លោក ប៊ូ វីរៈ៖ កីឡាជាតិលើកទី៣ គឺផែនការយុទ្ធសាស្រ្តរបស់សហព័ន្ធកីឡាម៉ូតូទឹក ជម្រុញអោយអត្តពលិកដុសខាត់សមត្ថភាព ឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣
ភ្នំពេញ៖ លោក ប៊ូ វីរៈ អគ្គលេខាធិការសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា បានបញ្ជាក់ថា សម្រាប់ព្រឹត្តការណ៍កីឡាជាតិ លើកទី៣ ឆ្នាំ២០២២នេះ សហព័ន្ធបានត្រៀមដាក់៥ប្រភេទវិញ្ញាសា អោយអត្តពលិក២៥រូប មកពី៧រាជធានី-ខេត្ត-ក្រុង និងក្រសួង ស្ថាប័ន ប្រកួតប្រជែង ។
លោកអគ្គលេខាធិការ បន្តថា អត្តពលិក២៥រូបខាងលើ សហព័ន្ធបានធ្វើការជ្រើសរើសយ៉ាងយកចិត្តទុកដាក់ កីឡាករមកពីបណ្តាក្លឹបនានា និងក្រុមជម្រើសរើសជាតិ ដើម្បីសម្រួច និងដុះខាត់សមត្ថភាព ឆ្ពោះទៅដណ្តើមមេដាយពីព្រឹត្តការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ក្នុងនោះសហព័ន្ធក៏បានត្រៀមមន្រ្តីបច្ចេកទេសសរុបចំនួន៣៥នាក់ និង១០នាក់មកពីក្លឹប Flamingo Jet Ski ប្រទេសថៃ មកជួយរៀបចំកីឡាជាតិលើកទី៣នេះដែរ។ លោក ប៊ូ វីរៈ បន្ថែមថា កីឡាជាតិលើកទី៣នេះ គឺជាឪកាសអោយអត្តពលិកជម្រើសជាតិដែលហ្វឹកហាត់ជាមួយគ្រូកម្រិតអន្តរជាតិ និងកីឡាករមកពីក្លឹបក្នុងស្រុក និងមន្រ្តីបច្ចេកទេស បានផ្លាស់ប្តូរបទពិសោធន៍ បច្ចេកទេស និងចែករំលែកគ្នាទៅវិញទៅមក ជាពិសេសពិនិត្យមើលពីចំនុចខ្វះខាត ចំនុចខ្សោយ ដើម្បីធ្វើការកែប្រែបានល្អប្រសើរ ត្រៀមខ្លួនចូលរួមក្នុងព្រឹត្តិការណ៍ ទាំងកម្រិតតំបន់ និងអន្តរជាតិនាពេលខាងមុខនេះ ។ លោកអគ្គលេខាធិការ អះអាងថា សហព័ន្ធមានគម្រោងបើងវគ្គបណ្តុះបណ្តាលកម្រិតជាតិ និងអន្តរជាតិអោយបានច្រើនដង និងបញ្ជូនមន្រ្តីបច្ចេកទេសទៅចូលរួមកាត់សេចក្តីកាប្រកួតជាលក្ខណអន្តរជាតិផងដែរ។
គួរបញ្ជាក់ថា ក្រៅពីការប្រកួតកម្រិតជាតិ ដូចជា ការប្រកួតជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ កីឡាជាតិ លើកទី៣ ឆ្នាំ២០២២ សហព័ន្ធមានការប្រកួតកម្រិតទ្វីប ៤លើកក្នុងមួយឆ្នាំ គឺការប្រកួត Jet Ski Pro Tour ជើងឯកតំបន់អាស៊ី នៅថៃ ,ការប្រកួត Jet ski World cup និង World Series នាខែកក្កដា នៅទ្វីបអ៊ឺរ៉ុប ខែតុលា នៅសហរដ្ឋអាមេរិក ខែធ្នូ ការប្រកួតផ្តាច់ព្រ័ត្រ នៅប្រទេសថៃ និងការប្រកួត Aquabike world championship ធំជាងគេប្រចាំទ្វីបអ៊ឺរ៉ុប ។
សូមបញ្ជាក់ថា សម្រាប់ទីតាំងប្រកួតកីឡាជាតិ លើកទី៣ ឆ្នាំ២០២២ខាងមុខនេះ សហព័ន្ធបានសម្រេចជ្រើសរើស ឆ្នេរសុខា ខេត្តព្រះសីហនុ និងជាទីតាំងត្រៀមព្រឹត្តការណ៍ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ផងដែរ ៕ ចាន់ វិចិត្រ

