្រឹមត្រូវ និងមានឯកសារច្បាស់លាស់ និងទី៤ ត្រូវបកស្រាយបំភ្លឺ និងវាយបក ឲ្យបានឆាប់រហ័សរាល់ព័ត៍មានមិនពិត របស់ក្រុមអមិត្ត។

ឯកឧត្តម បានបន្ថែមទៀតថា ចាប់ពីថ្ងៃនេះទៅ សូមមន្ត្រីបក្សថ្នាក់មូលដ្ឋាន ប្រឹងប្រែង ធ្វើយ៉ាងណាកុំឲ្យនយោបាយបោក នយោបាយខ្សិបដាក់ត្រចៀក របស់បក្សប្រឆាំង ដែលគេធ្វើតែរយៈមួយខែមុនបោះឆ្នោត អូសទាញទឹកចិត្តប្រជាពលរដ្ឋបានឲ្យសោះ ៕ Sila Sarin

ads banner