នាយករដ្ឋមន្ត្រីកម្ពុជាជួបប្រធានរដ្ឋវៀតណាមនៅប្រទេសជប៉ុន (Video Inside)

នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា និងប្រធានរដ្ឋនៃប្រទេសវៀតណាម បានជួបគ្នា និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ទៅវិញទៅមក។ ជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និងលោក ង្វៀន សួនហ្វុក បានធ្វើឡើងនាព្រឹកថ្ងៃទី២៧កញ្ញាក្នុងឱកាសដែល ថ្នាក់ដឹកនាំនៃប្រទេសទាំង២ បានស្ថិតក្នុងក្រុងតូក្យូនៃប្រទេសជប៉ុន ដើម្បីចូលរួមក្នុងពិធីបុណ្យសពថ្នាក់ជាតិ របស់អតីតនាយករដ្ឋមន្ត្រីជប៉ុនលោក អាបេ ស៊ិនហ្សូ។

សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូ កំពុងស្ថិតក្នុងប្រទេសជប៉ុន ដើម្បីចូលរួមក្នុងពិធីបុណ្យសពអតីត នាយករដ្ឋមន្ត្រីជប៉ុន បន្ទាប់ពីការបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក និងប្រទេសគុយបា ច្រើនថ្ងៃកន្លងមកនេះ។

ថ្នាក់ដឹកនាំនៃប្រទេសទាំង២កម្ពុជានិងវៀតណាម បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះ ភាពរីកចំរើន នៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យនៃប្រទេសទាំងពីរក្នុង ឱកាសទទួលទានអាហារពេលព្រឹកជាមួយគ្នា។

សម្តេចតេជោបានបញ្ជាក់ប្រាប់ប្រធានរដ្ឋវៀតណាម ជុំវិញដំណើរចូលរួមរបស់សម្តេច ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ និងដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅរដ្ឋធានីហាវ៉ាណា សាធារណរដ្ឋគុយបា។ សម្តេចបានជំរាបដល់ប្រធានរដ្ឋវៀតណាម នូវលទ្ធផលផ្លែផ្កា នៃការធ្វើកិច្ចការជាច្រើន ជាមួយនាយករដ្ឋមន្រ្តីថ្មីវៀតណាម លើការពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគី ពហុភាគី តំបន់ និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ដូចគ្នា។

លោក ង្វៀន សួនហ្វុក បានវាយតម្លៃខ្ពស់ ចំពោះប្រមុខដឹកនាំរដ្ឋាភិបាលនៃប្រទេសទាំងពីរ ដែលបានរួមគ្នាដោះស្រាយលើការងារធំៗជាច្រើន ដែលបម្រើឧត្តមប្រយោជន៍នៃប្រទេសនិង ប្រជាជនទាំងពីរកម្ពុជា-វៀតណាម ពិសេសកំណើនពាណិជ្ជកម្មនៃប្រទេសទាំងពីរមានការ កើនឡើងខ្ពស់ បើទោះបីជាជួបវិបត្តិជំងឺកូវីដ១៩ក្តី។

មេដឹកនាំទាំងពីរនៅបានជជែក ឯកភាពគ្នាក្នុងការបន្តដោះស្រាយការងារមួយចំនួន ដែលនៅសេសសល់ ពិសេសលើបញ្ហាបោះបង្គោលព្រំដែន នៃប្រទេសទាំងពីរឲ្យកាន់ឆាប់រហ័ស។ ប្រធានរដ្ឋវៀតណាម និងសម្តេចតេជោនាយករដ្ឋមន្រ្តី នៅបានធ្វើការពិភាក្សាគ្នាលើបញ្ហា ទំនាក់ទំនងទ្វេភាគី បញ្ហាតំបន់ និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ដូចគ្នា៕

ads banner