ធនាគារអភិវឌ្ឍន៍អាស៊ីគ្រោងបញ្ចេញកញ្ចប់ថវិកា ១៤ពាន់លានដុល្លារ ដើម្បី បន្ធូរបន្ថយវិបត្តិស្បៀងអាហារក្នុងតំបន់
បរទេស៖ លោក Masatsugu Asakawa ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានប្រកាស នាថ្ងៃទី២៧ កញ្ញា ២០២២នេះថា ADB គ្រោងនឹងផ្តល់ យ៉ាងហោចណាស់ ១៤ ពាន់លានដុល្លារ ក្នុងរយៈពេលឆ្នាំ ២០២២-២០២៥ ក្នុងកម្មវិធីជំនួយដ៏ទូលំទូលាយមួយ ដើម្បីបន្ធូរបន្ថយវិបត្តិស្បៀងអាហារនៅអាស៊ី និងប៉ាស៊ីហ្វិក ។
លោក Masatsugu Asakawa បានប្រាប់សន្និសីទសារព័ត៌មាន ថា “ការឆ្លើយតបរបស់យើងនឹងមានលក្ខណៈទូលំទូលាយ ដោយនាំឱ្យមានការផ្តោតអារម្មណ៍ទាំងទិដ្ឋភាពភ្លាមៗ និងរយៈពេលវែងនៃសន្តិសុខស្បៀង”។
សង្គ្រាមរុស្ស៊ី-អ៊ុយក្រែនបានបង្កឱ្យមានវិបត្តិស្បៀងអាហារជាសាកល ខណៈដែលជម្លោះបានបង្អាក់ការផ្គត់ផ្គង់ស្បៀងអាហារ ជី ធ្វើឱ្យប្រព័ន្ធស្បៀងអាហារពិភពលោកចុះខ្សោយរួចជាស្រេចដោយឥទ្ធិពលបម្រែបម្រួលអាកាសធាតុ។
លោក Asakawa បាននិយាយនៅក្នុងសុន្ទរកថា ដាច់ដោយឡែក នៅឯកិច្ចប្រជុំប្រចាំឆ្នាំលើកទី ៥៥ របស់ ADB ថា “នេះគឺជាការឆ្លើយតបទាន់ពេលវេលា និងចាំបាច់ជាបន្ទាន់ចំពោះវិបត្តិដែលកំពុងធ្វើឱ្យគ្រួសារក្រីក្រជាច្រើននៅអាស៊ីស្រេកឃ្លាន និងស្ថិតក្នុងភាពក្រីក្រកាន់តែជ្រៅ”៕ ប្រភពពី CNA, ដោយ៖ សារ៉ាត


