ក្លឹបកីឡាវ៉ូវីណាមក្រសួងការពារជាតិ ដណ្តើមបានមេដាយមាសច្រើនជាងគេ ពីការប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២

ភ្នំពេញ៖ ការប្រកួតកីឡាវ៉ូវីណាមជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២២ បានបញ្ចប់ដោយជោគជ័យ ក្លឹបកីឡាវ៉ូវីណាមក្រសួងការពារជាតិ ដណ្តើមបានមេដាយមាសច្រើនជាងគេ គឺមេដាយសរុប១៥គ្រឿង មាស៩ ប្រាក់២ និងសំរិទ្ធ៤គ្រឿង ខណៈលេខ២ ក្លឹបកីឡាវ៉ូវីណាមខេត្តស្វាយរៀង និងលេខ៣ក្លឹបកីឡាវ៉ូវីណាមក្រសួងមហាផ្ទៃ ។
លោក យ៉ាំ ថៃសាន អគ្គលេខាធិការ សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានអោយដឹងថា ជើងឯកថ្នាក់ជាតិឆ្នាំនេះ មានក្លឹបមកពីរាជធានី-ខេត្តចំនួន៦ ក្រសួង២ ចូលរួម កីឡាការិនី ៥៨នាក់ កីឡាការិនី ២៤ នាក់ ការប្រកួតចែកជា២ផ្នែកធំៗ ១៩ វិញ្ញាសា រួមមាន៖ ១- វិញ្ញាសា មេគុន ចំនួន ១២ និង២- វិញ្ញាសាប្រយុទ្ធ ចំនួន ០៧ ។ លោកអគ្គលេខាធិការ បន្តថា ក្រោយពីបញ្ចប់ការប្រកួតទាំង៣ថ្ងៃនេះ សហព័ន្ធសម្លឹងឃើញ កីឡាករ កីឡាការិនីថ្មីៗ ដែលមានបច្ចេកទេស ទេពកោសល្យ និងមានសមត្ថភាពខ្ពស់ មានស្មារតីអង្គអាចក្លាហាន ដែលអាចប្រកួតប្រជែងនៅកម្រិតជាតិ និង អន្តរជាតិ ។ ចៅក្រម អាជ្ញាកណ្តាល មន្ត្រីបច្ចេកទេសរៀបចំការប្រកួត ពិតជាមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការរៀបចំការប្រកួតនានា ជាពិសេស ការប្រកួតកីឡាជាតិលើកទី៣ នាខែវិច្ឆិកា ឆ្នាំ២០២២ និងការប្រកួតស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នាពេលខាងមុខ។
ឯកឧត្តម អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាម បានមានប្រសាសន៍ ការប្រកួតពិតជាមានសារៈសំខាន់ណាស់សម្រាប់កីឡាករ-កីឡាការិនី ដើម្បីអភិវឌ្ឍ និងបង្កើនសមត្ថភាពរបស់កីឡាករ កីឡាការិនី ចៅក្រម អាជ្ញាកណ្តាល មន្ត្រីបច្ចេកទេសរៀបចំការប្រកួតរបស់យើង តាមរយៈលទ្ធផលពីស៊ីហ្គេម លើកទី៣១ នៅវៀតណាម ក្រុមជម្រើសជាតិកីឡាវ៉ូវីណាម ដណ្តើមបាន មេដាយ១៤គ្រឿង គឺមាស៣ ប្រាក់២ និងសំរិទ្ធ៩ ។ ទោះយ៉ាងនេះក្តី សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បាននឹងកំពុងបន្តខិតខំបណ្តុះបណ្តាលធនធានកីឡាករ កីឡាការិនី ទាំងក្រុមឈុតស៊ីហ្គេម ទាំងកីឡាករ កីឡាការិនីថ្នាលវ័យក្មេងរបស់យើងនៅតាមបណ្តា ក្លឹបសមាគម រាជធានីខេត្ត ដើម្បីត្រៀមលក្ខណៈចូលរួមការប្រកួតនានា ទាំងថ្នាក់ជាតិ និងកម្រិតអន្តរជាតិ នាពេលខាងមុខ ។ ជាពិសេសព្រឹត្តការណ៍ជាប្រវត្តិសាស្ត្រ ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះ នឹងចូលមកដល់ ក្រោមពាក្យស្លោក “កម្ពុជាឆ្ពោះទៅដណ្តើមមេដាយមាស ស៊ីហ្គេមលើទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣” និង“ប្រជាជនម្នាក់ លេងកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត”។ “កីឡារស់ក្នុងសន្តិភាព”
ឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា សូម សំដែងនូវការអបអរសាទរ និងថ្លែងអំណរគុណ ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងល្អរបស់នាយកដ្ឋានអប់រំកាយ និង កីឡា ក្រុមហ៊ុនឯកជន ជាមួយសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា ជាពិសេស កីឡាករ កីឡាការិនី បានចូលរួមក្នុងការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២នេះការប្រកួតពិតជាមានសារៈសំខាន់ណាស់សម្រាប់កីឡាករកីឡាការិនី ដើម្បីអភិវឌ្ឍខ្លួន បង្កើនសមត្ថភាព ក្នុងការប្រកួតថ្នាក់ជាតិនេះ ក៏ដូចជាការប្រកួតលក្ខណៈអន្តរជាតិ ជាពិសេសការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះជាប្រវត្តិសាស្ត្រ។ ឯកឧត្តម អនុរដ្ឋលេខាធិការ បន្ថែមថា សូមបន្តយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះផ្នែករដ្ឋបាល ផ្នែកសកម្មភាពនៃការប្រកួត និងផ្នែកសកម្មភាព នៃវគ្គបណ្តុះបណ្តាលគ្រូបង្វឹក អាជ្ញាកណ្តាល ចៅក្រម តាមសហព័ន្ធកីឡាជាតិទាំងអស់ដែលក្រសួងបានផ្តល់ថវិកាគាំទ្រ ដើម្បីជួយពន្លឿនការអភិវឌ្ឍវិស័យកីឡាក្នុងព្រះរាជាណាចក្រកម្ពុជា ៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner