ក្រសួងបរិស្ថាន រៀបចំសិក្ខាសាលាស្តីពីយុទ្ធសាស្រ្ត និងវិធានការធ្វើឱ្យប្រសើរឡើង កិច្ចគាំពារបរិស្ថាន
ភ្នំពេញ៖ ក្រសួងបរិស្ថាន បានរៀបចំសិក្ខាសាលាស្តីពីយុទ្ធសាស្រ្ត និងវិធានការធ្វើឱ្យប្រសើរឡើងកិច្ចគាំពារបរិស្ថាន ក្រោមអធិបតីភាពឯកឧត្តម សៅ សុខភាព រដ្ឋលេខាធិការ តំណាងឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដោយមានការចូលរួមពីមន្រ្តីមកពីនាយកដ្ឋាន និងស្ថាប័នពាក់ព័ន្ឋជាច្រើននាក់ទៀត នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង។
ឯកឧត្តម ហេង ណារ៉េត អគ្គនាយកនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន បានឱ្យដឹងថា សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ដែលទាក់ទងទៅនឹងការងារពង្រឹងប្រសិទ្ធភាពគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន និងកំណត់ទិសដៅយុទ្ធសាស្ត្រឆ្ពោះទៅកាត់បន្ថយ និងលុបបំបាត់ការប្រើប្រាស់ប្លាស្ទិកនៅកម្ពុជា ការពង្រឹងប្រសិទ្ធភាពគ្រប់គ្រងការបំពុលទឹកនៃប្រភពទឹកសាធារណៈ ការរៀបចំយុទ្ធសាស្ត្រក្នុងការធ្វើឱ្យប្រសើរឡើង នូវគុណភាពខ្យល់ទីក្រុង និងការធ្វើឲ្យកាន់តែប្រសើរឡើងនូវនីតិវិធី នៃការរៀបចំពិនិត្យការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ផែនការគ្រប់គ្រងបរិស្ថាន និងកិច្ចការពារបរិស្ថាន។
ក្នុងឱកាសបើកសិក្ខាសាលា ឯកឧត្តម សៅ សុភាព មានប្រសាសន៍ថា កិច្ចគាំពារបរិស្ថាន គឺជាកិច្ចការដ៏មានសារសំខាន់មួយ ដែលក្រសួងបរិស្ថានបានផ្តោតការយកចិត្តទុកដាក់។ ជាក់ស្តែងក្នុងនាមរាជរដ្ឋាភិបាល ក្រសួងបរិស្ថានបានរៀបចំលិខិតបទដ្ឋានគតិយុត្តជាច្រើន សម្រាប់គាំទ្រដល់កិច្ចគាំពារបរិស្ថាន ដូចជា៖ អនុក្រឹត្យស្តីពីការការត្រួតពិនិត្យការបំពុលទឹក ការគ្រប់គ្រងសំរាម-សំណល់រឹងទីប្រជុំជន ការគ្រប់គ្រងថង់ប្លាស្ទិក ការគ្រប់គ្រងសំណល់បរិក្ខារអគ្គិសនី និងអេឡិចត្រូនិក ការគ្រប់គ្រងប្រព័ន្ធលូ និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ ការត្រួតពិនិត្យការបំពុលខ្យល់ និងការរំខានដោយសំឡេង អនុក្រឹត្យស្តីពីកិច្ចដំណើរការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងអនុក្រឹត្យស្តីពីការបង្កើតមូលនិធិបរិស្ថាន និងសង្គមជាដើម។
ទន្ទឹមនេះ ក្រសួងបានរៀបចំនូវគោលការណ៍ណែនាំបច្ចេកទេសពាក់ព័ន្ធកិច្ចគាំពារបរិស្ថាន និងកំពុងរៀបចំវិសោធនកម្មអនុក្រឹត្យមួយចំនួន និងពង្រាងអនុក្រឹត្យថ្មីបន្ថែមមួយចំនួនទៀត សំដៅពង្រឹងប្រសិទ្ធភាព និងធ្វើឱ្យប្រសើឡើងកិច្ចគាំពារបរិស្ថាន និងដើម្បីឆ្លើយតបស្ថានភាពនៃការអភិវឌ្ឍសង្គមនាពេលអនាគត។
ឯកឧត្តមរដ្ឋលេខាធិការ បញ្ជាក់ថា ដើម្បីធានានូវប្រសិទ្ធភាពនៃការអនុវត្តភារកិច្ចចម្បងនៃកិច្ចគាំពារបរិស្ថាន គ្រប់ក្រសួងស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការកំណត់បញ្ហាប្រឈម បញ្ហាអាទិភាព យុទ្ធសាស្រ្ត ទិសដៅការងារ កិច្ចសហការ និងដាក់ចេញនូវផែនការសកម្មភាពនិងថវិកា សំដៅចូលរួមទប់ស្កាត់ កាត់បន្ថយ និងស្តាការបំពុលបរិស្ថាន ការពារគុណភាពបរិស្ថាន រក្សាបាននូវបរិស្ថានល្អស្អាត និងការពារសុខុមាលភាពសាធារណៈ។
ឯកឧត្តម សៅ សុភាព សង្ឃឹមជឿងជាក់ថា តាមរយៈសិក្ខាសាលានេះ យើងនឹងទទួលបាននូវដំណោះស្រាយរួមលើគោលការណ៍ នីតិវិធីក្នុងការអនុវត្តភារកិច្ចទទួលខុសត្រូវរបស់ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និងដៃគូពាក់ព័ន្ធ ក្នុងការចូលរួមដាក់ចេញនូវផែនការយុទ្ធសាស្រ្ត ផែនការសកម្មភាព និងវិធានការជាក់ស្តែង ដែលនឹងរួមចំណែកធ្វើឱ្យប្រសើរឡើងកិច្ចគាំពារបរិស្ថាននៅកម្ពុជានាពេលអនាគត៕ធ.ដ