សហរដ្ឋអាមេរិកនឹងមានផែនការឆ្លើយតប ប្រសិនបើរុស្ស៊ីប្រើប្រាស់អាវុធនុយក្លេអ៊ែរក្នុងសង្គ្រាមអ៊ុយក្រែន
វ៉ាស៊ីនតោន៖ ប្រមុខការទូតកំពូលអាមេរិកបានព្រមានថា រុស្ស៊ីនឹងប្រឈមមុខនឹងផលវិបាក “ដ៏គួរឱ្យរន្ធត់” ប្រសិនបើប្រទេសនេះប្រើប្រាស់អាវុធប្រល័យលោកក្នុងសង្គ្រាមអ៊ុយក្រែន។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់ថូនី ប្លីងគែន ថ្លែងថា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន មានផែនការប្រតិកម្មចំពោះការប្រើប្រាស់អាវុធនុយក្លេអ៊ែរដោយរុស្ស៊ី ប៉ុន្តែនឹងមិនបង្ហាញព័ត៌មានលម្អិតរបស់ខ្លួនឡើយ។
នៅក្នុងបទសម្ភាសន៍មួយក្នុងកម្មវិធី “៦០នាទី” របស់សារព័ត៌មាន CBS News នៅថ្ងៃអាទិត្យសប្តាហ៍មុននេះ លោក ប្លីងគែន បានបញ្ជាក់ថា ប្រសិនបើរុស្ស៊ីដាក់ពង្រាយអាវុធបរមាណូនៅលើសមរភូមិ នោះផលវិបាកនឹងគួរឱ្យរន្ធត់ណាស់ ហើយយើងបានបញ្ជាក់យ៉ាងច្បាស់។
លោកថា សារនេះត្រូវបានផ្ញើជូនទៅកាន់ថ្នាក់ដឹកនាំរុស្ស៊ីជាលក្ខណៈសាធារណៈ និងឯកជន។ ទន្ទឹមគ្នា លោក ប្លីងគែន ក៏បានជំរុញឱ្យរុស្ស៊ីទប់ស្កាត់ការកើនឡើងភាពតានតឹងបន្ថែមទៀត តាមរយៈការដកទ័ពចេញពីអ៊ុយក្រែន ហើយថា ប្រសិនបើរុស្ស៊ីឈប់ប្រយុទ្ធ នោះសង្គ្រាមនឹងបញ្ចប់… បើអ៊ុយក្រែនឈប់ប្រយុទ្ធ.. អ៊ុយក្រែនក៏នឹងចប់ដូចគ្នា។
ការព្រមានបែបនេះរបស់លោក ប្លីងគែន ជាការឆ្លើយតបចំពោះការអត្ថាធិប្បាយកាលពីសប្តាហ៍មុនដោយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដែលបានចោទប្រកាន់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនថា កំពុងស្វែងរកការបែងចែកប្រទេសរុស្ស៊ី ហើយថា ទីក្រុងម៉ូស្គូនឹងប្រើប្រាស់ឧបករណ៍ទាំងអស់ដើម្បីទប់ស្កាត់លទ្ធផលនោះ៕ ប្រភព៖ RT ប្រែសម្រួល៖ ទីណា និងបុត្រា


