រដ្ឋាភិបាល ជប៉ុន រំពឹងថា មនុស្ស ប្រមាណ ៤ ៣០០ នាក់ នឹង ចូលរួម បុណ្យសព លោក អាបេ
ជប៉ុន:
ពិធីបុណ្យ សពថ្នាក់ជាតិ សម្រាប់ អតីត នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ ត្រូវ ប្រព្រឹត្ត ធ្វើ ទៅ នៅទីក្រុងតូក្យូ នា ថ្ងៃអង្គារ ទី២៧ កញ្ញា ឆ្នាំ២០២២នេះ ។ រដ្ឋាភិបាល ជប៉ុន រំពឹង ថា មនុស្ស ប្រមាណ ៤ ៣០០ នាក់ មកពី ក្នុង និង ក្រៅ ប្រទេស នឹង ចូលរួម ពិធីបុណ្យ សព របស់ នេះ ។
មនុស្សប្រមាណ ៣ ៦០០ នាក់នៅក្នុងប្រទេស និងប្រមាណ ៧០០ នាក់ទៀតមកពីក្រៅប្រទេស ត្រូវបានគេរំពឹងថា នឹងមានវត្តមាន នៅក្នុងពិធីបុណ្យសពរបស់ លោក អាបេ ។ នេះ បើតាមប្រធានខុទ្ទកាល័យជប៉ុន លោក ម៉ាត់ស៊ូណូ ហ៊ីរ៉ូកាហ្សូ (Matsuno Hirokazu) និយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីសប្តាហ៍មុន ។
អ្នកចូលរួម ពីក្នុងប្រទេស រួមមាន ប្រធានសភាជាន់ទាប និងជាន់ខ្ពស់ ព្រមទាំងសមាជិក សភា បច្ចុប្បន្នជាង ៧០០នាក់ និងអភិបាលតំបន់ ៤៤រូប ។ រដ្ឋាភិបាលជប៉ុន ក៏រំពឹងថាដែរថា នឹងមានមនុស្សជាង ១ ០០០ នាក់ទៀតដែលជាអ្នកជំនួញ និងមជ្ឈដ្ឋានផ្សេងទៀត នឹងមានវត្តមាននៅក្នុងពិធីនា ថ្ងៃ អង្គារនេះ ។
ចំណែកភ្ញៀវពីក្រៅប្រទេសវិញ រដ្ឋាភិបាលរបស់លោកហ្វូមីអូ គីស៊ីដា រំពឹងថានឹងទទួលការចូលរួមពីថ្នាក់ដឹកនាំ កំពូលចំនួន ៣៥រូប និងគណៈប្រតិភូ បរទេសចំនួន ២១៨ រូប ។ ប្រធានខុទ្ទកាល័យ ជប៉ុនបានប្រាប់អ្នកសារព័ត៌មានថា ប្រទេសចិនបានជូនដំណឹងដល់រដ្ឋាភិបាលជប៉ុនរួចហើយថា អនុប្រធានមួយរូបនៃសន្និសីទប្រឹក្សានយោបាយប្រជាជនចិន ដែលជាស្ថាប័នប្រឹក្សាច្បាប់កំពូលរបស់ប្រទេស មាន គម្រោងចូលរួមពិធីបុណ្យសពនេះ ។
លោក ម៉ាត់ស៊ូណូ មានប្រសាសន៍ថា រដ្ឋាភិបាល ក្រុងតូក្យូ សូម ថ្លែង អំណរគុណ យ៉ាង ជ្រាលជ្រៅ ចំពោះ ភ្ញៀវ ជា ច្រើន ដែលនឹង មក ចូលរួម ក្នុង ពិធីបុណ្យសព របស់លោកអាបេ ដែលជានាយក រដ្ឋមន្ត្រី ជប៉ុន កាន់អំណាច យូរ ជាងគេ ។ ទន្ទឹមនេះ លោក ថា រដ្ឋាភិបាល ជប៉ុន នឹង ប្រឹងប្រែង ឱ្យ អស់ពី សមត្ថភាព ក្នុងការ រៀប ពិធីបុណ្យ សពថ្នាក់ជាតិ សម្រាប់លោកអាបេ ឱ្យបាន សក្តិសម ជាទីបំផុត។
តាមការប៉ាន់ស្មាន ជប៉ុន ចំណាយថវិកាប្រមាណ ១,៦៥ ពាន់លានយ៉េន ឬស្មើនឹងប្រមាណ ១២លានដុល្លារ សម្រាប់ការរៀបចំពិធីបុណ្យសពថ្នាក់ជាតិជូនអតីតនាយករដ្ឋមន្ត្រីស៊ីនហ្សូ អាបេ ដោយរួមបញ្ចូលថ្លៃ ការពារសន្តិសុខ និងថ្លៃទទួលភ្ញៀវ ឋ៕ដោយ:លី លីយ៉ា
ប្រភព៖
- Japanese government expects 4,300 people to attend Abe state funeral
https://www3.nhk.or.jp/nhkworld/en/news/20220922_37/amp.html - Abe state funeral draws world leaders, divides Japan: What to know
https://asia.nikkei.com/Politics/Shinzo-Abe/Abe-state-funeral-draws-world-leaders-divides-Japan-What-to-know