មនុស្ស៤នាក់ស្លាប់ដោយសារគ្រោះធម្មជាតិក្នុងខេត្តបន្ទាយមានជ័យ (Video Inside)
មនុស្ស៤នាក់បានស្លាប់ក្នុងក្រុងនិងស្រុកចំនួន៥ នៃខេត្តបន្ទាយមានជ័យដោយបញ្ហារងគ្រោះ នឹងទឹកជំនន់។ របាយការណ៍រដ្ឋបាលខេត្តបន្ទាយមានជ័យបានបញ្ជាក់ថាហេតុការណ៍ នៃគ្រោះធម្មជាតិនេះ បានប៉ះពាល់ដល់ប្រជាពលរដ្ឋប្រមាណជាង៧ពាន់គ្រួសារ និងមានមនុស្ស ស្លាប់៤នាក់។
ក្រុងនិងស្រុកទាំង៥ ដែលកំពុងជួបគ្រោះទឹកជំនន់នោះ រួមមានក្រុងសិរីសោភ័ណ ស្រុកមង្គលបូរី ស្រុកភ្នំស្រុក ស្រុកព្រះនេត្រព្រះ និងស្រុកម៉ាឡៃ ។ របាយការណ៍បានបន្តថា គ្រោះទឹកជំនន់នេះ បានប៉ះពាល់ពលរដ្ឋសរុបចំនួន ៧ពាន់៤៩១គ្រួសារ ដែលមានសមាជិកសរុបជាង ៣ម៉ែន៣ពាន់នាក់។
មនុស្សដែលត្រូវបាន ជម្លៀសទៅទី ទួលសុវត្ថិភាព មានចំនួន២៩៧គ្រួសារ, ទឹកជំនន់បានលិចស្រូវជាង២ម៉ឺន៦ពាន់ហិកតា, ដំឡូងមីជាង៩០០ហិកតា, វត្តអារាមចំនួន ២២, សាលារៀន៤១, មណ្ឌលសុខភាពចំនួន៣ និងផ្លូវចំនួន២៧៣កន្លែង ដែលស្មើនឹងប្រវែង ១៧ម៉ឺន២ពាន់២៣៣ម៉ែត្រ ។
យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម កម្ពុជាចាប់ពីថ្ងៃទី២៨ ដល់ ២៩ ខែកញ្ញា បាននិងទទួលរងឥទ្ធិពលពីព្យុះទី១៦ ឈ្មោះណូរុ។ ព្យុះណូរុ នេះបានសម្លាប់ មនុស្ស១០នាក់ក្នុងប្រទេសហ្វីលីពីន, បាត់ខ្លួនមនុស្ស៨នាក់ នៅមុនធ្វើដំណើរមកដល់វៀតណាម។
ក្នុងប្រទេសវៀតណាមនោះ ព្យុះណូរុ បានចុះថមថយឥទ្ធិពលមកនៅក្នុងកម្រិតវិសម្ពាធវិញ នៅថ្ងៃពុធនេះ ក្នុងល្បឿន១១៧គីឡូម៉ែត្រក្នុងមួយម៉ោង។ ព្យុះនេះកំពុងបន្តដំណើរ ចូលទៅប្រទេសឡាវ និងប្រទេសថៃថែមទៀតនាពេលនេះ។