ក្រុមអតីតសិស្សវិទ្យាល័យកំពង់ធំ ខេត្តកំពង់ធំឆ្នាំ១៩៨២-១៩៨៥ ធ្វើពិធីជួបជុំសម្តែងការដឹងគុណលោកគ្រូ អ្នកគ្រូ

(កំពង់ធំ)៖ក្រុមអតីតសិស្សវិទ្យាល័យកំពង់ធំ ខេត្តកំពង់ធំឆ្នាំ១៩៨២-១៩៨៥ ធ្វើពិធីជួបជុំសម្តែងការដឹងគុណលោកគ្រូ អ្នកគ្រូ រាត្រីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ ២០២២ នៅភោជនីយដ្ឋានរស្មីច័ន្ទពេញវង់ ស្ថិតនៅភូមិបល្ល័ង្កលិច សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

លោក ហេង សុខារី ជាអតីតសិស្សបានលើកឡើងថា ការជួបជុំគ្នានេះមានគោលបំណងប្រមូលគៀងគរឡើងវិញនូវមិត្តភក្តិដែលបានបែកគ្នាបន្ទាប់ពីខកខានបានជួបគ្នាដោយសារវិបត្តិកូវីដ១៩ និងសម្តែងនូវការដឹងគុណ ដល់អតីតលោកគ្រូ អ្នកគ្រូ ដែលធ្លាប់មានអនុស្សាវរីយ៍ ក្នុងការខិតខំបណ្តុះបណ្តាលនូវ ការអប់រំទាំងកាយវាចារ្យ និងចិត្ត ដោយមិនគិតពីប្រាក់កម្រៃ ព្រមទាំងអាយុជីវិត ដែលលោកគ្រូ អ្នកគ្រូមួយចំនួនមានវ័យចាស់ ចូលនិវត្តន៍ ហើយខ្លះទៀតបានស្លាប់បាត់ជីវិតហើយដែរ។

លោកបន្តថា នេះជាលើកទី៧ហើយដែលបានការរៀបចំពិធីនេះនិង ដើម្បីជាគំរូដែលបង្ហាញពីភាពសាមគ្គីគ្នាជាធ្លុងមួយ ដោយមិនមានភាពរើសអើង មិនប្រកាន់វណ្ណៈ ជាតិសាសន៍ មាន ក្រនោះឡើយ និងការប្រមូលគៀងគរនូវមិត្តភត្តិ ព្រមទាំងធ្វើការបង្ហាញនូវភាពជោគជ័យ ដែលកើតចេញពី ការតស៊ូពីបាតដៃទទេក្លាយជាថ្នាក់ដឹកនាំ ឬអាជីវករ ដោយកើតចេញពីការតាំងចិត្តដ៏មុះមុត ជំនះឧបសគ្គមិនរាថយ ដែលធ្វើឱ្យទទួលបានផ្លែផ្កាគួរជាទីពេញចិត្ត។

លោក ហេង សុខារី ក៏បានផ្តាំផ្ញើដល់អតីតសិស្សជួយជម្រុញអប់រំដល់កុមារ និងផ្សព្វផ្សាយដល់ប្អូនៗសិស្សានុសិស្សទាំងអស់ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ជៀសឱ្យឆ្ងាយពីគ្រឿងញៀន ដើម្បីឱ្យខ្លួនក្លាយជាកូនល្អ សិស្សល្អ មិត្តល្អ និងជាពលរដ្ឋល្អ នៅពេលអនាគត នឹងចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ជាមួយរដ្ឋាភិបាលផងដែរ ៕ ដោយ ប៊ុន រដ្ឋា

ads banner