សភាកម្ពុជានិងបណ្តាសភាជាច្រើននៅក្នុងពិភពលោកយកចិត្តទុកដាក់យ៉ាងខ្លាំងអំពីសារៈសំខាន់នៃសមភាពពេញលេញរវាងស្ត្រី និងបុរស

ភ្នំពេញ៖សភាកម្ពុជាក៏ដូចជាបណ្តាសភាជាច្រើននៅក្នុងពិភពលោកបានយកចិត្តទុក​ដាក់យ៉ាងខ្លាំងអំពីសារៈសំខាន់ នៃសមភាពពេញលេញរវាងស្ត្រី និងបុរស ហើយក្រុមសភាជាតិកម្ពុជាក្នុងក្របខ័ណ្ឌសភាប្រើភាសាបារាំង (APF)បានជ្រើសរើសយកប្រធានបទសិក្ខាសាលាទី១ ដើម្បីអបអរខួបលើកទី២០នៃការបង្កើតបណ្តាញស្ត្រីសភា ប្រើភាសាបារាំងសម្រាប់​​​​​​ឆ្នាំ២០២២។ នេះជាការបញ្ជាក់របស់លោកជំទាវ ទី បូរ៉ាស៊ីប្រធានគណៈកម្មការកិច្ចការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អនុប្រធាននៃក្រុមសភាជាតិប្រើភាសា​បារាំង និងជាប្រធានបណ្តាញស្ត្រី នៃសភាជាតិកម្ពុជាប្រើភាសាបារាំង នៅក្នុងសិក្ខាសាលា​​ក្នុងក្របខ័ណ្ឌសភាប្រើភាសាបារាំង (APF)ស្តីពីស្វ័យភាព សេដ្ឋកិច្ចរបស់ស្ត្រីនៅតំបន់​ជនបទ និងវិធីសាស្រ្តនៃការចរចារប្រើប្រាស់នៅក្នុងក្របខ័ណ្ឌកិច្ចសភានាថ្ងៃទី២៧ ខែកញ្ញាឆ្នាំ២០២២។

លោកជំទាវ ទី បូរ៉ាស៊ីប្រធានគណៈកម្មការកិច្ចកា របរទេស និងសហប្រតិបត្តិការអន្តរជាតិ អនុប្រធាននៃក្រុមសភាជាតិប្រើភាសាបារាំង និងជាប្រធានបណ្តាញស្ត្រី នៃសភាជាតិកម្ពុជាប្រើភាសាបារាំង(រូបថតព្រឹទ្ធសភា)

សិក្ខាសាលានេះគឺមានរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី២៧ទី២៨និងទី២៩ខែកញ្ញានៅសាលសិក្ខាសាលាខាងត្បូងនៃវិមានព្រឹទ្ធសភា ដោយការអញ្ជើញចូលរួមពីសមាជិក សមាជិកាសភាប្រើភាសាបារាំង។

លោកជំទាវ ទី បូរ៉ាស៊ី បានបញ្ជាក់ថា “សភារបស់យើង ក៏ដូចជាបណ្តាសភាជាច្រើននៅក្នុងពិភពលោកគឺយកចិត្ត ទុកដាក់យ៉ាងខ្លាំង អំពី សារៈសំខាន់នៃសមភាពពេញលេញរវាងស្រ្តី និងបុរស ហើយក្រុមសភាជាតិកម្ពុជា-APF បានជ្រើសរើសយកប្រធានបទសិក្ខាសាលាទី១ដើម្បីអបអរខួបលើកទី២០នៃការបង្កើតបណ្តាញស្ត្រីសភាប្រើភាសា បារាំងសម្រាប់ឆ្នាំ២០២២។ បញ្ហាសមភាពរវាងស្ត្រី និងបុរស បានចារឹកនៅក្នុងអនុសញ្ញាឆ្នាំ​១៩៧៩ ស្ដីពីការលុបបំបាត់ រាល់ទម្រង់នៃការរើសអើងចំពោះស្រ្តី ដែលអនុម័តយល់ព្រមដោយប្រទេសហត្ថលេខី ក្នុងនោះក៏មានប្រទេសកម្ពុជាជាសមាជិកផងដែរ។

