សម្តេចនាយករដ្ឋមន្ត្រីទទួលជួបប្រធានក្រុមប្រឹក្សាអឺរ៉ុបក្នុងឱកាសស្នាក់នៅក្នុងប្រទេសជប៉ុន (Video Inside)
សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា បានទទួលជួបពិភាក្សាប្រធានក្រុមប្រឹក្សាអឺរ៉ុបផងដែរក្នុងដំណើរ ចូលរួមបុណ្យសពអតីតនាយករដ្ឋមន្ត្រីជប៉ុននៅថ្ងៃទី២៧កញ្ញានេះ។ កិច្ចពិភាក្សាជាមួយ លោកឆាល មីស្ហែល Charles Michel បានផ្តោតលើបញ្ហាសង្គ្រាមនៅអ៊ុយក្រែន, បញ្ហាសមុទ្រ ចិនខាងត្បូង, កិច្ចការងារសន្តិភាពនៅមីយ៉ាន់ម៉ា និងអំពីស្ថានការណ៍ទូទៅរបស់ពិភពលោក។ ជំនួបនេះបានធ្វើឡើង បន្ទាប់ពីសម្តេចបានទទួលទានអាហារពេលព្រឹកជាមួយ ប្រធានរដ្ឋវៀតណាមរួចមក។
ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel បានមានប្រសាសន៍ថា លោកពិតជារីករាយ ចំពោះកិច្ចសហប្រតិបត្តិការរបស់អឺរ៉ុបជាមួយនឹងអាស៊ាននាពេលនេះ។ សម្តេចតេជោ ហ៊ុន សែន បានប្រាប់ប្រធានក្រុមប្រឹក្សាអឺរ៉ុប នូវដំណើរបំពេញទស្សនកិច្ចក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ ហើយបន្ទាប់មក សម្ដេចបានអញ្ជើញបន្ត ការធ្វើទស្សនកិច្ច នៅប្រទេសគុយបា។ សម្ដេច បានអញ្ជើញប្រធានក្រុមប្រឹក្សាអឺរ៉ុបធ្វើទស្សនកិច្ចនៅកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំអាស៊ី-បូព៌ា នៅពេលខាងមុខនេះ ជាពិសេស កិច្ចសន្ទនាអាស៊ានពិភព លោកនៅកម្ពុជា។
សម្ដេចតេជោ បានមានប្រសាសន៍ពាក់ព័ន្ធនឹងសភាពការណ៍នៅមីយ៉ាន់ម៉ា កិច្ចខិតខំរបស់ សម្ដេចក្នុងការជួយមីយ៉ាន់ម៉ា។ សម្តេចតេជោថ្លែងថា ក្នុងក្របខណ្ឌ ជាប្រធានអាស៊ាននៅ ឆ្នាំ២០២២នេះ កម្ពុជា មានការប្រឈមជាច្រើន ដោយសារស្ថានភាពតំបន់ និងពិភពលោក ជាពិសេសដូចជាមីយ៉ាន់ម៉ាជាដើម ដោយសម្ដេចនឹងព្យាយាមខិតខំ ទោះបីជាមានការលំបាក យ៉ាងណាក៏ដោយ។
ពាក់ព័ន្ធនឹងសមុទ្រចិនខាងត្បូង សម្ដេចបានគូសបញ្ជាក់ថា ឆ្នាំនេះ គឺជាខួបលើកទី២០ នៃ សមុទ្រចិនខាងត្បូង ដែលបានចុះហត្ថលេខារវាងអាស៊ាន ជាមួយប្រទេសចិន នៅរាជធានីភ្នំពេញកាលពីឆ្នាំ២០០២។ សម្តេចបានប្រាប់ភ្ញៀវអឺរ៉ុបថា ក្នុងឆ្នាំ២០២២ អ្វីដែលសម្ដេចចង់ឃើញ គឺការបន្តអនុវត្តឲ្យបានពេញលេញនូវកិច្ចព្រមព្រៀងឯកសារ DOC ហើយសម្ដេចនៅ បានគូសបញ្ជាក់អំពីចំណុចសំខាន់ ក្នុងការខិតខំជំរុញការចរចា ដើម្បីឱ្យចេញនៅក្រម COC នៅពេលខាងមុខនេះ ទោះបីមានការលំបាកក៏ដោយ ។
លោក ឆាល មីស្ហែល Charles Michel បានចាត់ទុកទំនាក់ទំនងរវាងអឺរ៉ុប ជាមួយអាស៊ាន គឺមានសារៈសំខាន់ និងមន្ត្រីអឺរ៉ុបបានថ្លែងប្តេជ្ញាខិតខំរកមធ្យោបាយ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងអឺរ៉ុប ជាមួយនឹងអាស៊ាន បន្ថែមទៀត។ កិច្ចពិភាក្សាបានរំលែកនូវទស្សនៈអំពីភូមិសាស្ត្រនយោបាយរវាងសហរដ្ឋអាមេរិក និងចិន ក៏ដូចជាបញ្ហាទាក់ទងនឹងរុស្ស៊ីផងដែរ ៕