ភ្នំពេញត្រូវបានប្រកាសជាដែនដីអស់មីននៅថ្ងៃទី២២កញ្ញាឆ្នាំ២០២២ (Video Inside)

រាជធានីភ្នំពេញ ត្រូវបានអាជ្ញាធរជាតិប្រឆាំងគ្រាប់មីន បានប្រកាសនារសៀលថ្ងៃទី២២ កញ្ញា ជាតំបន់អស់គ្រាប់មីន ក្នុងពិធីមួយដែលអញ្ជើញចូលរួមដោយលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា។

រាជធានីភ្នំពេញក៏ដូចជាបណ្តាខេត្តទូទាំងប្រទេស ក្នុងអតីតកាលសង្គ្រាមស៊ីវិល គឺជាតំបន់ ដែលមានរាយប៉ាយសេសល់គ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះជាច្រើន។ អភិបាលរងរាជធានី លោក មាន ចាន់យ៉ាដា បានថ្លែងថាក្នុងពិធីនោះថា ភ្នំពេញបានឆ្លងកាត់ភ្លើងសង្គ្រាម និង ឧបសគ្គជាច្រើនទំរាំបានដូចសព្វថ្ងៃនេះ។

ផ្អែកតាមទិន្ន័យស្រាវជ្រាវមូលដ្ឋានឆ្នាំ២០១២របស់អាជ្ញាធរមីនកម្ពុជា, រាជធានីភ្នំពេញ មានចំការមីនចំនួន១២៦កន្លែង ស្មើនឹងផ្ទៃដីសរុប ៦លាន៣៣ម៉ឺន៥ពាន់២៣៨ ម៉ែត្រការ៉េ ដែលមានក្នុងខណ្ឌចំនួន៤ គឺខណ្ឌ៖ជ្រោយចង្វា, ព្រែកព្នៅ, ពោធិសែនជ័យ និងខណ្ឌសែន សុខ។

នៅរាជធានីភ្នំពេញ គិតត្រឹម ឆ្នាំ២០២១ មានអ្នករង គ្រោះដោយសារគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះសរុបចំនួន២០៤នាក់ ក្នុងនោះមានអ្នកស្លាប់ចំនួន៧២នាក់, ពិការ៥នាក់ និង របួសចំនួន១២៧នាក់។

អនុប្រធានទី១អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាព កំចាត់មីន លោកលីធុជ បានថ្លែងថា កម្ពុជាបានប្តេជ្ញាលប់បំបាត់គ្រាប់មីនឲ្យអស់ត្រឹមឆ្នាំ២០២៥។ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងអបអរសាទរដល់រាជធានីភ្នំពេញដែលត្រូវបានប្រកាសជារាជធានី អស់មីន ដែលជាដែនដីទី៣ហើយបន្ទាប់ពីខេត្តកែប និងខេត្តព្រៃវែង។

ads banner