ប្រធានបទនៃសិក្ខាសាលានេះស្របទៅនឹងមូលដ្ឋានគ្រឹះគោលដៅទី៥ នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព របស់អង្គការសហប្រជាជាតិសម្រាប់ឆ្នាំ២០១៥-២០៣០។គោលដៅនេះមានបំណងលើកកម្ពស់សមភាពយេនឌ័រ និងស្វ័យភាពសេដ្ឋកិច្ចចំពោះស្រ្តី និងយុវតីគ្រប់រូប”។

លោកជំទាវបានបញ្ជាក់ទៀតថា ស្ត្រីគឺជាឆ្អឹងខ្នងសេដ្ឋកិច្ច និងសង្គម។ នេះជាមូលហេតុដែលសភាកម្ពុជាបាន ខិតខំ ប្រឹងប្រែងអនុវត្តគោលដៅទាំងនេះក្នុងការធ្វើច្បាប់ និងអនុម័តច្បាប់នានាជាច្រើនដែលពាក់ព័ន្ធនឹងសមភាព រវាងបុរស និងស្រ្តី ក៏ដូចជាការការពារស្រ្តីនៅក្នុងមជ្ឈដ្ឋានការងារវិស័យឯកជន និងវិស័យ សាធារណៈ។

ចំណែករាជរដ្ឋាភិបាលកម្ពុជាវិញបានធ្វើការប្តេជ្ញាចិត្តដើម្បីធានាសន្តិសុខស្បៀងនិងអាហារូបត្ថម្ភឱ្យមានកំណើនសេដ្ឋកិច្ច និងសំដៅប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ ធ្វើឱ្យប្រសើរឡើងវិញនូវសម ធម៌រវាងបុរស និងស្ត្រីសម្រាប់លើក កម្ពស់ធនធានមនុស្សស្របទៅតាមដំណាក់កាលទី៤នៃយុទ្ធសាស្ត ចតុកោណរបស់រាជរដ្ឋាភិបាល។

លោកជំទាវ ទី បូរ៉ាស៊ី បានបន្តថា ចំពោះប្រធានបទទី២ ជាប្រធានបទពាក់ព័ន្ធនឹងវិស័យការទូតអំពីរបៀប ទទួលយកនូវការខ្វែងគំនិតគ្នានិងជំរុញការប្រជុំឱ្យមានកិច្ចដំណើរការទៅមុខលើចំណុចផ្សេងៗដែលជាផលប្រយោជន៍រួម និង/ឬ ករណីបន្ទាន់។

លោកជំទាវបន្តថាប្រធានបទដែលនាំឱ្យមានការជួបជុំគ្នាថ្ងៃនេះមានសារៈសំខាន់ណាស់៖ប្រធានបទទាំងពីរដែលលើកយកមកពិភាក្សាគឺជាកិច្ចការស្នូលនៃការងារសភានិងជាគុណតម្លៃដែលត្រូវបានការពារដោយសភាប្រើភាបារាំងដើម្បីលទ្ធិប្រជាធិបតេយ្យនិងនីតិរដ្ឋ។យើងធ្វើការផ្លាស់ប្ដូរនិងពិភាក្សាគ្នាទៅវិញទៅមកអំពីការអនុវត្តផ្សេងៗនៅក្នុងសភាប្រើភាសាបារាំងដោយផ្ទាល់មិនមែនតាមប្រព័ន្ធនិម្មិតនោះទេ។លើសពីនេះទៀតប្រធានបទតូចៗទាំងនេះលវាគ្មិនជាតិ និងអន្តរជាតិ បានជ្រើសរើស និងរៀបចំឡើងយ៉ាងហ្មត់ចត់។

សូមជម្រាបថា ព្រឹទ្ធសភា រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានសហការរៀបចំសិក្ខាសាលាក្នុងក្របខ័ណ្ឌសភា ប្រើភាសាបារាំង(APF)ស្តីពីស្វ័យភាពសេដ្ឋកិច្ចរបស់ស្ត្រីនៅតំបន់ជនបទនិងវិធីសាស្រ្តនៃការចរចារប្រើប្រាស់នៅក្នុងក្របខ័ណ្ឌកិច្ចសភាដែលប្រព្រឹត្តទៅ​នាថ្ងៃទី២៧ ទី២៨ និងទី២៩ ខែកញ្ញា នៅសាលសិក្ខាសាលាខាងត្បូង វិមានព្រឹទ្ធសភា ដោយ​​​ការអញ្ជើញចូលរួមពីសមាជិក សមាជិកាសភាប្រើភាសាបារាំង។

សិក្ខាសាលារយៈពេលបីថ្ងៃនេះ មានការចូលរួមពីសំណាក់សមាជិកព្រឹទ្ធសភាបារាំង មន្ត្រីរដ្ឋបាលជាន់ខ្ពស់ នៃរដ្ឋសភាបារាំង សមាជិកព្រឹទ្ធសភាកាមេរូន សមាជិករដ្ឋសភា​ប៊ែលហ្សិក សមាជិករដ្ឋសភាបេណាំង មន្ត្រីជំនាញ​ កិច្ចការស្ត្រីនៅមណ្ឌលសភាអាស៊ីផងដែរ។

ប្រធានបទដែលនឹងយកមកពិភាក្សានៅក្នុងសិក្ខាសាលា មានដូចជា ៖ ការចរចានៅក្នុងក្របខណ្ឌផ្ទៃក្នុងសភា ជាទីកន្លែងដែលប្រឈមមុខគ្នាលើមតិផ្សេងៗដើម្បីស្វែងរកការផ្សះផ្សា។ការជម្នះឧបសគ្គនានារបស់ស្ត្រីលើវិស័យសេដ្ឋកិច្ច នៅតំបន់ជនបទនៃព្រះរាជា​ណាចក្រកម្ពុជា ។

ផែនការសកម្មភាពដែលដាក់ឲ្យអនុវត្តដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍យូរអង្វែងពាក់ព័ន្ធនឹងសមភាពពេញលេញរវាងបុរស និងស្ត្រី ក្នុងវិស័យសេដ្ឋកិច្ច ជាពិសេសគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនិងពាក់ព័ន្ធសិទ្ធិ ទទួលបានជាម្ចាស់កម្មសិទ្ធិ។ បញ្ហាទំនាស់ដីធ្លី និងបញ្ហាប្រឈមផ្លូវចិត្ត និងសង្គមនៅកម្ពុជា។

វិធានការសំដៅលើកកម្ពស់ស្រ្តីដើម្បីទទួលបានម្ចាស់កម្មសិទ្ធិនៅតំបន់ជនបទ។ការលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ស្ត្រីក្នុងភាពជាសហគ្រិន។ការលើកកម្ពស់នីតិម្មសំដៅបញ្ជ្រាបដល់ស្ត្រីនៅតំបន់ជនបទ។យន្តការនីតិកម្មដែលដាក់ឲ្យអនុវត្តដើម្បីបង្កលក្ខណៈងាយស្រួលដល់ស្ត្រីក្នុងការបង្កើតសហគ្រាសនៅតំបន់ជនបទ៕ ដោយ៖ ពលជ័យ

សិក្ខាសាលាក្នុងក្របខ័ណ្ឌសភាប្រើភាសាបារាំង (APF)ស្តីពីស្វ័យភាព សេដ្ឋកិច្ចរបស់ស្ត្រីនៅតំបន់ជនបទ និងវិធីសាស្រ្តនៃការចរចារប្រើប្រាស់នៅក្នុងក្របខ័ណ្ឌកិច្ចសភា នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២(រូបថត ព្រឹទ្ធសភា)
ads banner